អន្តរជាតិ

មនុស្សយន្តដែលមានគំនិតច្នៃប្រឌិតពីយានសិប្បនិម្មិតលើព្រះចន្ទ អាចក្លាយជាដំណោះស្រាយសម្រាប់កសិករជប៉ុនវ័យចំណាស់

ប្រែសម្រួល៖ តារា
ប្រជាជនជប៉ុនមានវ័យចំណាស់ច្រើនជាងគេនៅលើពិភពលោក ដោយមានមនុស្សមួយភាគបីមានអាយុលើស៦៥ឆ្នាំ និងមួយក្នុងចំណោមដប់នាក់មានអាយុលើស៨០ឆ្នាំ ដោយសារការរួមផ្សំនៃអត្រាកំណើតទាប និងអាយុកាលរស់នៅវែង។
នេះមានឥទ្ធិពលដោយផ្ទាល់លើប្រជាជនក្នុងវ័យធ្វើការ – ដែលមានអាយុចន្លោះពី១៥ទៅ៦៤ឆ្នាំ – ដែលត្រូវបានព្យាករណ៍ថានឹងថយចុះចំនួន៣០លាននាក់ចន្លោះឆ្នាំ២០២០និង២០៧០។

វិស័យកសិកម្មទទួលរងផលប៉ះពាល់ខ្លាំងដោយបញ្ហានេះ៖ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ចំនួនអ្នកដែលប្រកបរបរកសិកម្មជាមុខរបរចម្បងបានថយចុះពាក់កណ្តាលរវាងឆ្នាំ២០០០និង២០២៣ ហើយអ្នកដែលមានអាយុក្រោម៦០ឆ្នាំមានត្រឹមតែប្រមាណ២០%នៃចំនួនសរុបប៉ុណ្ណោះ។

ដើម្បីដោះស្រាយកង្វះខាតនេះ រួមជាមួយនឹងគោលនយោបាយបើកទូលាយជាងមុនលើការអន្តោប្រវេសន៍និងភាពមានកូន ប្រទេសនេះកំពុងងាកទៅរកបច្ចេកវិទ្យាមនុស្សយន្តកាន់តែច្រើនឡើង ដើម្បីបំពេញបន្ថែមកម្លាំងពលកម្ម។

តាមីរ ប្លូម បានបង្កើតក្រុមហ៊ុន Kisui Tech នៅពេលគាត់នៅជានិស្សិតនៅឡើយក្នុងឆ្នាំ២០២១ – ដែលជាក្រុមហ៊ុនកំពុងប្រើប្រាស់បច្ចេកវិទ្យាពីការស្វែងយល់អវកាស ដើម្បីបង្កើតមនុស្សយន្តកសិកម្មដែលដំណើរការដោយបញ្ញាសិប្បនិម្មិត។ “ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ កសិករ៥០%បានចូលនិវត្តន៍ មានន័យថាមានបន្ទុកកាន់តែច្រើនឡើងទៅលើកសិករកាន់តែតិច ដើម្បីរក្សាការផ្គត់ផ្គង់ស្បៀងឱ្យមានស្ថិរភាព” គាត់និយាយ។

មនុស្សយន្តពាក់កណ្តាលស្វ័យប្រវត្តិនេះមានឈ្មោះថា Adam ហើយអាចដឹកជញ្ជូនផលិតផលដែលបានប្រមូលឆ្លងកាត់ភូមិសាស្ត្រលំបាកៗ ក៏ដូចជាកាត់ស្មៅ និងបាញ់ថ្នាំសម្លាប់សត្វល្អិតនៅវាលស្រែ។ លោក ប្លូម ដែលជាជនជាតិអ៊ីស្រាអែល-អាមេរិកាំង បានទៅទស្សនាប្រទេសជប៉ុនលើកដំបូងក្នុងឆ្នាំ២០១៥ ហើយត្រឡប់ទៅប្រទេសនេះវិញក្នុងឆ្នាំ២០១៨ សម្រាប់ការសិក្សាថ្នាក់បណ្ឌិត ដែលគាត់បានស្រាវជ្រាវអំពីយានសិប្បនិម្មិតលើព្រះចន្ទ និងសមត្ថភាពរបស់វាក្នុងការបើកបរឆ្លងកាត់ដីរលក និងមិនស្មើ។

“ក្នុងអំឡុងពេលសិក្សាថ្នាក់បណ្ឌិត ខ្ញុំបានធ្វើដំណើរច្រើននៅតាមជនបទជប៉ុន” គាត់និយាយ “អ្នកអាចដឹងពីការលំបាកយ៉ាងខ្លាំងដែលពួកគេជួបប្រទះជាមួយកង្វះខាតកម្លាំងពលកម្ម។ អ្នកឃើញផ្ទះបោះបង់ចោលជាច្រើន… កសិករចាស់ៗច្បាស់ណាស់… ខ្ញុំបានដឹងថាវាពិបាកប៉ុណ្ណា ហើយក៏ដឹងពីសក្តានុពលដ៏ធំសម្រាប់បច្ចេកវិទ្យាមនុស្សយន្តសម្រាប់ដីរដិបរដុបប្រភេទនេះដែលអាចយកមកអនុវត្ត ជាពិសេសសម្រាប់ចម្ការផ្លែឈើក្រៅផ្ទះ ដែលក៏មានដីរដិបរដុបច្រើនដែរ – ស្រដៀងនឹងអ្វីដែលខ្ញុំកំពុងស្រាវជ្រាវសម្រាប់មនុស្សយន្តអវកាស។”

Kisui Tech កំពុងធ្វើការជាមួយនាយកដ្ឋានកសិកម្មនៅសាកលវិទ្យាល័យឈីបា ក្បែរក្រុងតូក្យូ ក្នុងការអភិវឌ្ឍគំរូ Adam ពីរប្រភេទ – គំរូពេញទំហំ និងគំរូតូច – និងសាកល្បងវានៅក្នុងស្ថានភាពជាក់ស្តែងនៅតាមកសិដ្ឋាននានាជុំវិញប្រទេសជប៉ុន។

Adam ធំមានកម្ពស់៧០សង់ទីម៉ែត្រ និងប្រវែង១៨៨សង់ទីម៉ែត្រ ហើយត្រូវបានគេប្រើប្រាស់ជាចម្បងសម្រាប់កសិករដាំផ្លែប៉ោម និងផ្លែប៉ែរ ដោយមានរថយន្តដឹកទំនិញធំសម្រាប់ដឹកផលិតផល ឬជី។ Adam តូច ដែលមានទំហំប្រហែលមួយភាគបីនៃទំហំធំ គឺសម្រាប់ចម្ការទំពាំងបាយជូរ និងផ្លែទន្លាប់ ដែលដាំក្នុងជួរចង្អៀតជាង។ ជាមួយគ្នានឹងមនុស្សយន្តទាំងនេះ Kisui ក៏កំពុងអភិវឌ្ឍវេទិកាអនឡាញមួយដែលមានឈ្មោះថា Newton ដែលផ្តល់ការយល់ដឹងភ្លាមៗដល់កសិករអំពីដំណាំ ជំងឺ និងការគ្រប់គ្រងកសិដ្ឋាន។ Adam ត្រូវបានរំពឹងថានឹងលក់ក្នុងតម្លៃប្រមាណ២០,០០០ដុល្លារនៅលើទីផ្សារអន្តរជាតិ។

“ខ្ញុំពិតជាមានការភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់កសិករ” លោក ប្លូម និយាយ “ព្រោះនៅជប៉ុន ខ្ញុំគិតថាមនុស្សភាគច្រើននឹងមានការយល់ឃើញថាកសិករមានលក្ខណៈប្រពៃណីខ្លាំង៖ ពួកគេមិនចូលចិត្តបច្ចេកវិទ្យា ពួកគេមិនព្រមសាកល្បងរបស់ថ្មីៗទេ។ ទោះយ៉ាងណា… ពួកគេបានទទួលយកយ៉ាងល្អ ព្រមផ្តល់ដំបូន្មាន និងព្រមសាកល្បង Adam។”

Adam កំពុងខិតជិតដល់ការដាក់លក់លើទីផ្សារ ហើយត្រូវបានកែប្រែយ៉ាងខ្លាំងពីគំរូដំបូង ដោយផ្អែកលើមតិយោបល់ពីកសិករ។ ឧទាហរណ៍ អេក្រង់ប៉ះត្រូវបានជំនួសដោយផ្ទាំងដែលមានប៊ូតុងរូបវន្ត ព្រោះកសិករច្រើនតែពាក់ស្រោមដៃ ដែលមិនដំណើរការល្អជាមួយអេក្រង់ប៉ះ។

Kisui ទើបតែបញ្ចប់ការបង្ហាញគំនិតដែលមានការបង់ប្រាក់លើកដំបូងរបស់ខ្លួន ដើម្បីធ្វើស្វ័យប្រវត្តិកម្មការល្បាត និងការប្រមូលទិន្នន័យនៅរោងចក្រថាមពលព្រះអាទិត្យសម្រាប់ក្រុមហ៊ុនថាមពលជប៉ុនមួយ។ លោក ប្លូម និយាយថា ក្រុមហ៊ុនក៏បានទទួលសំណើពីឧស្សាហកម្មសំណង់ផងដែរ ដែលចង់ប្រើប្រាស់មនុស្សយន្តនេះសម្រាប់ការល្បាត សន្តិសុខ និងការដឹកជញ្ជូនទំនិញធ្ងន់ៗ។

“យើងមើលឃើញថា Adam គឺជាឧបករណ៍មួយ មិនមែនសម្រាប់តែកសិកម្មទេ ប៉ុន្តែសម្រាប់ការងារក្រៅផ្ទះទាំងអស់” លោក ប្លូម បាននិយាយ៕