អន្តរជាតិ

រុស្ស៊ីអះអាងថាបានកាន់កាប់ទីក្រុងអ៊ុយក្រែន ខណៈការប្រយុទ្ធនៅតែបន្តនៅក្នុងតំបន់ឃឺស្ក

ប្រែសម្រួល៖ តារា

ទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានថ្លែងនៅថ្ងៃចន្ទ (ថ្ងៃទី៦ ខែមករា) ថាខ្លួនបានធ្វើការរីកចម្រើនសំខាន់មួយនៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីបាននិយាយថា កងកម្លាំងម៉ូស្គូនៅតែបន្តទប់ទល់នឹងការវាយប្រហារដ៏ធំមួយរបស់អ៊ុយក្រែននៅក្នុងភាគខាងលិចប្រទេសរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ទីក្រុងគូរ៉ាខូវែ ដែលស្ថិតនៅចម្ងាយ៣២គីឡូម៉ែត្រភាគខាងត្បូងក្រុងប៉ូក្រូវស្ក ដែលជាមជ្ឈមណ្ឌលភស្តុភារសំខាន់របស់អ៊ុយក្រែន ដែលរុស្ស៊ីបានព្យាយាមវាយលុកអស់រយៈពេលជាច្រើនខែមកហើយ។

ក្នុងពេលជាមួយគ្នានេះ អ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីបានថ្លែងថា អ៊ុយក្រែនកំពុងវាយប្រហារនៅក្នុងតំបន់ឃឺស្ករបស់រុស្ស៊ីជាថ្ងៃទីពីរនៅថ្ងៃចន្ទ ដោយអ្នកខ្លះបានពិពណ៌នាស្ថានភាពថាគួរឱ្យព្រួយបារម្ភ។

អ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារថ្មីមួយនៅថ្ងៃអាទិត្យនៅក្នុងតំបន់ឃឺស្ក ដែលកងកម្លាំងរបស់ខ្លួនបានឆ្លងកាត់ព្រំដែននៅថ្ងៃទី៦ ខែសីហា ហើយក្នុងរយៈពេលប្រាំខែកន្លងមកនេះ បានទប់ទល់នឹងការប៉ុនប៉ងបណ្តេញចេញរបស់រុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា កងកម្លាំងរបស់ខ្លួនបានវាយបកការវាយប្រហារដំបូងរបស់អ៊ុយក្រែននៅថ្ងៃអាទិត្យ នៅភាគខាងជើងផ្លូវហាយវ៉េដែលឆ្ពោះទៅកាន់ទីក្រុងឃឺស្ក ដែលជារដ្ឋធានីតំបន់។

ប៉ុន្តែអ្នកសរសេរប្លុកយោធារុស្ស៊ី – ដែលជាក្រុមអ្នកយកព៏ត៌មានសង្គ្រាម និងអ្នកជំនាញ ដែលទោះបីជាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ម៉ូស្គូក៏ដោយ ក៏តែងតែរិះគន់ភាពខ្វះចន្លោះរបស់ខ្លួន – បាននិយាយថាការប្រយុទ្ធយ៉ាងសាហាវនៅតែបន្តជាថ្ងៃទីពីរ។

“ព្រឹកនេះនៅក្នុងតំបន់ឃឺស្កកំពុងចាប់ផ្តើមដោយគួរឱ្យព្រួយបារម្ភម្តងទៀត។ វាច្បាស់ណាស់ថាបរាជ័យកាលពីម្សិលមិញនឹងមិនបញ្ឈប់សត្រូវទេ ហើយគេនឹងព្យាយាមដាក់សម្ពាធលើយើងម្តងទៀតនៅថ្ងៃនេះ” នេះជាការបង្ហោះរបស់អ្នកសរសេរប្លុកម្នាក់ឈ្មោះ យូរី ប៉ូដូលយ៉ាកា នៅលើ Telegram។

រុស្ស៊ីគ្រប់គ្រងប្រមាណមួយភាគប្រាំនៃអ៊ុយក្រែនបន្ទាប់ពីសង្គ្រាមជិតបីឆ្នាំ ប៉ុន្តែជោគជ័យដែលមិនបាននឹកស្មានដល់របស់អ៊ុយក្រែនក្នុងការកាន់កាប់ និងរក្សាបានផ្នែកមួយនៃទឹកដីរុស្ស៊ី អាចនឹងពង្រឹងជំហរចរចារបស់ខ្លួន ខណៈភាគីទាំងសងខាងកំពុងត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាពដែលអាចនឹងកើតមាននៅឆ្នាំនេះ។

ភាគីទាំងពីរបានខិតខំប្រឹងប្រែងក្នុងការកែលម្អស្ថានភាពសមរភូមិរបស់ខ្លួន មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ធ្វើសម្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ លោក ត្រាំ បានថ្លែងជាច្រើនដងថា លោកនឹងបញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័ស ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបទេ៕

ប្រភព៖ Reuters/ec