សន្ដិសុខសង្គម

ឃាត់ខ្លួនតៃកុងរថយន្តបែនដែលបង្កឱ្យបុរសអ្នកបើករ៉ឺម៉កម៉ូតូម្នាក់ស្លា.ប់ដោយសារតែការវ៉ាជែង

 ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ សមត្ថកិច្ចនគរបាលបានសម្រេចឃាត់ខ្លួនបុរសជាអ្នកបើកបររថយន្តបែនម្នាក់ តាមបញ្ជារបស់លោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បន្ទាប់ពីបុរសរូបនេះ បានបើកបររថយន្តបង្កឱ្យបុរសជាអ្នកបើករ៉ឺម៉កម៉ូតូម្នាក់ស្លាប់ ដោយសារតែការបើកបរវ៉ាជែង កាលពីរសៀលថ្ងៃទី១៧ ខែមករា កន្លងទៅនេះ។

ប្រភពព័ត៌មានពីខេត្តត្បូងឃ្មុំបានឱ្យ CAMBODAI FLASH NEWS (CFN)  ដឹងនៅថ្ងៃទី១៨ មករានេះថា៖ បុរសដែលត្រូវឃាត់ខ្លួនក្នុងបទល្មើសចរាចរណ៍ខាងលើឈ្មោះ មាន ស្រីស្រស់ អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិចម្ការចេកទី១ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ រីឯជនរងគ្រោះជាបុរសអ្នកបើកបររ៉ឺម៉ក ដែលបានបាត់បង់ជីវិតនៅកន្លែងកើតហេតុឈ្មោះ លួត ប្រុស ហៅធំ អាយុ ៣៤ ឆ្នាំដែរ មានទីលំនៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី ១៧ មករា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ រវាងរថយន្តបែនធុនធំ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-6727បើកបរដោយឈ្មោះ មាន ស្រីស្រស់ និងរ៉ឺម៉កម៉ូតូកែច្នៃ សណ្តោងរ៉ឺម៉ក បណ្តាលឱ្យរថយន្ត និងម៉ូតូធ្លាក់ពីលើថ្នល់ ហើយស្លាប់អ្នកបើករ៉ឺម៉កឈ្មោះ លួត ប្រុស ហៅធំ នៅនឹងកន្លែង។ ភ្លាមៗនោះសមត្ថកិច្ចក៏បានចាត់វិធានការឃាត់ខ្លួនខាងអ្នកបើកបររថយន្តបែនតែម្តង៕