ដោយ៖ គង់ហេង
កំពង់ចាម៖ តាមការរំពឹងទុកនៅឆ្នាំ ២០២៥ ខេត្តកំពង់ចាមទំហំសេដ្ឋកិច្ចនឹងកើនដល់ចំនួន ២.៨៦៧លាន ដុល្លារ ខណៈកាលពីឆ្នាំ ២០២៤ ខេត្តដែលមានប្រជាពលរដ្ឋជាងមួយលាននាក់មួយនេះ មានទំហំសេដ្ឋកិច្ចចំនួន ២.៦៥៧លាន ដុល្លារ។
នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តនេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួម ខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា( ៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលមានអ្នកចូលរួមប្រមាណ ៧.០០០ នាក់ នៅវិមានឯករាជ្យ ក្រុងកំពង់ចាមនាព្រឹកថ្ងៃទី ៧ មករានេះ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថា៖ អភិវឌ្ឍលើគ្រប់វិស័យដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារ បន្ថែមពីនេះ មានប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀតរួមមាន ផ្លូវ ថ្នល់ ស្ពាន បានតភ្ជាប់ពីជនបទ មកទីប្រជុំជនបានគ្រប់ទីកន្លែង មានមន្ទីរពេទ្យ សាលារៀន វត្តអារាម ដែលបម្រើប្រជាជន គ្រប់តម្រូវការ។ ដោយឡែក ចំពោះខេត្ត កំពង់ចាម ទទួលបានការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យកត់សំគាល់ ជាក់ស្តែងនៅឆ្នាំ២០២៤ ទំហំ សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦ភាគរយ ស្មើនឹង ២.៦៥៧លានដុល្លារ ។ក្នុងនោះ វិស័យ កសិកម្មមានទំហំ ១.០៣៤ លានដុល្លារ, វិស័យឧស្សាហកម្ម មានទំហំ ៨៥៧ លានដុល្លារ និងវិស័យ សេវាកម្មមានទំហំ ៧៦៦លាន ដុល្លារ និងមាន GDP សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១១ដុល្លារ ក្នុងមួយឆ្នាំ។ តាមការរំពឹងទុកនៅឆ្នាំ ២០២៥ ខេត្តកំពង់ចាម មានទំហំសេដ្ឋកិច្ចនឹងកើនដល់ ២.៨៦៧លានដុល្លានិងមានGDP មនុស្សម្នាក់ៗនឹងកើនដល់ ២.៤៧៨ដុល្លារ ក្នុងមួយឆ្នាំ៕