អន្តរជាតិ

ហ្វីលីពីនដាក់ពាក្យតវ៉ាប្រឆាំងនឹង «សកម្មភាពបង្កើនភាពតានតឹង» របស់ប៉េកាំងនៅសមុទ្រចិនខាងត្បូង

ប្រែសម្រួល៖ ស-សម្បត្តិ

ក្រុងម៉ានីល៖ នៅថ្ងៃចន្ទ (ថ្ងៃទី១៣ ខែមករា) ហ្វីលីពីនបានអំពាវនាវឲ្យប៉េកាំងបញ្ឈប់ «សកម្មភាពបង្កើនភាពតានតឹង» នៅល្បាក់មួយក្នុងសមុទ្រចិនខាងត្បូង ហើយបានថ្លែងថា ការតវ៉ាមួយត្រូវបានដាក់ជូនទាក់ទងនឹងវត្តមាននៃកងរក្សាឆ្នេរ កងកម្លាំងការពារ និងកងទ័ពជើងទឹកចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

ការតវ៉ានេះកើតចេញពីវត្តមាននៃនាវាកងរក្សាឆ្នេរចំនួនពីរគ្រឿងនៅថ្ងៃទី៥ និងថ្ងៃទី១០ ខែមករា នៅក្នុងនិងជុំវិញល្បាក់ស្ការបូរ៉ូដែលជាតំបន់ជម្លោះ ក្នុងនោះមាននាវាមួយគ្រឿងមានប្រវែង១៦៥ម៉ែត្រ ដែលហ្វីលីពីនហៅថា «បិសាច»។ ហ្វីលីពីនបានឲ្យដឹងថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកចិនក៏ត្រូវបានប្រើប្រាស់នៅក្នុងតំបន់នោះផងដែរ។

«សកម្មភាពបង្កើនភាពតានតឹងរបស់នាវា និងយន្តហោះទាំងនេះមិនគោរពច្បាប់ហ្វីលីពីន និងច្បាប់អន្តរជាតិ» នេះបើយោងតាមក្រុមប្រឹក្សាសមុទ្រជាតិហ្វីលីពីន ដែលជាក្រុមអន្តរទីភ្នាក់ងារមានភារកិច្ចការពារផលប្រយោជន៍របស់ប្រទេសនៅសមុទ្រ។

«ចិនគួរតែណែនាំនាវារបស់ខ្លួនឲ្យបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ដែលរំលោភសិទ្ធិអធិបតេយ្យរបស់ហ្វីលីពីននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សានេះ។

ស្ថានទូតចិនប្រចាំក្រុងម៉ានីលមិនទាន់បានឆ្លើយតបភ្លាមៗទៅនឹងសំណើរសុំការអត្ថាធិប្បាយនៅឡើយទេ។ ចិនអះអាងថា ល្បាក់ស្ការបូរ៉ូគឺជាទឹកដីរបស់ខ្លួន ហើយបានចោទប្រកាន់ហ្វីលីពីនថាបានរំលោភចូលទឹកដី។

ភាពតានតឹងរវាងចិននិងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយមានការប៉ះទង្គិចគ្នាជាញឹកញាប់រវាងកងរក្សាឆ្នេររបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនអះអាងអធិបតេយ្យភាពស្ទើរតែទាំងស្រុង។

សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណង់ ម៉ាកូស ជ្រ. បានធ្វើការសន្ទនាតាមវីដេអូជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្គេរុ អ៊ីស៊ីបា ដែលមេដឹកនាំទាំងបីបានពិភាក្សាអំពីឥរិយាបថរបស់ចិននៅសមុទ្រចិនខាងត្បូង។

ការទាមទាររបស់ចិនដែលមានវិសាលភាពធំធេងជាន់គ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ផ្លូវទឹកដែលមានជម្លោះនេះគឺជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រដែលមានពាណិជ្ជកម្មប្រចាំឆ្នាំប្រមាណ៣ទ្រីលានដុល្លារអាមេរិក។

សាលក្រមឆ្នាំ២០១៦របស់សាលាកំពូលអន្តរជាតិបានថ្លែងថា ការទាមទាររបស់ប៉េកាំងដែលផ្អែកលើផែនទីប្រវត្តិសាស្ត្ររបស់ខ្លួន គ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិទេ ជាសេចក្តីសម្រេចមួយដែលចិនមិនទទួលស្គាល់៕

ប្រភព៖ Reuters/dy