ដោយ : បន្ទាយ
បាត់ដំបង : សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរកឃើញនិងឃាត់ខ្លួនជនសង្ស័យមានឈ្មោះ Ekkalak Pheanol ជនជាតិថៃនៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១៣និង៥០នាទី ថ្ងៃទី០៨ខែមករា។
តមតាមសំណូមពរស្នើសុំកិច្ចសហការនិងផ្តល់ព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃនោះ ការចាប់ខ្លួននេះត្រូវបានធ្វើឡើង ហើយជនជាប់សង្ស័យត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចនគរបាលជាតិកម្ពុជា។
យោងសេចក្ដីប្រកាសរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៨ ខែមករាឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ជនសង្ស័យរូបនេះនឹងត្រូវ បញ្ជូនទៅប្រទេសថៃវិញតាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់(ធ្វើបត្យាប័ន ) បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី ។
សូមរំលឹកថា ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះលឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរសញ្ជាតិបារាំងដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង១៧និង៤៥ នាទី ថ្ងៃទី៧ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ១៣ ហាងសង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកកប្រទេសថៃ ។
បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវនិងបានកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ កើតឆ្នាំ១៩៨៣ ជាអតីតនាវិក យោធាស្នាក់នៅខណ្ឌបាងណា រដ្ឋធានីបាងកកប្រទេសថៃ ។
សេចក្ដីប្រកាសព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានអោយដឹងទៀតថា : ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុង បាងកកធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា ហើយតម្រួតភូមិន្ទថៃក៏សុំភាគីកម្ពុជាអនុវត្តកិច្ចសហការចាប់ខ្លួននៅពេលណាជនសង្ស័យឆ្លងព្រំដែន។
យោងសកម្មជនគណបក្ស បានឲ្យដឹងថ្ងៃទី៩ខែមករាថា: លោក លឹម គឹមយ៉ា ជាអតីតអ្នកតំណាងរាស្រ្តនៃគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តកំពង់ធំ ។លោកជាបញ្ញវន្តម្នាក់ មានឯកទេសជំនាញផ្នែកហិរញ្ញវត្ថុ ហើយជាអតីតធ្វើមន្ត្រីរដ្ឋការបារំាង។ប៉ុន្តែជាង២០ឆ្នាំកន្លងមកលោកបានមកបម្រើការងារក្នុងគណបក្សប្រឆាំងដែលត្រូវបានច្បាប់កម្ពុជារំលាយកាលពីឆ្នាំ២០១៧ ។
អតីតសកម្មជនគណបក្សបានប្រកាសសូមថ្កោលទោសដល់ជនដៃដល់ដែលបានប្រព្រឹត្តអំពើឃាតកម្មនេះ ហើយអំពាវនាវដល់រដ្ឋាភិបាលថៃនិងបារាំង ក្នុងការស្រាវជ្រាវរកការពិត ហើយនាំជនសង្ស័យទៅផ្តន្ទាទោសឲ្យបានតឹងរ៉ឹងបំផុត៕