សេដ្ឋកិច្ច

សមាគមសហគ្រិនវីម៉ូ(VMOVE)នៅកម្ពុជាដែលមានឯកឧត្តមសួនម៉ិជាប្រធានបានរៀបចំការជួបជុំម្ចាស់ជីវកម្មនិងចុះអនុស្សរណៈជាមួយដៃគូបរទេស

ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖ សមាគមសហគ្រិនវីម៉ូនៅកម្ពុជាបានរៀបចំកម្មវិធីជួបជុំជាមួយម្ចាស់អាជីវកម្មក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងចុះអនុស្សរណៈ (MOU) យោគយល់ជាមួយដៃគូថ្មី ដើម្បីឈានទៅពង្រីកនិងពង្រឹងអាជីវកម្មដល់សមាជិករបស់ខ្លួន។ កម្មវិធីនេះធ្វើឡើងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅអគារ Ur Hobby House ក្នុងរាជធានីភ្នំពេញ។

នៅក្នុងជំនួបម្ចាស់អាជីវកម្មជាតិ និងអន្តរជាតិ ព្រមទាំងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងសមាគមសហគ្រិនវីម៉ូនៅកម្ពុជា (VMOVE) និង iblooming មានអ្នកចូលរួមប្រមាណជិត ៥០ នាក់ និងមានម្ចាស់អាជីវកម្មមកពី ៥ប្រទេស មានដូចជា ចិន, តៃវ៉ាន់, សាំងហ្គាពួរ, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីមកឈ្វេងយល់បន្ថែមពីសក្តានុពលក៏ដូចជាការធ្វើអាជីវកម្មនៅកម្ពុជា។

(ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវិម៉ូនៅកម្ពុជា)

ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវិម៉ូនៅកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សមាគនេះមមានចក្ខុវិស័យ ទស្សនវិស័យ មានផែនការអាជីវកម្មច្បាស់លាស់ និងមានផ្លែតហ្វម១ ដែលជួយ និងជំរុញដល់ម្ចាស់អាជីវកម្ម ពិសេសសមាជិកឲ្យទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្មរបស់ខ្លួន។ ចក្ខុវិស័យរបស់សមាគមមាន ៣ គឺ ១ ជំរុញប្រមូលផ្ដុំ កៀរគរម្ចាស់អាជីវកម្ម ជួបគ្នាជួយគ្នា, ២ សមាគមបានផ្ដល់ឱកាសនៅក្នុងការចូលរួមបណ្តុះបណ្ដាលពង្រឹងអាជីវកម្ម និង ៣ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្ថែមថា នាពេលបច្ចុប្បន្ននេះ សមាគមមានសមាជិកពេញសិទ្ធិចំនួន ៩៩ នាក់ និងសមាជិកថ្មីចំនួន ៥ នាក់ គិតត្រឹមដើមឆ្នាំ២០២៥  នេះ។ ដោយសមាគមបានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍បាន ១២១ ដង ក្នុងនោះមានជាការប្រជុំប្រចាំសប្តាហ៍ និងប្រជុំប្រចាំខែ។

ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ ឯកឧត្តមបានលើកឡើងបន្ថែមថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដោយបានផ្ដល់ឲ្យសមាជិកសមាគមបានស្គាល់ និងចាប់ដៃគូសហការជាមួយក្រុមហ៊ុនវិនិយោគបរទេស ដែលមានបំណង និងមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ លើសពីនេះ ក៏ជាការបើកឱកាសឲ្យក្រុមហ៊ុនវិនិយោគបរទេស បានស្គាល់កាន់តែច្បាស់ពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា ការចុះ MOU ជាមួយ iblooming នាព្រឹកថ្ងៃទី១៧ ខែមករា នេះ គឺមានគោលបំណងរួមគ្នា ដើម្បីជំរុញការធ្វើអាជីវកម្មឲ្យកាន់តែមានវិសាលភាពទាំងក្នុងស្រុកនិងក្រៅស្រុក។

លើសពីនេះ ឯកឧត្តមប្រធានសមាគមសង្គត់ធ្ងន់ថែមទៀតថា “គោលបំណងនៃការចុះ MOU នាថ្ងៃនេះ គឺដើម្បីរុញសហគ្រិនរបស់យើងប្រកបដោយបរិយាបណ្ណមួយ ដើម្បីជួយសហគ្រិននៅក្រៅប្រទេសមួយចំនួនដែរ ដើម្បីជួយពួកគាត់ឲ្យទៅកាន់ global គោលបំណងសំខាន់របស់យើងគឺបណ្តុះបណ្តាលពួកគាត់ ឲ្យស្ថិតនៅក្នុង Platform មួយ ហើយ platform មួយដែលរុញឲ្យសហគ្រិនក្នុងប្រទេសកម្ពុជារបស់យើង ទៅកាន់ global ផងដែរ ហើយបច្ចុប្បន្ននេះ iblooming គាត់មានប្រពន្ធការគ្រប់គ្រងផ្សេងៗ មួយចំនួនហើយ យើងសហការជាមួយគ្នាក្នុងការជំរុញទៅលើការងារបណ្ដុះបណ្ដាលនេះ ដើម្បីឲ្យមានជាអន្តរជាតិ ហើយបច្ចុប្បន្ននេះសមាជិកដែលជាសហគ្រិនរបស់យើង កំពុងតែខិតខំធ្វើការនេះទាំងអស់គ្នា”។

“តំណាង iblooming ក៏បានមានប្រសាសន៍លើកឡើងដែរថា ការចុះ MOU នៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការធ្វើទំនាក់ទំនងគ្នា ទាំងក្នុងប្រទេសកម្ពុជា និងនៅលើសកលលោក ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ហើយ iblooming អាចជួយដល់អាជីវកម្មរបស់អ្នកទាំងអស់គ្នាបាន”។

តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ការធ្វើអាជីវកម្ម របស់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាម្ចាស់អាជីវកម្មដែលមកពីបរទេស នឹងមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត។ លើសពីនេះ គឺបានផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួនទៅកាន់ពិភពលោកបានស្គាល់ថែមទៀតផង។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមក៏បានបញ្ជាក់ដែរថា សមាគមនៅតែបន្តស្វែងរកម្ចាស់អាជីវកម្មដែលទាក់ទងទៅនឹង ម្ចាស់អគារ ឬការិយាល័យ, ម្ចាស់អាជីវកម្មហាងកាហ្វេ, ម្ចាស់បុរី, ម្ចាស់អាជីវកម្មផ្នែកបច្ចេកវិទ្យា, ម្ចាស់អាជីវកម្មផ្នែកចុងភៅ, ម្ចាស់អាជីវកម្មផ្នែកអចលនទ្រព្យ, ម្ចាស់អាជីវកម្មសេវាកម្មដឹកជញ្ជូន, អ្នកលក់សម្ភារៈសំណង់, សាលារៀន, សុខាភិបាល, លក់ម៉ូតូ-ឡាន, សេវាកម្មប្រឹក្សាយោបល់អាជីវកម្ម, សេវាកម្មកម្ចីឯកជន, និងវិស័យភោជនីយដ្ឋានជាដើម ដើម្បីចូលរួមជាមួយសមាគម ធ្វើអាជីវកម្មរួមគ្នា ជោគជ័យទាំងអស់គ្នា៕