សន្ដិសុខសង្គម

នគរបាលភ្នំពេញបង្ហាញមុខក្រុមចោរលួចប្រដាប់អាវុធយ៉ាងសកម្ម៧នាក់

ដោយ៖សហការី

ភ្នំពេញៈជនសង្ស័យចំនួន ៧នាក់ក្នុងនោះ៣នាក់ជាក្រុមចោរលួចប្រដាប់អាវុធធ្វើសកម្មភាពយ៉ាងសកម្មហើយបាញ់ជនរងគ្រោះឲ្យរបួសនៅក្នុងខណ្ឌដង្កោនិង៤នាក់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណៈកាលពីរសៀលថ្ងៃទី២០ ខែមករាឆ្នាំ ២០២៥ ។

ជនសង្ស័យដែលបង្ហាញមុខ១-ឈ្មោះ ឌួង វិបុល ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបូរីពិភពថ្មី ផ្ទះលេខ១៧ ផ្លូវលេខ២១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ,២-ឈ្មោះ សុំ បញ្ញា ហៅសួស បញ្ញា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ផ្ទះជួល ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ,៣-ឈ្មោះ ហេង ដារ៉ា ហៅគោ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ចំណែកជនសង្ស័យ៤នាក់ទៀតសមត្ថកិច្ចពុំឲ្យស្គាល់អត្តសញ្ញាណឡើយដែលពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន។

តាមនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង៣០ នាទី កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ចំនួន ៣ នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាព។នៅក្នុងប្រតិបត្តិការនោះដែរសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យ៤នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀនផងដែរ។

នគរបាលបានឲ្យដឹងងទៀតថា ជនសង្ស័យជាមុខសញ្ញាធ្វើសកម្មភាពយ៉ាងសកម្ម ចំនួន ១១ ករណី ៖នៅក្នុងនោះមាន១ករណីលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូហើយប្រើអាវុធខ្លីមិនស្គាល់ម៉ាកបាញ់ ចំនួន១គ្រាប់ត្រូវប្រអប់ជើងខាងឆ្វេងរបស់ជនរងគ្រោះរងរបួស),កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចតូបលក់កាហ្វេច្រកចូលផ្ទះសំណាក់ស្រែលឿង ផ្លូវបេតុង ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។

តាមនគរបាលបានឲ្យដឹងទៀតថា នៅក្នុងការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាPCX ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង១P-៧៧៥៥ ចំនួន១ គ្រឿងដែលតែងតែជិះធ្វើសកម្មភាព,ផ្លាកលេខម៉ូតូជាច្រើនបន្ទះ,ឧបករណ៍សម្រាប់ដោះផ្លាកលេខម៉ូតូមួយចំនួន ,គ្រាប់សម្រាប់កិបផ្លាកលេខម៉ូតូចំនួន១គូ និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕