អន្តរជាតិ

ចោរប្លន់នៅអាមេរិកបន្លំស្លៀកពាក់ជាអ្នកពន្លត់អគ្គិភ័យដើម្បីប្លន់ជនរងគ្រោះដោយភ្លើងឆេះ

ប្រែសម្រួល៖ រតនា

យោងតាមប៉ូលិសបានឱ្យដឹងកាលពីថ្ងៃអាទិត្យទី១២ ខែមករា ឆ្នាំ២០២៥ថា មានចោរប្លន់បានក្លែងខ្លួនធ្វើជាអ្នកពន្លត់អគ្គិភ័យដើម្បីប្លន់ទ្រព្យសម្បត្តិនៅតំបន់ម៉ាលីប៊ូ ដែលរងការខូចខាតដោយអគ្គិភ័យ។

ជនសង្ស័យគឺជាមនុស្សក្នុងចំណោមជនល្មើសជាង២០នាក់ដែលត្រូវបានចាប់ខ្លួន ខណៈដែលអគ្គិភ័យដ៏ធំកំពុងឆាបឆេះតំបន់ឡូសអេនជេឡេស ដោយជនជម្លៀសព្រួយបារម្ភអំពីសុវត្ថិភាពផ្ទះសំបែងដែលពួកគេត្រូវបានបង្ខំឱ្យចាកចេញនោះ។

មន្រ្តីនគរបាលឡូសអេនជេឡេស រ៉ូបឺត លូណា បានមានប្រសាសន៍ថា កងកម្លាំងរបស់លោកបានឃាត់ខ្លួនបុរសរូបនោះនៅក្នុងតំបន់ជម្លៀសដោយសារភ្លើងឆេះ Palisades ដែលលាតសន្ធឹងដល់តំបន់ម៉ាលីប៊ូ។

“ខ្ញុំបានឃើញជនសង្ស័យដែលមើលទៅដូចជាអ្នកពន្លត់អគ្គិភ័យ ហើយខ្ញុំបានសួរថាតើមានបញ្ហាអ្វីទេ ព្រោះគាត់កំពុងអង្គុយ” លោក លូណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ។

“ខ្ញុំមិនបានដឹងថាយើងបានដាក់ខ្នោះដៃគាត់ទេ។ យើងកំពុងប្រគល់គាត់ទៅឱ្យ (នាយកដ្ឋានប៉ូលិសឡូសអេនជេឡេស) ព្រោះគាត់ស្លៀកពាក់ដូចជាអ្នកពន្លត់អគ្គិភ័យ ប៉ុន្តែគាត់មិនមែនជាអ្នកពន្លត់អគ្គិភ័យទេ។” “គាត់ទើបតែត្រូវចាប់បានពេលកំពុង(លួចប្លន់)ផ្ទះមួយ។”

លោក ជីម ម៉ាក់ដូណែល អគ្គស្នងការនៃនាយកដ្ឋានប៉ូលិសឡូសអេនជេឡេស បានឱ្យដឹងថា មន្ត្រីស៊ើបអង្កេតបានរកឃើញថា គាត់គឺជាម្នាក់ក្នុងចំណោមមនុស្សបីនាក់ដែលបានបើកបររថយន្តជុំវិញសង្កាត់ដែលត្រូវបំផ្លាញដោយអគ្គិភ័យនោះ។

បម្រាមធ្វើដំណើរពេលយប់ត្រូវបានដាក់ឱ្យអនុវត្តនៅទូទាំងតំបន់គ្រោះមហន្តរាយជុំវិញ Pacific Palisades និង Altadena ដែលអគ្គិភ័យពីរកន្លែងបានបំផ្លាញសហគមន៍ទាំងមូល។

មន្ត្រីក្រុងបានព្រមានជាច្រើនលើកថា ជនណាដែលស្ថិតនៅក្នុងតំបន់ជម្លៀសចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹកនឹងត្រូវចាប់ខ្លួន។

សម្រាប់បុរសដែលត្រូវបានចោទប្រកាន់ថាបានប្លន់ជនរងគ្រោះដោយក្លែងខ្លួនជាអ្នកឆ្លើយតបដំបូង ទោសនឹងកាន់តែធ្ងន់ធ្ងរ។ លោក ម៉ាក់ដូណែល បានមានប្រសាសន៍ថា៖ មន្ត្រីបានចាប់ខ្លួនគាត់បន្ថែមទៀតពីបទក្លែងខ្លួនជាអ្នកពន្លត់អគ្គិភ័យ ដែលជាបទល្មើសអាចនាំឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។

“យើងមានមនុស្សដែលព្យាយាមគ្រប់មធ្យោបាយ…ដើម្បីកេងប្រវ័ញ្ចជនរងគ្រោះនៃមហន្តរាយនេះ” លោក ម៉ាក់ដូណែល បានថ្លែង។

សូមបញ្ជាក់ថា ប្រជាជនជាង១០០,០០០នាក់នៅតែត្រូវបានជម្លៀសចេញពីតំបន់គ្រោះមហន្តរាយជាច្រើនដែលគ្របដណ្តប់លើផ្ទៃដីយ៉ាងធំនៅជុំវិញឡូសអេនជេឡេស,សហរដ្ឋអាមេរិក។

គិតមកដល់ពេលនេះអគ្គិភ័យបានសម្លាប់មនុស្សយ៉ាងតិច១៦នាក់ ហើយមនុស្សជាច្រើននាក់ទៀតនៅមិនទាន់បានរកឃើញ។

អគ្គិភ័យវាក៏បានបំផ្លាញអគារជាង១២,០០០ខ្នង រួមទាំងផ្ទះសំបែងរាប់រយខ្នងទៀតផងដែរ៕