ប្រែសម្រួល៖ រតនា
ទីក្រុងតៃប៉ិ៖ ការិយាល័យស៊ើបការណ៍តៃវ៉ាន់បាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សំខាន់របស់ចិនកំពុងធ្វើការជាមួយក្រុមឧក្រិដ្ឋជន ក្រុមហ៊ុនស្រមោល និងដៃគូគួរឲ្យសង្ស័យផ្សេងទៀត ដើម្បីប្រមូលព័ត៌មានស៊ើបការណ៍អំពីការការពាររបស់តៃវ៉ាន់ ដែលបណ្តាលឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកដែលត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ការស៊ើបការណ៍នៅលើកោះនេះ។
បុគ្គលិកយោធាតៃវ៉ាន់បច្ចុប្បន្ន និងអតីតកាល គឺជាការព្រួយបារម្ភពិសេស ដោយរួមចំណែកប្រហែលពាក់កណ្តាលនៃចារកម្មជាប់សង្ស័យចំនួន ៦៤នាក់ ដែលត្រូវបានកាត់ទោសកាលពីឆ្នាំមុន។ ចំនួននេះបានកើនឡើងពី ១៦នាក់ក្នុងឆ្នាំ២០២១ និង ១០នាក់ក្នុងឆ្នាំ២០២២។ ការចាប់ខ្លួនទាំងនេះស្របទៅនឹងយុទ្ធនាការដែលបានបង្កើនឡើងរបស់ចិនក្នុងការបំភិតបំភ័យផ្នែកយោធា ការបង្ខិតបង្ខំសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ “តំបន់ប្រផេះ” ដូចជាការប្រើប្រាស់អ៊ីនធឺណិតដើម្បីលើកកម្ពស់ការរួបរួម និងការផ្តល់ដំណើរកម្សាន្តទៅចិនដោយឥតគិតថ្លៃដល់មន្ត្រីរដ្ឋាភិបាលកម្រិតទាប។
យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយនាចុងសប្តាហ៍នេះដោយការិយាល័យសន្តិសុខជាតិតៃវ៉ាន់ ភ្នាក់ងារចិនបានព្យាយាមប្រើប្រាស់ក្រុមឧក្រិដ្ឋជនតៃវ៉ាន់ដើម្បីផ្ទេរថវិកាទៅអ្នកដែលមានព័ត៌មានដើម្បីលក់។ ក្រុមឧក្រិដ្ឋជន ដែលភាគច្រើនមានប្រភពដើមតាំងពីមុនការបែកបាក់រវាងភាគីទាំងពីរក្នុងឆ្នាំ១៩៤៩ ត្រូវបានស្វែងរក រួមជាមួយក្រុមអ្នកចងការប្រាក់ ក្រុមហ៊ុនស្រមោលដែលអាចប្រើប្រាស់សម្រាប់សម្អាតប្រាក់ ក្រុមសាសនាដែលពេលខ្លះចូលរួមក្នុងសកម្មភាពខុសច្បាប់ និងក្រុមអង្គការមិនរកប្រាក់ចំណេញ។
ការទូទាត់មួយចំនួនត្រូវបានធ្វើឡើងជារូបិយប័ណ្ណគ្រីបតូ ខណៈដែលវិធីសាស្ត្របែបបុរាណក៏ត្រូវបានប្រើប្រាស់ផងដែរ ដូចជាការល្បួងផ្លូវភេទដើម្បីចាប់គោលដៅដែលមិនបានសង្ស័យ និងបង្ខំពួកគេឲ្យបង្ហាញការសម្ងាត់។ នេះគឺជាករណីរបស់នាយឧត្តមសេនីយ៍ឡូ សៀនឆេ ដែលត្រូវបានចាប់បានក្នុងផែនការបែបនេះ ខណៈពេលប្រចាំការនៅប្រទេសថៃ។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន មានមនុស្ស ២៣នាក់ដែលធ្វើការរួមគ្នាក្នុងបណ្តាញចារកម្ម ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។ ទីភ្នាក់ងារស៊ើបការណ៍សំខាន់របស់ចិន គឺក្រសួងសន្តិសុខរដ្ឋ ដំណើរការកម្មវិធីដែលពឹងផ្អែកលើសិល្បៈចារកម្មបែបប្រពៃណី និងការវាយប្រហារតាមអ៊ីនធឺណិត រួមជាមួយស៊ើបការណ៍យោធា ខណៈដែលផ្នែកសាមគ្គីភាពរួមរបស់គណបក្សដំណើរការយុទ្ធនាការឃោសនា។
គណបក្សកុម្មុយនិស្តចិនដែលកាន់អំណាច ដែលបដិសេធការទាក់ទងភាគច្រើនជាមួយគណបក្សប្រជាធិបតេយ្យក្រុងប្រជាជនដែលកំពុងគ្រប់គ្រងតៃវ៉ាន់ មានទំនាក់ទំនងញឹកញាប់ជាមួយគណបក្សជាតិនិយមប្រឆាំងសំខាន់។ យុទ្ធសាស្ត្ររបស់ចិនប្រហែលជាមានឥទ្ធិពលខ្លះលើការបោះឆ្នោតមូលដ្ឋាន ប៉ុន្តេគណបក្សប្រជាធិបតេយ្យក្រុងប្រជាជនហាក់បីដូចជានៅតែគ្រប់គ្រងយ៉ាងរឹងមាំ ហើយប្រជាជនតៃវ៉ាន់ភាគច្រើនបំផុតនៅតែគាំទ្រការរក្សាឯករាជ្យភាពជាក់ស្តែងរបស់ពួកគេ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។
ការជ្រើសរើសបុគ្គលិកយោធាចូលនិវត្តន៍របស់ចិនត្រូវបានសម្រួលដោយសារតែមនុស្សជាច្រើនកើតនៅចិនដីគោក និងគាំទ្រការរួបរួមរវាងតៃវ៉ាន់និងដីគោក។ រដ្ឋាភិបាលតៃវ៉ាន់បានអនុម័តកំណត់ពេលវេលាថាតើពេលណាដែលមន្ត្រីជាន់ខ្ពស់ចូលនិវត្តន៍អាចទៅដីគោក និងក្រោមកាលៈទេសៈណាខ្លះ ក្នុងការព្យាយាមបង្ការការជ្រើសរើសពួកគេ៕
ប្រភព៖ AP/ec