កម្សាន្ដ

មជ្ឈមណ្ឌលប្រាសាទមាសភ្នំទ្វារនឹងក្លាយជាទីទេសចរណ៍ដ៏ទាក់ទាញនាពេលដ៏ខ្លីខាងមុខ

ដោយ៖ កំចាយ

កំពត÷ មជ្ឈមណ្ឌលសំណង់ប្រាសាទមាសលើភ្នំទ្វារក្នុងទឹកដីភូមិល្អាង ឃុំល្អាង ស្រុកដងទង់ កន្លែងតម្កល់រូបសំណាកលោកយាយម៉ៅនឹងបានជាទីដ៏ស័ក្តិសមដើម្បីពុទ្ធបរិស័ទគោរពប្រណិប័តន៍តាមជំនឿ។ ក្រោយបើកឲ្យដំណើរការជាផ្លូវការ តំបន់ជុំវិញបរិវេណប្រាសាទមាសនៅលើកំពូលភ្នំទ្វារដែលមានខ្យល់អាកាសបរិសុទ្ធ អាចមើលឃើញទេសភាពជួរភ្នំ និងទិដ្ឋភាពនៃក្រុងកំពតយ៉ាងស្រស់ស្អាតនោះនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ទាក់ទាញបំផុត។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពត រួមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទបានជួបជុំធ្វើពិធីរំកិលរូបសំណាកលោកជំទាវម៉ៅឆ្ពោះទៅទីអាសនៈក្នុងប្រាសាទមាសស្ថិតនៅលើកំពូលភ្នំទ្វារ។

លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបានមានប្រសាសន៍ថា ការសាងសង់ប្រាសាទមាសតម្កល់រូបសំណាកលោកយាយម៉ៅលើកំពូលភ្នំទ្វារគឺក្នុងគោលដៅអភិរក្ស និងជាការកសាងកន្លែងគោរពប្រណិប័តន៍ជំនឿឲ្យបានស័ក្តិសម ដ្បិតនៅទីនេះមានទីធ្លាធំទូលាយសម្រាប់ប្រជាពុទ្ធបរិស័ទគោរពបូជា។ ដោយឡែក ទីតាំងអាស្រមលោកយាយម៉ៅចាស់ត្រូវបានរក្សាទុកនៅដដែល។ លោកប្រធានមន្ទីរបានបន្តថា ការសាងសង់ប្រាសាទមាសនៅលើភ្នំនេះជាការពង្រីកទីធ្លាឲ្យបានធំជាងមុនដើម្បីប្រជាពុទ្ធបរិស័ទងាយស្រួលក្នុងការគោរពប្រណិប័តន៍ និងថ្វាយបង្គំ ឬធ្វើពិធីសក្ការបូជាផ្សេងៗ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា ជារឿងមួយដ៏ល្អសម្រាប់ខេត្តកំពតដែលប្រាសាទមាសលោកជំទាវម៉ៅត្រូវបានសាងសង់នៅលើកំពូលភ្នំទ្វារនេះ។ ប្រាសាទមាសនឹងរួមចំណែកយ៉ាងសំខាន់សម្រាប់វិស័យទេសចរណ៍បែបជំនឿសាសនា ព្រោះទីតាំងនេះមានសក្តានុពលធម្មជាតិស្រាប់ដែលជាអំណោយផលដល់ការទាក់ទាញភ្ញៀវទេសចរ។ លោកប្រធានមន្ទីរបានបន្តថា ក្រោយសាងសង់រួចរាល់ និងដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលប្រាសាទមាសនឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀតរបស់ខេត្តកំពត។ នៅលើកំពូលភ្នំទ្វារ ឬតំបន់បរិវេណជុំវិញប្រាសាទមាសមានខ្យល់អាកាសបរិសុទ្ធ អាចទស្សនាទេសភាពជួរភ្នំ និងទិដ្ឋភាពនៃក្រុងកំពតយ៉ាងស្រស់ស្អាត ព្រមទាំងគយគន់ថ្ងៃរះ ថ្ងៃលិច ពិសេសមើលឃើញផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយទៀតផង៕