ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង÷ មន្ត្រីជំនាញក្រសួងធនធានទឹក និងអ្នកជំនាញការកូរ៉េ បានចុះពិនិត្យវាយតម្លៃទំហំខូចខាតសំណង់ជើងទេរទំនប់ទឹកសាលាតាអនដែលបាក់ស្រុតក្រោយទឹកស្ទឹងស្រក ២ឆ្នាំជាប់ៗគ្នា។
លោក ខៃ សូដា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥នេះថា÷ ថ្មីៗកន្លងមកនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ត្រីជំនាញ ក៏ដូចជាអ្នកជំនាញការកូរ៉េ បានចុះមកសិក្សា និងវាយតម្លៃអំពីទំហំខូចខាតសំណង់ជើងទេរទំនប់សាលាតាអនដែលបាក់ស្រុតក្រោយទឹកស្ទឹងសង្កែស្រកចុះ។
ឆ្លងកាត់ការវាយតម្លៃនេះមន្ត្រីជំនាញកំពុងសិក្សាថាតើគួរទប់ស្កាត់ការរុញដីមកពីខាងក្រៅដោយរបៀបណាដើម្បីបញ្ចៀសការបាក់ស្រុត ព្រោះទីតាំងបាក់ស្រុតនេះជាគន្លងអូរចាស់ និងមានប្រភពទឹកធំៗនៅក្បែរ ជាហេតុនាំឲ្យមានទឹកជ្រាបតាមលំនាំអូរចាស់ ហើយរុញដីមកជាមួយទើបងាយប៉ះពាល់ខូចខាតដូចនេះ ម៉្យាងទៀតកាលពីសាងសង់ដំបូងអ្នកបច្ចេកទេសមិនអាចកាយយកដីអាក្រក់ចេញអស់ ពីព្រោះមានផ្លូវ និងផ្ទះប្រជាពលរដ្ឋច្រើន។
មន្ត្រីខាងលើបន្តថា÷ គម្រោងជួសជុលកែលម្អផ្នែកជើងទេរទំនប់ដែលខូចខាតប្រវែងប្រមាណ ១៥០ម៉ែត្រនេះដែរមិនអាចបង្អង់យូរបានទេប្រសិនបើមិនមានបញ្ហាថវិកា ព្រោះការជួសជុលធ្វើបានតែរវាងអំឡុងពេលនេះ ទៅដល់ខែកក្កដាប៉ុណ្ណោះ ខណៈបច្ចុប្បន្នកំពុងបើកការជួសជុលបណ្តើរៗហើយដែរដើម្បីទប់ស្កាត់ការបាក់ស្រុតបន្តទៀត។
សំណង់ទំនប់ស្ទាក់ទឹកសាលាអនឋិតនៅក្នុងស្រុកឯកភ្នំ ក្រោមកម្ចីថវិការបស់សាធារណរដ្ឋកូរ៉េ កសាងឡើងនៅក្នុងឆ្នាំ ២០១៨ និងបញ្ចប់គម្រោងសាងសង់នៅឆ្នាំ២០២១៕