កីឡា

អភិបាលខេត្តកំពង់ចាមថា៖ការមិនលេងកីឡាងាយនឹងបង្កឱ្យកើតជាជំងឺមិនឆ្លង

ដោយ៖ គង់ហេង

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ការមិនលេងកីឡា ឬហាត់ប្រាណជាប្រចាំ គឺងាយនឹងជួបបញ្ហាជំងឺមិនឆ្លង ដែលនឹងវិវត្តន៍ជាជំងឺបេះដូង និងជំងឺផ្សេងៗទៀតពោលគឺយុវជនតែម្តងនឹងក្លាយជាទំពាំងខូចមិនអាចស្នងឫស្សីបានទៅអនាគត។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងបែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តមួយនេះ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា នៅទីលានបាល់ទះក្រុងកំពង់ចាមនាថ្ងៃទី ៥ មករាម្សិលមិញនេះ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ កត្តានេះចាំបាច់ជំរុញដល់យុវជនរបស់យើងរួមគ្នាលេងកីឡា ដើម្បីបង្កើននូវមិត្តភាព សុខភាព និងបង្កើនការទំនាក់ទំនងធ្វើឱ្យការសិក្សា រៀនសូត្រ និងការរស់នៅរបស់ក្មួយ ឬក៏យុវជនរបស់យើងឱ្យកាន់តែមានភាពប្រសើរឡើងនៅក្នុងសង្គម។ កីឡាសំខាន់ ហើយកីឡានេះ បានចូលរួមចំណែកយ៉ាងធំក្នុងការកាត់បន្ថយនូវសកម្មភាពទំនើងរបស់យុវជនមួយចំនួនផងដែរ ជាពិសេសមិនពាក់ព័ន្ធនូវការបំពានគ្រឿងញៀន។ជាក់ស្តែងតែងមានក្រុមទំនើងច្រើន មានការសេបគប់មិត្តភក្តិ ដោយមិនបានយកពេលវេលាយកមកលេងកីឡា ធ្វើការរៀនសូត្រទេ គឺយកពេលវេលាទៅធ្វើរឿងឥតប្រយោជន៍បង្កឱ្យប៉ះពាល់ដល់សណ្តាប់សង្គមជាតិ ។ ហេតុយើងត្រូវមានការផ្លាស់ប្តូរផ្នត់គំនិត និងផ្លាស់ប្តូរឥរិយាបទរបស់ពួកគាត់ ទាញពួកគាត់ពីការយកពេលវេលាឥតប្រយោជន៍ ឱ្យងាកមកលេងកីឡាវិញ។

ឯកឧត្តមបានបន្ថែមថា៖ អ៊ីចឹងហើយបានរាជរដ្ឋាភិបាលជាដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលការណ៍សូមឱ្យយុវជនកម្ពុជា ឬក៏ប្រជាពលរដ្ឋរបស់យើងមួយរូប ត្រូវចេះលេងកីឡាមួយយ៉ាងតិចសម្រាប់លេងជាប្រចាំថ្ងៃ ប្រយោជន៍ដើម្បីសុខភាពរបស់យើង ព្រោះសព្វថ្ងៃនេះ បញ្ហាកើតឡើងជំងឺមិនឆ្លងដែលតែងកើតឡើងលើអ្នកមិនចូលចិត្តលេងកីឡា មានជំងឺ ទឹកនោមផ្អែម លើសជាតិអាស៊ីត ជាតិខ្លាញ់ បង្កឱ្យកើតជំងឺបេះដូង និងជំងឺផ្សេងៗទៀត។ ដូច្នេះទាមទារយើងលេងកីឡាជាប្រចាំ ដើម្បីបន្សាបនូវជាតិពុលក្នុងខ្លួន ឱ្យសុខភាពរបស់យើងល្អ។

ឯកឧត្តមបានបន្តថា៖ ផ្ទុយមកវិញបើយុវជនរបស់យើងជួបប្រទះនូវបញ្ហាសុខភាព នោះសង្គមជាតិរបស់យើងទាំងមូលនឹងក្លាយទៅជាយ៉ាងណា? ពោល គឺទំពាំងនឹងខូចអស់ តើបាននរណាអ្នកស្នងឫស្សីតទៅអនាគតនោះ?។ ហេតុនេះកឧត្តមសូមលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ពិសេសក្មួយៗ ជាយុវជនដំបូងគេត្រូវខិតខំរៀនសូត្រ និងរំលែកពេលវេលា ដើម្បីលេងកីឡា ឱ្យខួរក្បាលរបស់យើងមានប្រាជ្ញាវាងវៃ។

នាឱកាសនោះលោក លី ម៉េងសាន ជាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា៖ ក្រុមកីឡាករកីឡាការិនី មន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួមប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥នេះ សរុបចំនួន ៩១ក្រុម ដែលមានកីឡាករ កីឡាការិនី សរុប ៩៣១នាក់ និងគ្រូបង្វឹកចំនួន ១៨៧នាក់ ហើយប្រភេទកីឡាដែលបានដាក់ឲ្យប្រកួត រួមមាន៖ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់ប៊ូល កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសី ផងដែរ៕