ដោយ ៖ បន្ទាយ
ឧត្តរមានជ័យ : លោកឧត្តមសេនីយ៍ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃចន្ទទី៦ ខែមករា ឆ្នាំ២០២៥ បានប្រាប់សារព័ត៌មានក្នុងស្រុកតាមទូរសព្ទថា កាលពីថ្ងៃអាទិត្យម្សិលមិញ កម្លាំងជំនាញពាក់ព័ន្ធរបស់លោកបានចុះសហការអន្តរាគមន៍បង្ក្រាបករណីជនបរទេសមួយក្រុមធំចំនួន៥៧នាក់ មានសញ្ជាតិ អាហ្វហ្គានីស្ថាន នេប៉ាល់…ជាដើម ដែលរត់ចេញពីកាស៊ីណូមួយកន្លែង រួចធ្វើសកម្មភាពតវ៉ានៅក្បែរច្រកព្រំដែនអូរស្មាច់នោះមែន ។ ប៉ុន្តែហេតុការណ៍មិនមានការប៉ះទង្គិចរវាងកងកម្លាំងជាមួយជនបរទេស ដែលធ្វើការខុសច្បាប់នៅកម្ពុជានោះឡើយ។
លោកស្នងការថ្លែងបន្តថា : ជនបរទេសទាំងនោះធ្លាប់ធ្វើការនៅខេត្តព្រះសីហនុ ហើយក៏ធ្លាប់អត់ប្រាក់ខែ។ ហេតុនេះ ពេលពួកគេមកធ្វើការនៅអូរស្មាច់ខេត្តឧត្តរមានជ័យនេះ ពួកគេក៏បារម្ភទៀត ទើបលើកគ្នាស្ទុះចេញពីកាស៊ីណូមកតវ៉ាឬធ្វើសកម្មភាពលើដងផ្លូវបែបនេះ ។
លោកស្នងការ ខូវ លី អះអាងដែរថា កម្លាំងជំនាញរបស់ស្នងការដ្ឋានលោកបាននិងកំពុងបន្តសួរនាំនិងធ្វើកំណត់ហេតុលើជនបរទេសទាំង៥៧នាក់ ដែលមានសញ្ជាតិ អាហ្វហ្គានីស្ថាន នេប៉ាល់…ហើយបើពួកគេចូលមកក៏ខុសច្បាប់និងធ្វើការក៏គ្មានការអនុញ្ញាតច្បាប់ គ្មានសៀវភៅការងារបែបនេះ មានតែអនុវត្តនីតិវិធីបណ្តេញចេញដោយបង្ខំពីប្រទេស។
សូមរំឭកថា កាលពីថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ មានករណីជនជាតិបរទេសចម្រុះជាតិសាសន៍មួយក្រុមធំមានគ្នាជាង៥០នាក់ បានរត់គេចចេញពីបរិវេណកាសុីណូអូរស្មាច់ រីសតនៅជាប់ព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ -ឆងច ខេត្តសុរិន្ទប្រទេសថៃ ។
ពួកគេមានកាន់ដំបងឈើ ដំបងទីប ដែកមុតជាដើម ហើយបាននាំគ្នាដើរចេញមកខាងមុខផ្លូវឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិអូរស្មាច់។
ភ្លាមៗក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញនិងដែនដីពាក់ព័ន្ធឡើងទៅអន្តរាគមន៍បង្ក្រាប រួចដឹកនាំខ្លួនដឹកបញ្ជូនមកសួរនាំនៅខេត្ត។
យោងប្រភពពីប្រជាពលរដ្ឋនៅក្បែរកាស៊ីណូអូរស្មាច់រីសត បានបង្ហើបឱ្យដឹងថា ក្រុមជនបរទេសទាំងនោះ បានមកធ្វើការកាស៊ីណូអនឡាញខុសច្បាប់ ហើយអាចមានមេខ្យល់និងមេខ្លោងធ្វើការបង្ខាំងនិងការបង្ខំឱ្យធ្វើការលើសម៉ោង មិនគោរពច្បាប់ការងារ ។ ពួកគេត្រូវមេខ្លោងនាំយកមកពីខេត្តព្រះសីហនុមកខេត្តឧត្តរមានជ័យ ប៉ុន្តែបានរងសម្ពាធការងារដូចខាងលើ ទើបពួកគេនាំគ្នាស្ទុះចេញពីបន្ទប់ស្នាក់នៅចេញមកក្រៅតវ៉ាបែបនេះ ។
កម្លាំងសន្តិសុខរបស់កាស៊ីណូបានព្យាយាមរារាំង ហាមឃាត់ដែរ តែត្រូវជនបរទេសទាំងនោះ យកដំបង បំពង់ទីប ដែកមុតគំរាមក្រុមសន្តិសុខវិញ។
ទីបំផុតត្រូវកម្លាំងសមត្ថកិច្ចចម្រុះ បាននាំខ្លួនជនបរទេសទាំងនោះ យកទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដើម្បីធ្វើការសួរនាំបន្តនីតិវិធី៕