ប្រែសម្រួល៖ ស-សម្បត្តិ
សេអ៊ូល៖ ប្រធានាធិបតីដែលត្រូវបានទម្លាក់ពីតំណែង លោក យូន សុកយុល បានមកដល់តុលាការជាលើកដំបូងនៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែមករាឆ្នាំ២០២៥ ដើម្បីចូលរួមសវនាការដែលនឹងសម្រេចថាតើត្រូវពន្យារការឃុំខ្លួនរបស់លោកឬយ៉ាងណា ខណៈដែលអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតករណីប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់លោក។
លោក យូន ដែលបានអះអាងថាការចាប់ខ្លួនលោកគឺខុសច្បាប់ បានធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពចលាចលកាលពីថ្ងៃទី៣ ខែធ្នូ នៅពេលលោកបានព្យាយាមផ្អាកការគ្រប់គ្រងរបស់ស៊ីវិល ដោយអ្នកដឹកនាំរូបនេះបានលើកហេតុផលថាចាំបាច់ត្រូវប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពី “ធាតុប្រឆាំងរដ្ឋ”។
អ្នកគាំទ្រដ៏ស្វិតស្វាញរបស់លោក យូន បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារតុលាការនៅថ្ងៃសៅរ៍ ហើយថែមទាំងបានព្យាយាមព័ទ្ធរថយន្តពណ៌ខៀវដែលដឹកជញ្ជូនមេដឹកនាំដែលត្រូវបានផ្អាកតំណែងនេះ តាមការឃើញរបស់អ្នកយកព័ត៌មាន AFP។
ការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹករបស់លោក យូន បានកើតឡើងត្រឹមតែប្រាំមួយម៉ោងប៉ុណ្ណោះ ដោយសមាជិកសភាបានបោះឆ្នោតច្រានចោល ទោះបីជាប្រធានាធិបតីបានបញ្ជាឱ្យទាហានវាយលុកចូលរដ្ឋសភាដើម្បីបញ្ឈប់ពួកគេក៏ដោយ។
ក្រោយមក លោកត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋសភា និងបានប្រឆាំងនឹងការចាប់ខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍ ដោយបានលាក់ខ្លួននៅក្នុងលំនៅដ្ឋានដែលមានការការពាររបស់លោក រហូតដល់ចុងក្រោយត្រូវបានឃាត់ខ្លួននៅថ្ងៃពុធក្នុងប្រតិបត្តិការចាប់ខ្លួននាពេលព្រលឹម។
លោក យូន ជាប្រធានាធិបតីដំបូងគេដែលកំពុងបម្រើការងារដែលត្រូវបានឃាត់ខ្លួន បានបដិសេធមិនសហការក្នុងអំឡុងពេល ៤៨ ម៉ោងដំបូងដែលអ្នកស៊ើបអង្កេតត្រូវបានអនុញ្ញាតឱ្យឃុំខ្លួនលោក។
ប៉ុន្តែប្រធានាធិបតីដែលត្រូវបានដកតំណែងនេះនៅតែស្ថិតក្នុងការឃុំឃាំង បន្ទាប់ពីអ្នកស៊ើបអង្កេតបានស្នើសុំដីកាថ្មីកាលពីថ្ងៃសុក្រ ដើម្បីពន្យារការឃុំខ្លួនរបស់លោក។
ចៅក្រមមួយរូបនៅតុលាការស្រុកភាគខាងលិចក្រុងសេអ៊ូល ត្រូវពិនិត្យសំណើនេះនៅក្នុងសវនាការនាម៉ោង ២ រសៀល ដោយការសម្រេចត្រូវបានរំពឹងថានឹងចេញនៅយប់ថ្ងៃសៅរ៍ ឬព្រឹកថ្ងៃអាទិត្យ។
មុនសវនាការ មេធាវីរបស់លោក យូន គឺលោក យូន កាប់គឺន បានប្រាប់ AFP ថា ប្រធានាធិបតីនឹងចូលរួម “ក្នុងគោលបំណងស្តារកិត្តិយសរបស់លោកឡើងវិញ”។
ប្រសិនបើត្រូវបានអនុម័ត ដីកាថ្មីនេះទំនងជានឹងពន្យារការឃុំខ្លួនលោក យូន រយៈពេល ២០ ថ្ងៃ ដោយផ្តល់ពេលវេលាឱ្យព្រះរាជអាជ្ញារៀបចំបណ្តឹងចោទប្រកាន់ជាផ្លូវការ។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) កំពុងស៊ើបអង្កេតលោក យូន ពីបទបះបោរប្រឆាំងរដ្ឋ ដែលជាបទចោទដែលអាចធ្វើឱ្យលោកជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត ប្រសិនបើរកឃើញថាមានពិរុទ្ធភាព។
- ភាពស្ងៀមស្ងាត់ក្នុងការឃុំខ្លួន
លោក យូន បាននិយាយកាលពីថ្ងៃពុធថា លោកបានយល់ព្រមចាកចេញពីបរិវេណលំនៅដ្ឋានរបស់លោក ដើម្បីជៀសវាង “ការបង្ហូរឈាម” ប៉ុន្តែលោកមិនទទួលស្គាល់ភាពស្របច្បាប់នៃការស៊ើបអង្កេតនេះទេ។
អ្នកគាំទ្ររបស់លោកបានជួបជុំគ្នានៅមុខតុលាការតាំងពីថ្ងៃសុក្រ ដោយកាន់ទង់ជាតិកូរ៉េខាងត្បូង និងអាមេរិក ហើយទាមទារឱ្យចៅក្រមច្រានចោលសំណើស្នើសុំពន្យារការឃុំខ្លួនប្រធានាធិបតី។
តុលាការបានបិទច្រកចូលរបស់ខ្លួនសម្រាប់សាធារណជននាល្ងាចថ្ងៃសុក្រ ដោយលើកហេតុផលពីកង្វល់ផ្នែកសុវត្ថិភាព។
លោក យូន បានបដិសេធមិនឆ្លើយនឹងសំណួររបស់អ្នកស៊ើបអង្កេត ដោយក្រុមមេធាវីរបស់លោកបាននិយាយថា ប្រធានាធិបតីបានពន្យល់ពីជំហររបស់លោកនៅពេលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃពុធ។
ប្រធានាធិបតីក៏បានអវត្តមានពីការស៊ើបអង្កេតស្របគ្នានៅតុលាការរដ្ឋធម្មនុញ្ញផងដែរ ដែលកំពុងពិចារណាថាតើត្រូវរក្សាការទម្លាក់ពីតំណែងរបស់លោកឬយ៉ាងណា។
ប្រសិនបើតុលាការសម្រេចប្រឆាំងនឹងលោក យូន លោកនឹងបាត់បង់តំណែងប្រធានាធិបតី ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៦០ ថ្ងៃ។
លោកមិនបានចូលរួមសវនាការពីរដំបូងនៅសប្តាហ៍នេះទេ ប៉ុន្តែការជំនុំជម្រះដែលអាចប្រព្រឹត្តទៅអស់រយៈពេលជាច្រើនខែ នឹងបន្តទោះបីជាគ្មានវត្តមានរបស់លោកក៏ដោយ។
ទោះបីជាលោក យូន បានឈ្នះការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២២ ក៏ដោយ គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំង មានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា បន្ទាប់ពីឈ្នះការបោះឆ្នោតសភាកាលពីឆ្នាំមុន។
គណបក្សប្រជាធិបតេយ្យបានអបអរការចាប់ខ្លួនប្រធានាធិបតី ដោយមន្ត្រីជាន់ខ្ពស់មួយរូបបានហៅវាថាជា “ជំហានដំបូង” ឆ្ពោះទៅរកការស្តាររបៀបរៀបរយតាមរដ្ឋធម្មនុញ្ញ និងច្បាប់ឡើងវិញ។
ខណៈដែលបញ្ហាប្រឈមប្រឆាំងនឹងមេដឹកនាំដែលកំពុងជួបវិបត្តិរូបនេះកើនឡើង រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់មួយនាយប់ថ្ងៃសុក្រ ដើម្បីចាប់ផ្តើមការស៊ើបអង្កេតដោយក្រុមប្រឹក្សាពិសេសមួយលើលោក យូន ទាក់ទងនឹងការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់លោក៕
ប្រភព៖ AFP/kl