ប្រែសម្រួល៖រតនា
ឡូសអាន់ជឺលេស៖ ជំរំហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីសហរដ្ឋអាមេរិក ត្រូវបានផ្លាស់ប្តូរពីឡូសអាន់ជឺលេសទៅមីយ៉ាមី ដោយសារតែភ្លើងឆេះព្រៃដែលបានបំផ្លាញតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អាមេរិកកាលពីថ្ងៃសុក្រ។
ជំរំហ្វឹកហាត់សម្រាប់ក្រុមជើងឯកអូឡាំពិកទីក្រុងប៉ារីស នឹងចាប់ផ្តើមយឺតជាងផែនការដើមបីថ្ងៃ និងដំណើរការពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមករា នៅមជ្ឈមណ្ឌលហ្វឹកហាត់ Florida Blue របស់ក្រុម Inter Miami នៅទីក្រុង Ft. Lauderdale ជំនួសឱ្យទីលាន Dignity Health Sports Park នៅទីក្រុង Carson។
លោក Matt Crocker នាយកកីឡាសហព័ន្ធបាល់ទាត់អាមេរិកបានមានប្រសាសន៍ថា “សុវត្ថិភាពរបស់កីឡាករ និងបុគ្គលិករបស់យើងគឺជាអាទិភាពចម្បងជានិច្ច ហើយដោយសារភ្លើងនៅតែបន្តឆេះ តំបន់ជាច្រើនស្ថិតក្នុងស្ថានភាពអាសន្ន និងគុណភាពខ្យល់នៅសប្តាហ៍ក្រោយមិនច្បាស់លាស់ យើងបានសម្រេចចិត្តផ្លាស់ប្តូរជំរំហ្វឹកហាត់”។
មន្ត្រីពន្លត់អគ្គិភ័យទើបតែចាប់ផ្តើមគ្រប់គ្រងភ្លើងឆេះព្រៃធំពីរកន្លែងនៅផ្នែកខាងកើត និងខាងលិចនៃទីក្រុងឡូសអាន់ជឺលេសកាលពីថ្ងៃសុក្រ ដោយសារខ្យល់ខ្លាំងដែលបានបង្កើនកម្លាំងភ្លើងអស់រយៈពេលជាច្រើនថ្ងៃមកនោះ បានថយចុះ។
ភ្លើងឆេះព្រៃចំនួន៦កន្លែងក្នុងពេលតែមួយ បានបំផ្លាញតំបន់នានានៅឡូសអាន់ជឺលេសខោនធី តាំងពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្សយ៉ាងតិច១១នាក់ស្លាប់ និងបំផ្លាញអគារចំនួន១០,០០០ខ្នង។
ក្រុមអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិកបានសម្តែងការលើកទឹកចិត្តដល់ទីក្រុងឡូសអាន់ជឺលេសកាលពីថ្ងៃសុក្រ។
“ក្រុម Team USA នឹករឭកដល់ទីក្រុងឡូសអាន់ជឺលេស ដែលជាម្ចាស់ផ្ទះការប្រកួតរដូវក្តៅនាពេលខាងមុខ និងសូមថ្លែងអំណរគុណដល់អ្នកដែលបានផ្តល់ការគាំទ្រដល់ជនរងគ្រោះទាំងអស់”។
អ្នករៀបចំកីឡាអូឡាំពិក LA28 បានឱ្យដឹងថា ពួកគេបានប្រមូលធនធានសម្រាប់អ្នកដែលត្រូវការជំនួយ ក្នុងគ្រោះមហន្តរាយធម្មជាតិដែលធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្ររដ្ឋកាលីហ្វ័រញ៉ា។
LA28 បានថ្លែងក្នុងសេចក្តីប្រកាសថា “យើងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់មន្ត្រីពន្លត់អគ្គិភ័យ មន្ត្រីឆ្លើយតបដំបូង និងប្រជាជនឡូសអាន់ជឺលេសទាំងអស់ដែលធ្វើការយ៉ាងមមាញឹកដើម្បីរក្សាសុវត្ថិភាពយើងពីគ្រោះថ្នាក់នៃភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនេះ”៕
ប្រភព៖ Reuters