ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង÷ ដំណាំស្វាយជាង ១០០០០ដើមក្នុងខេត្តបាត់ដំបង រងការបំផ្លាញដោយសារភ្លើងឆេះរាលចូលចម្ការ។
នគរបាលជំនាញបានប្រាប់ឲ្យដឹងថា÷ ករណីអគ្គិភ័យបង្កការឆាបឆេះដំណាំចម្ការនេះបានកើតឡើងនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៥ ត្រង់ចំណុចភ្នំស្លឹក ឋិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ម្ចាស់ចម្ការដំណាំស្វាយដែលរងការឆាបឆេះបំផ្លាញទាំងស្រុងនេះមានឈ្មោះង៉ូវ មួយហៀង ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅ នៅរាជធានីភ្នំពេញ។ ផ្ទៃដីដែលរាលដាលឆាបឆេះខាងលើសរុបចំនួន ៣៥ហិកតា និងមានដើមស្វាយពូជកែវល្មៀតក្នុងដំណាក់កាលកំពុងរៀនផ្លែបានរងការខូចខាតសរុបចំនួន ១៥០០០ដើម។
ករណីអគ្គិភ័យនេះដែរប្រជាកសិករអះអាងថា÷ បណ្តាលមកពីភ្លើងឆេះព្រៃ ហើយក៏រាលដាលចូលចម្ការឆេះបន្តបន្ទាប់គ្នាតែម្តង។
លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ក្នុងឱកាសចុះអន្តរាគមន៍ពន្លត់ បានសំណូមពរដល់ប្រជាកសិករ ពិសេសបងប្អូនអ្នករកឃ្មុំទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នព្រោះរដូវកាលនេះអាកាសធាតុក្តៅមេឃរាំងស្ងូត និងធ្លាក់ខ្យល់បោកបក់ខ្លាំង ដូច្នេះការដុតសំរាម ចោលកន្ទុយបារី ឬរងើកភ្លើងពេលយកឃ្មុំរួចជាដើម ដើម្បីបញ្ចៀសរាល់ការបំផ្លិចបំផ្លាញដូចជាដំណាំផ្សេងៗ ផ្ទះសំបែង និងគ្រឿងចក្រនានារបស់បងប្អូនប្រជាពលរដ្ឋយើង៕