ប្រែសម្រួល៖ ស-សម្បត្តិ
លោក Mark Zuckerberg បានជួបជាមួយលោក Donald Trump ជាលើកទីពីរ បន្ទាប់ពីការបោះឆ្នោត ខណៈពេលដែលម្ចាស់ហ្វេសប៊ុកកំពុងប្រឈមនឹងការរិះគន់អំពីការផ្លាស់ប្តូរគោលនយោបាយរបស់ក្រុមហ៊ុន។
គេបានឃើញមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ឡើងយន្តហោះឯកជនរបស់គាត់នៅក្នុងរដ្ឋ Florida ដែលចតនៅក្បែរយន្តហោះរបស់លោក Trump បន្ទាប់ពីពួកគេជួបគ្នានៅ Mar-a-Lago។
សហប្រធានក្រុមប្រឹក្សាត្រួតពិនិត្យរបស់ Meta បានលើកឡើងថា លោក Zuckerberg កំពុង “ចុះញ៉មនឹងលោក Trump” ដោយការលុបចោលកម្មវិធីត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាននៅលើហ្វេសប៊ុក ហើយបានទទួលស្គាល់ថា គាត់មិនបានដឹងមុនអំពីការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះទេ។
លោក Zuckerberg ដែលជាម្ចាស់ក្រុមហ៊ុន Meta ដែលគ្រប់គ្រងបណ្តាញសង្គម Facebook, Instagram និង Threads កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរគោលនយោបាយភ្លាមៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់និងបុគ្គលិកមានការភ្ញាក់ផ្អើល។
គាត់បានប្រកាសបញ្ចប់កម្មវិធីត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាន ដែលការសិក្សាជាច្រើនបានរកឃើញថា បានកាត់បន្ថយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមរបស់ Meta។
មហាសេដ្ឋីរូបនេះក៏បានផ្លាស់ប្តូរគោលនយោបាយដើម្បីអនុញ្ញាតឱ្យមានការហៅក្រុម LGBT ថាជាអ្នកមានជំងឺផ្លូវចិត្ត ដំឡើងតំណែងអ្នកគាំទ្រលោក Trump ម្នាក់ និងតែងតាំងលោក Dana White ប្រធាន UFC ទៅក្នុងក្រុមប្រឹក្សាភិបាល។
លោក Michael McConnell សហប្រធានក្រុមប្រឹក្សាត្រួតពិនិត្យរបស់ Meta បានថ្លែងដោយប្រុងប្រយ័ត្នពេលត្រូវបានសួរអំពីការផ្លាស់ប្តូរទាំងនេះ ប៉ុន្តែបានទទួលស្គាល់ថា វាជា “ទិដ្ឋភាពអាក្រក់”។
“ខ្ញុំគិតថាវាជាទិដ្ឋភាពអាក្រក់មួយ ដែលវាមើលទៅហាក់ដូចជា ហើយប្រហែលជាការពិត – ខ្ញុំមិនដឹងទេ” គាត់បានប្រាប់ NPR។
“ប៉ុន្តែវាពិតជាមើលទៅដូចជាការចុះញ៉មនឹងសម្ពាធនយោបាយ។ ខ្ញុំចង់ឃើញកំណែទម្រង់ទាំងនេះត្រូវបានដាក់ចេញ នៅក្នុងពេលវេលាដែលមានភាពតានតឹងនិងបក្សពួកតិច ដើម្បីឱ្យពួកវាត្រូវបានពិចារណាលើគុណសម្បត្តិរបស់វា។
“ជាជាងមើលទៅដូចជានេះ – អ្នកដឹងទេ លោក Donald Trump ជាប្រធានាធិបតី ហើយឥឡូវពួកគេកំពុងចុះញ៉ម។”
ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ Meta មានសមាសភាពជាអ្នកជំនាញផ្នែកច្បាប់ សិទ្ធិមនុស្ស និងសារព័ត៌មានពីជុំវិញពិភពលោក ដែលត្រួតពិនិត្យគោលនយោបាយនិងការសម្រេចចិត្តក្នុងការគ្រប់គ្រងមាតិកា។
លោក McConnell បានទទួលស្គាល់ថា “មានភស្តុតាងច្រើនលើសលប់ដែលបង្ហាញថា អ្នកត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មានបានកែតម្រូវមាតិកាពីខាងស្តាំច្រើនជាងខាងឆ្វេង” ប៉ុន្តែបានលើកឡើងថា មិនច្បាស់ថាតើនេះដោយសារតែមានការកុហកច្រើនពីខាងស្តាំឬយ៉ាងណា។
គាត់បានថ្លែងថា ក្រុមប្រឹក្សាមិនបានដឹងមុនអំពីការសម្រេចចិត្តរបស់លោក Zuckerberg និងមិនត្រូវបានពិគ្រោះយោបល់មុនពេលការប្រកាសនេះទេ។
“យើងមិនបានដឹងថាពួកគេនឹងកែសម្រួលស្តង់ដារនោះទេ” គាត់បាននិយាយអំពីកម្មវិធីត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាន។
ផ្ទុយទៅវិញ លោក Zuckerberg បានជម្រាបក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោតជាមុន យោងតាមកាសែត New York Times។
លោក Zuckerberg បានញាំអាហារជាមួយលោក Trump នៅ Mar-a-Lago បន្ទាប់ពីការបោះឆ្នោត បរិច្ចាគប្រាក់ ១ លានដុល្លារសម្រាប់ពិធីសប្បថចូលកាន់តំណែង និងបានជួបជាមួយគាត់ជាលើកទីពីរនៅថ្ងៃសុក្រ។
គាត់បានដើរពីរថយន្តរបស់គាត់ទៅកាន់យន្តហោះ Gulfstream G650 នៅអាកាសយានដ្ឋានអន្តរជាតិ Palm Beach ដោយស្លៀកពាក់សម្លៀកបំពាក់ពណ៌ខៀវចាស់ និងក្រវ៉ាត់ពណ៌ក្រហមសមរម្យ។
យន្តហោះរបស់គាត់មានទំហំតូចជាងយន្តហោះ Boeing 757 ដែលបានកែប្រែ “Trump Force One” ដែលចតនៅក្បែរគ្នានៅលើផ្លូវរត់។
ក្នុងវីដេអូរយៈពេល ៥ នាទីដែលពន្យល់អំពីគោលនយោបាយថ្មី លោក Zuckerberg បានអះអាងថា ការត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មានរបស់គាត់ “បានឈានដល់ចំណុចដែលមានកំហុសច្រើនពេក និងការរឹតត្បិតច្រើនពេក”។
“អ្នកត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មានមានភាពលម្អៀងខាងនយោបាយច្រើនពេក និងបានបំផ្លាញការជឿទុកចិត្តច្រើនជាងការបង្កើតវា” គាត់បាននិយាយ។
លោក Joel Kaplan សម្ព័ន្ធមិត្តរបស់លោក Trump ដែលលោក Zuckerberg បានដំឡើងតំណែងជាប្រធានផ្នែកកិច្ចការសកលបន្ទាប់ពីការបោះឆ្នោត ក៏បានអះអាងនៅលើ Fox News ថា មាន “ភាពលម្អៀងខាងនយោបាយច្រើនពេក” នៅក្នុងកម្មវិធីត្រួតពិនិត្យភាពត្រឹមត្រូវនៃព័ត៌មានរបស់ Meta។
ការអះអាងទាំងនេះផ្ទុយពីការសិក្សាឯករាជ្យ ដែលបានរកឃើញថា កម្មវិធីនេះបានជួយកាត់បន្ថយព័ត៌មានមិនពិត។
ពួកគេបានរកឃើញថា មនុស្សតិចជាងមុនជឿលើព័ត៌មានក្លែងក្លាយ បើប្រៀបធៀបនឹងមុនពេលអនុវត្តកម្មវិធីនេះ។
លោក Zuckerberg បានទទួលស្គាល់ថា ព័ត៌មានមិនពិតនឹងកើនឡើង ប៉ុន្តេបានអះអាងថា វាសំខាន់ជាងក្នុងការអនុញ្ញាតឱ្យមានការបញ្ចេញមតិដោយសេរីដោយមិនមានការរឹតត្បិត។
“ការពិតគឺថា នេះជាការដោះដូរមួយ។ វាមានន័យថា យើងនឹងចាប់បានរឿងអាក្រក់តិចជាងមុន ប៉ុន្តែយើងក៏នឹងកាត់បន្ថយចំនួនប្រកាសនិងគណនីរបស់មនុស្សស្លូតត្រង់ដែលយើងដាក់ទណ្ឌកម្មដោយអចេតនាផងដែរ” គាត់បាននិយាយ។
ការផ្លាស់ប្តូរគោលនយោបាយមួយទៀតដែលមនុស្សជាច្រើនយល់ថាគួរឱ្យព្រួយបារម្ភគឺ ការដកចេញនូវការការពារប្រឆាំងនឹងការរំលោភបំពានលើក្រុម LGBT។
អ្នកប្រើប្រាស់ Meta នឹងអាចចែករំលែក “ការចោទប្រកាន់ អំពីជំងឺផ្លូវចិត្ត ឬភាពមិនប្រក្រតី ដែលផ្អែកលើយេនឌ័រ ឬទំនោរផ្លូវភេទ ដោយសារការជជែកវែកញែកខាងនយោបាយ និងសាសនាអំពីអន្តរភេទនិយម និងស្រឡាញ់ភេទដូចគ្នា”។
លោក Zuckerberg បានថ្លែងថា នេះជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការ “លុបបំបាត់ការរឹតត្បិតមួយចំនួនលើប្រធានបទដូចជាអន្តោប្រវេសន៍ និងយេនឌ័រ ដែលគ្រាន់តែមិនសមស្របនឹងការសន្ទនាទូទៅក្នុងសង្គម”៕