អន្តរជាតិ

ក្រុមហ៊ុន Apple ផ្អាកការប្រើប្រាស់ AI សង្ខេបព័ត៌មានសម្រាប់ iPhone ដោយសារកំហុសឆ្គង

ប្រែសម្រួល៖ តារា
សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Apple បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពកម្មវិធីកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១៦ ខែមករា) ដែលបានបិទមុខងារចំណងជើងព័ត៌មាន និងការសង្ខេបដែលបង្កើតដោយប្រើបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានរិះគន់ថាមានកំហុសឆ្គងលើការពិត។


ការសម្រេចចិត្តនេះធ្វើឡើងខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះកំពុងពង្រឹងឧបករណ៍ថ្មីៗរបស់ខ្លួនជាមួយ “Apple Intelligence” ក្នុងទីផ្សារ។
ការសម្រេចចិត្តរបស់ Apple ក្នុងការផ្អាកមុខងារ AI ដែលទើបតែដាក់ឱ្យប្រើប្រាស់ថ្មីៗនេះ កើតឡើងបន្ទាប់ពីស្ថានីយ BBC និងស្ថាប័នព័ត៌មានផ្សេងទៀតបានត្អូញត្អែរថា អ្នកប្រើប្រាស់ទទួលបានការជូនដំណឹងអំពីចំណងជើង ឬសេចក្តីសង្ខេបព័ត៌មានដែលមានកំហុសច្រើន ឬខុសទាំងស្រុង។


Apple បានដាក់ឱ្យប្រើប្រាស់ការធ្វើបច្ចុប្បន្នភាពដល់អ្នកអភិវឌ្ឍន៍ដែលកំពុងធ្វើការជាមួយកំណែសាកល្បងនៃកម្មវិធីរបស់ខ្លួន ដោយដកមុខងារ AI សម្រាប់ចំណងជើងព័ត៌មានចេញជាបណ្ដោះអាសន្ន។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះមានគម្រោងស្ដារមុខងារនេះឡើងវិញនៅពេលដែលវាដំណើរការបានត្រឹមត្រូវ និងបន្តដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ទាំងអស់។
Apple កាលពីខែមិថុនាឆ្នាំមុន បានបង្ហាញ iPhones ថ្មីដែលបំពាក់ដោយបញ្ញាសិប្បនិម្មិតប្រភេទ generative AI ដើម្បីជំរុញការលក់និងបង្ហាញថាខ្លួនកំពុងតាមទាន់ក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា។

ក្រុមហ៊ុននេះមានការរំពឹងទុកខ្ពស់លើ iPhone 16 ថ្មី និងសង្ឃឹមថាអតិថិជននឹងចាប់អារម្មណ៍ទិញម៉ូដែលថ្មីៗដោយសារសមត្ថភាព AI ថ្មីរបស់វា។
លោក Tim Cook នាយកប្រតិបត្តិរបស់ Apple បាននិយាយនៅក្នុងព្រឹត្តិការណ៍នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនក្នុង Silicon Valley ថា “យើងមានក្តីរំភើបក្នុងការណែនាំ iPhones ដំបូងដែលត្រូវបានរចនាឡើងពីមូលដ្ឋានសម្រាប់ Apple Intelligence និងសមត្ថភាពដ៏អស្ចារ្យរបស់វា”។

“Apple Intelligence” គឺជាកញ្ចប់មុខងារកម្មវិធីថ្មីសម្រាប់ឧបករណ៍ទាំងអស់ដែលត្រូវបានប្រកាសនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនក៏បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ផងដែរ។
ក្នុងរយៈពេលខ្លី សមត្ថភាពថ្មីៗទាំងនេះរួមមានការកែសម្រួលរូបភាពដោយប្រើ AI ការបកប្រែ និងការច្នៃប្រឌិតតូចតាចក្នុងការផ្ញើសារ ប៉ុន្តែមិនមែនជាការរីកចម្រើនដ៏អស្ចារ្យដែលបានសន្យាដោយក្រុមហ៊ុន AI ផ្សេងទៀត ដូចជា OpenAI ឬ Google នោះទេ។
មុខងារទាំងនេះស្រដៀងគ្នានឹងឧបករណ៍ដែលទើបតែចេញផ្សាយថ្មីៗដោយក្រុមហ៊ុន Meta, Microsoft និង Google ដែលអាចបង្កើតខ្លឹមសារល្អៗដោយគ្រាន់តែសួរសំណួរជាភាសាប្រចាំថ្ងៃ។

Google កាលពីឆ្នាំមុនបានចេញទូរសព្ទស្មាតហ្វូន Pixel 9 ដែលបំពាក់ដោយ AI ដែលជាការប្រកួតប្រជែងរបស់ខ្លួនជាមួយ iPhone។
ទូរសព្ទ Pixel មានចំណែកទីផ្សារតូចបំផុតនៃទីផ្សារស្មាតហ្វូនសកលដែលគ្រប់គ្រងដោយ Samsung និង Apple ប៉ុន្តែ Google បានអះអាងថា ាសែស្រឡាយថ្មីរបស់ខ្លួនគឺជាឱកាសក្នុងការឆ្លើយថា – បន្ទាប់ពីការផ្សព្វផ្សាយទាំងអស់ – តើ AI អាចធ្វើអ្វីបានសម្រាប់អតិថិជន។

Samsung ក៏បានបង្ហាញ AI នៅក្នុងផលិតផលរបស់ខ្លួន និងត្រូវបានរំពឹងថានឹងបង្ហាញទូរសព្ទស្មាតហ្វូន Galaxy ជំនាន់ថ្មីនៅក្នុងព្រឹត្តិការណ៍មួយនៅសប្តាហ៍ក្រោយនៅ Silicon Valley៕
ប្រភព៖ AFP/gs