ព័ត៌មានជាតិ

ផ្សព្វផ្សាយលទ្ធផលការអនុវត្តតួនាទី ការធ្វើកំណែទម្រង់ និងការកសាងអង្គភាពអាវុធហត្ថឆ្នាំ២០២៤,ផែនការឆ្នាំ២០២៥ និងពិធីបំពាក់ ការតែងតាំង ផ្លាស់ផ្ទេរភារកិច្ច

ដោយ :  បន្ទាយ

បន្ទាយមានជ័យ : នៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការកម្មវិធីសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥ និងពិធីបំពាក់ឋានន្តរសក្តិ ការតែងតាំងផ្លាស់ប្តូរមុខងារ ផ្ទេរភារកិច្ច នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង០៩ និងប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងរាជអាវុធហត្ថ ចល័ត។ ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន  នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹក ។

លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន  ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និង នាយទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យរបស់កងយោធពលខេមរភូមិន្ទ ឱ្យបានខ្ជាប់ខ្ជួន ។ជាពិសេសមិនត្រូវពាក់ព័ន្ធ ឬនៅពីក្រោយខ្នងនៃបទល្មើសណាមួយឡើយ បើក្នុងករណីរកឃើញថាមានមន្ត្រីកងអាវុធហត្ថណាដែលជាប់ពាក់ព័ន្ធ នឹងមានវិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ហើយការបង្រ្កាបក្មេងទំនើងគ្រប់ការិយាល័យជំនាញនិងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ ត្រូវអនុវត្តឧ្យបានតឹងរ៉ឹងបំផុត៕