ដោយ៖ កំចាយ
កំពត÷ ក្មេងតូចម្នាក់បានលេងភ្លើងខណ:ពេលមនុស្សចាស់មិននៅបណ្តាលឲ្យឆេះផ្ទះឈើមួយខ្នង រួមទាំងទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានអស់គ្មានសល់។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើឈ្មោះ ឌុន រៀម ភេទប្រុស អាយុ ៤៨ឆ្នាំ។ ចំណែកចៅប្រុសដែលបានបង្កឲ្យកើតមហន្តរាយនេះឈ្មោះ រៀម សក្កដា អាយុ ៥ឆ្នាំ។
សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៧ ខែមករា មានករណីភ្លើងឆេះផ្ទះបានកើតឡើងក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ បណ្តាលមកពីក្មេងប្រុសម្នាក់លេងភ្លើងពេលមិនមានមនុស្សចាស់នៅក្បែរ។ ពេលឆាបឆេះភ្លាមៗ អ្នកភូមិបាននាំគ្នារត់ទៅជួយតែដោយសារអំណាចភ្លើងគួបផ្សំនឹងខ្យល់បក់ខ្លាំងផងទើបបណ្តាលឲ្យផ្ទះទំហំ៥,៥០ម៉ែត្រគុណនិង៦,៥០ម៉ែត្រសង់អំពីឈើប្រក់ហ្វ៊ីប្រូស៊ីម៉ងតិ៍ឆេះខ្ទេចគ្មានសល់ត្រឹមរយ:ពេលខ្លីបំផុត។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ ម្ចាស់ផ្ទះបានខាតបង់ស្រូវអស់១១០បាវ លុយខ្មែរចំនួន១លាន៣សែនរៀល ប្រាក់ដុល្លារ៥០០ដុល្លារ និងទ្រព្យសម្បត្តិផ្សេងៗទៀតអន្តរាយទាំងស្រុង៕