សន្ដិសុខសង្គម

ប្តីអារ.កសម្លា.ប់ប្រពន្ធ រួចចងកសម្លា.ប់ខ្លួនជាក្រោយ បន្សល់ទុកកូនប្រុស-ស្រីពីរនាក់

ដោយ៖សុខុម

ខេត្តក្រចេះ៖ បុរសជនសង្ស័យជាឃាតកបានយកកាំបិតចុងស្រួចចាប់ប្រពន្ធអារកសម្លាប់ចោល រួចរត់ទៅចងកសម្លាប់ខ្លួនឯងជាក្រោយ ដោយបានបន្សល់ទុកនូវកូនស្រី-ប្រុសតូចៗពីរនាក់ឱ្យរស់កំព្រា។ក្នុងហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី៩មករា២០២៥ នៅចំណុចអន្លង់ក្រវែន ស្ថិតក្នុងភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

ក្រោយទទួលបានដំណឹងនោះភ្លាម ក្រោមបញ្ជាពីស្នងការនគរបាលខេត្តក្រចេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ដំរី ចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានរកឃើញពីការស្លាប់របស់ជនរងគ្រោះក្នុងអំពើឃាតកម្មដ៏សាហាវ និងក្រោយការអារកសម្លាប់ប្រពន្ធ ជនសង្ស័យជាប្តីបានជិះម៉ូតូគេចខ្លួនរួចទៅចងកសម្លាប់ខ្លួននៅក្នុងចម្ការស្វាយចន្ទី។

នគរបាលជំនាញមូលដ្ឋានបានឱ្យដឹងថា៖ ជនរងគ្រោះក្នុងអំពើឃាតកម្មឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរចុងភៅ ។ ចំណែកជនសង្ស័យដៃដល់ឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចម្ការ។ ជនរងគ្រោះជាប្រពន្ធនិងជនសង្ស័យឃាតកជាប្តី មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។

ម្តាយជនរងគ្រោះ ឈ្មោះ ប៉ុល ណាង ស្ថិតក្នុងវ័យ ៧២ឆ្នាំ បានឲ្យដឹងថា កូនស្រីគាត់(ជនរងគ្រោះ) បានទៅធ្វើការជាចុងភៅនៅក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល ២ឆ្នាំមកហើយ លុះថ្ងៃទី៤មករា២០២៥ ជនសង្ស័យដៃដល់ (កូនប្រសា) បានចេញទៅធ្វើសំណង់នៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅថ្ងៃទី៨មករា២០២៥ កូនស្រីគាត់បានមកលេងផ្ទះ លុះដល់ថ្ងៃទី៩មករា២០២៥ វេលាម៉ោង ១០និង៣០នាទី គាត់បានទៅជញ្ជាត់ត្រី ចម្ងាយប្រហែល៣០ម៉ែត្រពីផ្ទះ។

ស្ត្រីជាម្ដាយបានរៀបរាប់ឲ្យដឹងទៀតថា លុះដល់ម៉ោង ១១ព្រឹក គាត់បានឮសំឡេងចៅៗស្រែកទ្រហោយំ គាត់ក៏បានរត់មកមើល ក៏ស្រាប់តែឃើញចៅៗស្រែកយំនៅមុខបន្ទប់ក្រោមផ្ទះ គាត់ក៏បានបើកបន្ទប់មើល ឃើញកូនស្រីបានដេកស្លាប់បាត់ទៅហើយ រួចខ្លួននិងកូនប្រុស ឈ្មោះ ទៀង សារ៉េត បានមកជួយលើកសាកសពកូនស្រីដាក់លើគ្រែមុខផ្ទះ ហើយពេលនោះគាត់បានឃើញកូនប្រសាដែលជាជនសង្ស័យមិនដឹងមកផ្ទះតាំងពីពេលណាទេ ជិះម៉ូតូចេញពីផ្ទះពាក់អាវពណ៌ផ្ទៃមេឃដៃខ្លី ប្រលាក់ដោយឈាម។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះកើតហេតុបានប្រហែល ៤០០ម៉ែត្រ រួចបានដោះអាវចេញ ហើយបានជិះម៉ូតូចូលទៅក្នុងចម្ការស្វាយចន្ទីរបស់ខ្លួនដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រ ហើយធ្វើអត្ដឃាតចងកសម្លាប់ខ្លួននៅក្នុងពេលនោះទៅ។

ជុំវិញការស្លាប់របស់ជនរងគ្រោះនិងជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញបានចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយបានសន្ឋិដ្ឋានថា ករណីឃាតកម្មនិងការធ្វើអត្ដឃាតចងកសម្លាប់ខ្លួនខាងលើ បានផ្តើមចេញពីការប្រចណ្ឌ។ បច្ចុប្បន្ន សាកសពទាំងពីរត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕