សន្ដិសុខសង្គម

បើកបរពេលស្រវឹងបុកមនុស្សស្លា.ប់៣នាក់និងរបួ.សធ្ងន់ដា.ច់ជើងស្ត្រីម្នាក់

ដោយៈសហការី
ភ្នំពេញៈរថយន្តតាកូម៉ាបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងវ៉ាជែងជ្រុលទៅបុកនិងម៉ូតូម៉ាក ហុងដាឃ្លីកដែលជិះជាលក្ខណៈគ្រួសារប្តីប្រពន្ធនិងកូនតូច២នាក់ បណ្តាលឲ្យស្លាប់៣នាក់ឪពុកកូនចំណែកស្ត្រីជាម្ដាយរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ជិតបុរីជីបម៉ុងផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង រតនា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អង្គរក្ស មានទីលំនៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ (បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ត្រូវជាឪពុក) , ទី២ ឈ្មោះ សុភ័ក្រ ម៉ាយូរ៉ា ភេទស្រី អាយុ១ឆ្នាំ ជាកូន,
ទី៣ ឈ្មោះ ហេង សុរាជ ភេទប្រុស អាយុ៣ឆ្នាំជាកូន (បានស្លាប់នៅមន្ទីរពេទ្យបង្អែកដង្កោ )។
ចំណែកទី៤ ស្ត្រីជាម្ដាយមាន ឈ្មោះ នន់ លក្ខិណា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរអ៊ុតសក់ មានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ )។

រីឯអ្នកបើកបររថយន្តវិញមានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសស្រាល ត្រូវបានឃាត់ខ្លួនប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1II 2330 ជិះជាលក្ខណៈគ្រួសារប្តីប្រពន្ធនិងកូនតូចប្រុសស្រី២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបុរសម្នាក់បានបើករថយន្តម៉ាក តូយូតាតាកូម៉ាពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2BS 1023 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយអ្នកបើកបរស្រវឹងផងនោះ បានវ៉ាជែងទៅគន្លងផ្លូវម្ខាងទៀតក៏ជ្រុលទៅបុកនឹងម៉ូតូហុងដាឃ្លីកដែលជិះជាលក្ខណៈគ្រួសារយ៉ាងពេញទំហឹង បណ្ដាលឲ្យប៉ើងខ្ទាតទាំងមនុស្សនិងម៉ូតូ ធ្វើឲ្យក្រុមគ្រួសារ៤នាក់ រងរបួសបាក់ដៃដាច់ជើង ធ្ងន់ធ្ងរទាំង៤នាក់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈហៅពេទ្យលោកសង្ឃ ពេទ្យ គន្ធបុប្ផានិងពេទ្យបង្អែកដង្កោ។ ជាអកុសល ពេលដល់មន្ទីរពេទ្យក្មេងប្រុសស្រី រួមទាំងឪពុកក៏បានស្លាប់។ ចំណែកស្ត្រីជាម្ដាយរងរបួសធ្ងន់ក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះ៕