អន្តរជាតិ

ចារកម្មកូរ៉េខាងត្បូងបញ្ជាក់ថាទាហានកូរ៉េខាងជើង៣០០នាក់ទៀតបានស្លាប់ក្នុងការប្រយុទ្ធនៅអ៊ុយក្រែន

ប្រែសម្រួល៖ ស-សម្បត្តិ

យោងតាមសមាជិកសភាកូរ៉េខាងត្បូងម្នាក់ដែលដកស្រង់ព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃចន្ទទី១៣ ខែមករាថា ទាហានកូរ៉េខាងជើងប្រមាណ៣០០នាក់បានស្លាប់ និង២,៧០០នាក់បានរងរបួសក្នុងការប្រយុទ្ធក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

ក្រុងសេអ៊ូលបានអះអាងពីមុនថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជូនទាហានជាង១០,០០០នាក់ជា “សាច់ចំណីគ្រាប់” ដើម្បីជួយទីក្រុងម៉ូស្គូប្រយុទ្ធប្រឆាំងនឹងទីក្រុងគីវ ដើម្បីជាថ្នូរនឹងជំនួយបច្ចេកទេសរបស់រុស្ស៊ីសម្រាប់កម្មវិធីអាវុធ និងផ្កាយរណបដែលត្រូវទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់ព្យុងយ៉ាង។

កាលពីចុងសប្តាហ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បាននិយាយថា ទីក្រុងគីវបានចាប់ខ្លួនទាហានកូរ៉េខាងជើងពីរនាក់ ដោយបានផ្សព្វផ្សាយវីដេអូនៃការសួរចម្លើយយុទ្ធជនដែលរងរបួស និងបានលើកឡើងពីលទ្ធភាពនៃការដោះដូរឈ្លើយសឹកជាមួយទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួន។

សមាជិកសភា លោក លី សុងក្វឺន បាននិយាយទៅកាន់អ្នកសារព័ត៌មានក្រោយពីទទួលបានការណែនាំពីទីភ្នាក់ងារស៊ើបការណ៍ថា “ការដាក់ពង្រាយទាហានកូរ៉េខាងជើងទៅកាន់រុស្ស៊ីត្រូវបានរាយការណ៍ថាបានពង្រីកទៅដល់តំបន់ឃឺស្ក ដោយការប៉ាន់ប្រមាណបង្ហាញថា ការរងគ្រោះក្នុងចំណោមកងកម្លាំងកូរ៉េខាងជើងបានលើសពី៣,០០០នាក់”។

លោកបានថ្លែងបន្ទាប់ពីទទួលបានការណែនាំពីសេវាស៊ើបការណ៍ជាតិក្រុងសេអ៊ូលថា នេះរួមមាន “ការស្លាប់ប្រហែល៣០០នាក់ និងរបួស២,៧០០នាក់”។

លោកបានថ្លែងថា ទាហានទាំងនោះដែលត្រូវបានរាយការណ៍ថាមកពីកងទ័ពជ្រើសរើសពិសេស Storm Corps របស់កូរ៉េខាងជើង ត្រូវបានបញ្ជាឱ្យធ្វើអត្តឃាតជាជាងត្រូវចាប់ខ្លួន។

លោកបានថ្លែងថា “ជាពិសេស កំណត់ត្រាដែលរកឃើញនៅលើទាហានដែលស្លាប់បង្ហាញថា អាជ្ញាធរកូរ៉េខាងជើងបានសង្កត់សង្កិនឱ្យពួកគេធ្វើអត្តឃាត ឬបំផ្ទុះខ្លួនឯងមុនពេលត្រូវចាប់ខ្លួន”។

លោកបានបន្ថែមថា ទាហានមួយចំនួនត្រូវបានផ្តល់ “ការលើកលែងទោស” ឬចង់ចូលរួមជាមួយគណបក្សកម្មករកូរ៉េខាងជើង ដោយសង្ឃឹមថានឹងកែលម្អជីវភាពរបស់ពួកគេតាមរយៈការប្រយុទ្ធ។

លោក លី បានថ្លែងថា ទាហានកូរ៉េខាងជើងម្នាក់ដែលជិតត្រូវចាប់ខ្លួន បានស្រែកថា “នាយឧត្តម គីម ជុងអ៊ុន” និងបានប៉ុនប៉ងផ្ទុះគ្រាប់បែក ហើយលោកបានបន្ថែមថា គាត់ត្រូវបានបាញ់សម្លាប់។

សមាជិកសភាបានថ្លែងថា ការវិភាគរបស់ NIS ក៏បានបង្ហាញថា ទាហានកូរ៉េខាងជើងមាន “កង្វះការយល់ដឹងអំពីសង្គ្រាមទំនើប” ហើយកំពុងត្រូវបានប្រើប្រាស់ដោយរុស្ស៊ីក្នុងលក្ខណៈមួយដែលនាំឱ្យមាន “ចំនួនអ្នកស្លាប់ខ្ពស់”។

  • ទាហានដែលត្រូវបានចាប់ខ្លួន

លោក លី ដែលនិយាយតំណាងឱ្យគណៈកម្មាធិការស៊ើបការណ៍របស់កូរ៉េខាងត្បូងនៅក្នុងសភា បាននិយាយថា នៅឆ្នាំក្រោយ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់បានព្យាយាមទាក់ទាញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន “អាចនឹងជំរុញឱ្យមានការចរចា…ម្តងទៀត”។

លោកក៏បាននិយាយថា លោក គីម អាចនឹង “ថ្លឹងថ្លែងលទ្ធភាពនៃការទៅទស្សនកិច្ចនៅរុស្ស៊ីនៅពាក់កណ្តាលឆ្នាំដំបូងនេះ” បន្ទាប់ពីបានជួបប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅចុងឆ្នាំ២០២៣។

ក្នុងការប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃអាទិត្យ លោក ហ្សេឡិនស្គី បាននិយាយថា៖ “អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់ទាហានរបស់លោក គីម ជុងអ៊ុន ទៅឱ្យគាត់ ប្រសិនបើគាត់អាចរៀបចំការដោះដូរពួកគេជាមួយនឹងអ្នកចម្បាំងរបស់យើងដែលកំពុងជាប់ឃុំនៅរុស្ស៊ី”។

លោកបានបន្ថែមថា នឹងមាន “ទាហានកូរ៉េខាងជើងកាន់តែច្រើន” ដែលត្រូវចាប់ខ្លួនដោយទីក្រុងគីវ។

លោក ហ្សេឡិនស្គី បាននិយាយថា “សម្រាប់ទាហានកូរ៉េខាងជើងទាំងឡាយណាដែលមិនចង់ត្រឡប់ទៅវិញ អាចមានជម្រើសផ្សេងៗទៀត”។

អ៊ុយក្រែន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរថា បានបញ្ជូនទាហានជាង១០,០០០នាក់ដើម្បីជួយពង្រឹងកងកម្លាំងរុស្ស៊ី។

ទាំងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង មិនបានទទួលស្គាល់ថា ជនជាតិកូរ៉េខាងជើងត្រូវបានដាក់ពង្រាយឱ្យប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែនឡើយ។

ប្រទេសទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមវាយលុកអ៊ុយក្រែននៅឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុងសេអ៊ូលនៅខែនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនថូនី ប្លីនឃិន បាននិយាយថា វ៉ាស៊ីនតោនជឿថា រុស្ស៊ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការអវកាសជាមួយកូរ៉េខាងជើង ជាថ្នូរនឹងការចូលរួមកងទ័ពរបស់ខ្លួនក្នុងការប្រយុទ្ធនៅអ៊ុយក្រែន។

អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកក៏ជឿថា រុស្ស៊ី “អាចនឹងជិត” ទទួលស្គាល់ជាផ្លូវការនូវស្ថានភាពរបស់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ។

វីដេអូដែលបានផ្សព្វផ្សាយដោយលោក ហ្សេឡិនស្គី អំពីការសួរចម្លើយឈ្លើយសឹកកូរ៉េខាងជើងទាំងពីរនាក់ បង្ហាញពីម្នាក់កំពុងដេកលើគ្រែ និងម្នាក់ទៀតអង្គុយដោយមានរុំបង់រុំជុំវិញថ្គាម។

បុរសម្នាក់ត្រូវបានឮនិយាយជាមួយមន្ត្រីអ៊ុយក្រែនតាមរយៈអ្នកបកប្រែ ដោយនិយាយថា គាត់មិនដឹងថាគាត់នឹងត្រូវមកប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែនទេ ហើយថាមេបញ្ជាការរបស់គាត់ “បានប្រាប់គាត់ថា វាគ្រាន់តែជាការហ្វឹកហាត់ប៉ុណ្ណោះ”។

នៅក្នុងសម្តីដែលបានបកប្រែ បុរសម្នាក់និយាយថា គាត់ចង់ត្រឡប់ទៅកូរ៉េខាងជើងវិញ។

រីឯម្នាក់ទៀតនិយាយថា គាត់នឹងធ្វើតាមអ្វីដែលគេប្រាប់ ប៉ុន្តែប្រសិនបើមានឱកាស គាត់ចង់រស់នៅក្នុងប្រទេសអ៊ុយក្រែន៕

ប្រភព៖ AFP/nh