ដោយ៖ ស-សម្បត្តិ
(ភ្នំពេញ)៖ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់«មហាសិរីវឌ្ឍន៍»ព្រះរាជាណាចក្រ ជូនឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែធ្នូ ឆ្នំា ២០២៤ ដែលបានប្រោសព្រះរាជទានគ្រឿង ឥស្សរិយយសលំដាប់ថ្នាក់ ប្រគេនព្រះសង្ឃ មន្ត្រីរាជការ និងសប្បុរសជនចំនួន១៩៤អង្គ/រូប ។
តាមរយ:កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តមសួន ម៉ិ បានឲ្យដឹងថា, ឯកឧត្តមគឺជាអតីតអ្នកបួសក្នុងព្រះពុទ្ធសាសនា បានសិក្សារៀនសូត្រនៅពុទ្ធិចំណេះដឹងអស់រយៈពេល១០ឆ្នាំ ។ ក្នុងនោះបានចូលរួមចំណែក កិច្ចការសង្គមមានដូចជា ការធ្វើសប្បុរសធម៌ បណ្ដុះបណ្ដាលសិស្សានុសិស្ស និស្សិតនិងផ្ដល់នូវអគារសិក្សា បណ្ណាល័យ និងបណ្ដុះធនធានមនុស្សឲ្យមានការតស៊ូប្រឹងប្រែងដូចរូបឯកឧត្តមដែរ ពីព្រោះឯកឧត្តមក៏ជាកូនអ្នកកសិករ គ្រួសារមានជីវភាពលំបាក។ តាមរយ:ការខិតខំប្រឹងប្រែងតស៊ូរហូតមកដល់បច្ចុប្បន្ននេះ បានដោយសារគុណនៃវត្តអារាម ធ្វើឲ្យឯកឧត្តមមានឱកាសបានបន្តការសិក្សារៀនសូត្រ បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈ កំពុងបន្តថ្នាក់ អនុបណ្ឌិត បណ្ឌិត បន្ថែមទៀត។
ឯកឧត្តមបានបន្តទៀតថា មានតែការរៀនសូត្រនិងចំណេះដឹងប៉ុណ្ណោះដែលអាចនាំខ្លួនឯងទៅរកភាពរីកចម្រើនបាន សូមលើកទឹកចិត្តឲ្យបងប្អូនខិតខំប្រឹងប្រែងរៀនសូត្រ ទោះគ្រួសារលំបាកយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ ឯកឧត្តមគឺជាស្ថាបនិកស្ថាប័នVMOVE គ្រុប និងជាប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា ហៅកាត់ថា(Vmove)មានសមាជិកជាសហគ្រិនពេញសិទ្ធិប្រមាណជិត200រូបផងដែរ ហើយសមាគមមួយនេះបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំសហគ្រិនដើម្បីបង្កើនទំនាក់ទំនងកសាងបណ្ដាញជួយគ្នាដើម្បីភាពរីកចម្រើនរួមគ្នា។
គួររំលឹកផងថា តាមរយ:ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការងារសង្គមនិងអភិវឌ្ឍន៍ប្រទេសជាតិ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់តែងតាំងឯកឧត្តមជា«ទីប្រឹក្សាផ្ទាល់»ផងដែរ៕