សន្ដិសុខសង្គម

សមត្ថកិច្ចនគរបាលបន្តសហការបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំខេត្តបាត់ដំបង

ដោយ : បន្ទាយ

បាត់ដំបង : យោងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានទៅសហការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ។

លោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹករដ្ឋបាលឃុំព្រៃចាស់ កម្លាំងយោធភូមិភាគទី៥ មន្ទីរបរិស្ថាន ដោយមានលោកព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងប្រើប្រាស់កាណូតស្មាច់១៦គ្រឿង( ធំ៥គ្រឿង) ចុះធ្វើការពិនិត្យនិងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន១លើកនៅក្នុងភូមិសាស្ត្រឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ការសហការទទួលបានលទ្ធផលដូខាងក្រោម៖

១-បានធ្វើការអប់រំប្រជាពលរដ្ឋនៅតាមបណ្តោយដងស្ទឹងដែលមានដាក់បរ ណរ៉ាវ និងស្បៃមុងងបិទអូរ ព្រែក ឲ្យរុះរើ ហើយប្រជាពលរដ្ឋបានយល់ព្រមរុះរើដោយស្ម័គ្រចិត្ត។

២-បានបង្ក្រាប និងកាប់បំផ្លាញចោលតាមបណ្តោយដងស្ទឹង៖

-សាច់មងប្រវែង ១៦៥០ម៉ែត្រ, ឡុកចំនួន ០៥គ្រឿង, -បង្គោលចំនួន ៧០០ដើម, លូស្បៃមុងចំនួន ០៨, លែងត្រីចូលបឹងធម្មជាតិវិញចំនួន ១៥០គីឡូក្រាម។

ចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចដុតចោលនៅនឹងកន្លែង៕