សន្ដិសុខសង្គម

កសិករជាច្រើននាក់ក្នុងឃុំព្រៃតូចយកគោយន្ត ការុងស្រូវបិទផ្លូវជាតិសុំឲ្យមន្ត្រីជំនាញជួយដំឡើងថ្លៃស្រូវ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ កសិករជាច្រើននាក់នៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី បាននាំគ្នាយកគោយន្ត ព្រមទាំងការុងស្រូវបិទចរាចរណ៍ផ្លួវជាតិលេខ ៥ ស្នើសុំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឲ្យជួយអន្តរាគមន៍ដំឡើងថ្លៃស្រូវ ខណ:បច្ចុប្បន្នធ្លាក់ទាបមិនរួចថ្លៃដើម។

នៅរសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥នេះ បងប្អូនប្រជាកសិករដែលរស់នៅក្នុងភូមិព្រៃឫស្សី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់សិបនាក់បាននាំគ្នាចេញមកធ្វើសកម្មភាពបិទចរាចរណ៍ ដោយយកគោយន្តជាច្រើនគ្រឿង និងដាក់ការុងស្រូវជាច្រើនទៀតបិទកំណាត់ផ្លូវជាតិលេខ៥ បង្កការរាំងស្ទះការធ្វើដំណើរប្រមាណជា ១០ នាទី ដោយគ្រប់គ្នាបានស្រែកបន្លឺឡើងទទូចសុំឲ្យក្រសួងកសិកម្មជួយអន្តរាគមន៍ជំរុញថ្លៃស្រូវឲ្យខ្ពស់ជាងបច្ចុប្បន្ន ពុំនោះទេកសិករនឹងបង់ខាតមិនអាចទ្រោលនឹងជីវភាពបានឡើយ។

កសិករក្នុងក្បួនបិទផ្លូវខាងលើបានបន្តថា÷ ដោយសារតម្លៃស្រូវបច្ចុប្បន្នធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ទើបបណ្តាលចិត្តឲ្យពួកគាត់បង្ខំចិត្តបិទផ្លូវដោយសន្តិវិធីប្រមាណជា ១០នាទី ដើម្បីស្នើសុំដល់ថ្នាក់ដឹកនាំ  ក៏ដូចជាក្រសួងកសិកម្មជួយអន្តរាគមន៍ជំរុញឲ្យថ្លៃស្រូវឲ្យងើបឡើងខ្ពស់ជាងបច្ចុប្បន្ន ពីព្រោះចំពោះមុខប្រជាកសិករកំពុងមានជីវភាពខ្វះខាត ជំពាក់ថ្លៃជី ថ្លៃពូជ ថ្លៃភ្ជួររាស់ជាច្រើនទៀត រួមទាំងធនាគារផងដែរ ដោយសង្ឃឹមលើតែតម្លៃស្រូវម៉្យាងគត់ ពុំនោះទេពួកគាត់ប្រឈមនឹងការធ្វើចំណាកស្រុកជាក់ជាមិនខាន។

ប្រភពពីកសិករមួយរូបផ្សេងទៀតមកពីឃុំកំពង់ព្រៀង ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងដែរថា÷ បច្ចុប្បន្ននេះតម្លៃស្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយក្នុងមួយថ្ងៃៗធ្លាក់ចុះពី ៥ ទៅ៧លេខ ខណ:តម្លៃស្រូវព្រឹកមិញនេះចំពោះប្រភេទស្រូវអូអឹម ៥៤-៥១ មានតម្លៃពី ៧៧០ ទៅ ៧៩០រៀល រីឯប្រភេទស្រូវស្រងែស្រាល មានតម្លៃពី ៩៥០រៀលក្នុងមួយគីឡួក្រាម ( ស្រូវលេខ ២ ) ចំណែកស្រូវល្អលេខ១ មានតម្លៃចាប់ពី ៩៦០ ទៅ៩៧០រៀលក្នុងមួយគីឡូក្រាម។

ស្ត្រីកសិកររូបនេះបញ្ជាក់ឲ្យដឹងបន្តថា÷ កសិផលស្រូវក្នុងទីផ្សារពេលនេះលក់បានតម្លៃចាប់ពី ១០០០រៀលឡើងទៅក្នុងមួយគីឡូក្រាមទើបកសិករទទួលបានប្រាក់ចំណេញ ប៉ុន្តែបើលក់បានក្រោម ១០០០រៀលក្នុងមួយគីឡូក្រាមហើយនោះនឹងខាតថ្លៃដើមជំពាក់ចិនវ័ណ្ឌកហើយ៕