អន្តរជាតិ

ភ្ញៀវទេសចរអេស្ប៉ាញស្លាប់ដោយសារដំរីដែល “ភ័យខ្លាច” នៅមជ្ឈមណ្ឌលអភិរក្ស

ប្រែសម្រួល៖ស្រីស្រស់

ផាង ងា ប្រទេសថៃ៖ ដំរីមួយក្បាលដែល “ភ័យខ្លាច” បានសម្លាប់ភ្ញៀវទេសចរអេស្ប៉ាញម្នាក់ ខណៈពេលដែលនាងកំពុងងូតទឹកឱ្យសត្វនេះនៅមជ្ឈមណ្ឌលថែទាំដំរីមួយក្នុងភាគខាងត្បូងប្រទេសថៃ នេះបើតាមការបញ្ជាក់របស់ប៉ូលិសមូលដ្ឋានកាលពីថ្ងៃចន្ទ (ថ្ងៃទី៦ ខែមករា)។

កញ្ញា Blanca Ojanguren García

កាលពីថ្ងៃសុក្រ កញ្ញា Blanca Ojanguren García អាយុ២៣ឆ្នាំ កំពុងងូតទឹកឱ្យដំរីនៅមជ្ឈមណ្ឌលថែទាំដំរីកោះយ៉ាវ ស្ថិតក្នុងស្រុកកោះយ៉ាវនៃខេត្តផាងងា នៅពេលដែលនាងត្រូវបានប្រល័យដោយដំរីដែលកំពុងស្ថិតក្នុងស្ថានភាពតានតឹង។ យោងតាមកាសែត Bangkok Post ដំរីក៏បានចាក់ភ្លុករបស់វាចូលទៅក្នុងខ្លួននាងផងដែរ។

លោក Jaran Bangprasert ប្រធានប៉ូលិសមូលដ្ឋានបានមានប្រសាសន៍ប្រាប់ AFP ថា “ភ្ញៀវទេសចរជាស្ត្រីម្នាក់បានស្លាប់ខណៈពេលងូតទឹកឱ្យដំរី”។

អ្នកជំនាញបានលើកឡើងថា ដំរីនោះទំនងជាមានភាពតានតឹងដោយសារសម្ពាធនៃការរស់នៅ និងការធ្វើអន្តរកម្មជាមួយភ្ញៀវទេសចរនៅក្រៅប្រព័ន្ធអេកូឡូស៊ីរបស់វា នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុក។

កញ្ញា García ដែលមកពីក្រុង Valladolid ភាគពាយព្យប្រទេសអេស្ប៉ាញ គឺជានិស្សិតផ្នែកច្បាប់ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Navarra។

នាងកំពុងរស់នៅប្រទេសតៃវ៉ាន់ក្រោមកម្មវិធីផ្លាស់ប្តូរសិក្សា Erasmus ហើយបានមកទស្សនាប្រទេសថៃក្នុងនាមជាភ្ញៀវទេសចរ បើតាមកាសែត Bangkok Post។

និស្សិតរូបនេះស្ថិតនៅមជ្ឈមណ្ឌលអភិរក្សដំរីជាមួយមិត្តប្រុសរបស់នាង ដែលជាយោធិននិស្សិតមកពីក្រុង Oviedo ក៏នៅភាគពាយព្យប្រទេសអេស្ប៉ាញដែរ ដែលមានវត្តមាននៅពេលកើតហេតុ។

លោក Jose Manuel Albares រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញបានមានប្រសាសន៍ថា ស្ថានកុងស៊ុលអេស្ប៉ាញនៅបាងកកកំពុងផ្តល់ជំនួយ បើតាមកាសែត Bangkok Post។

សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអេស្ប៉ាញ ដែលត្រូវបានដកស្រង់ដោយវេទិកាព័ត៌មាន NDTW World បានឱ្យដឹងថា “យើងអាចបញ្ជាក់អំពីការស្លាប់ដ៏គួរឱ្យសោកសៅក្នុងគ្រោះថ្នាក់មួយរបស់ភ្ញៀវទេសចរអេស្ប៉ាញម្នាក់។ ស្ថានកុងស៊ុលអេស្ប៉ាញនៅបាងកកកំពុងទាក់ទងជាមួយសាច់ញាតិជនរងគ្រោះ និងកំពុងផ្តល់ជំនួយកុងស៊ុលចាំបាច់ទាំងអស់ ដូចជាករណីធម្មតាក្នុងកាលៈទេសៈបែបនេះ”។

ដំរីព្រៃបានសម្លាប់មនុស្ស២២៧នាក់ រួមទាំងភ្ញៀវទេសចរផង ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ យោងតាមនាយកដ្ឋានឧទ្យានជាតិសត្វព្រៃ និងអភិរក្សរុក្ខជាតិ។

កាលពីខែមុន ដំរីមួយក្បាលបានសម្លាប់ស្ត្រីម្នាក់អាយុ៤៩ឆ្នាំនៅឧទ្យានជាតិមួយក្នុងខេត្តឡើយ ភាគខាងជើងប្រទេសថៃ។

ខណៈពេលដែលការប៉ះទង្គិចរវាងអ្នកភូមិ និងដំរីព្រៃកើតឡើងជាញឹកញាប់ ការវាយប្រហារនៅមជ្ឈមណ្ឌលអភិរក្សនៅតែកម្រកើតមាន។

ការងូតទឹកឱ្យដំរីគឺជាសកម្មភាពពេញនិយមមួយក្នុងចំណោមភ្ញៀវទេសចរនៅប្រទេសថៃ ដែលមានដំរីប្រមាណ២៨០០ក្បាលត្រូវបានគេប្រើប្រាស់សម្រាប់គោលបំណងទេសចរណ៍នៅទូទាំងប្រទេស នេះបើយោងតាមអង្គការ World Animal Protection។

ទោះយ៉ាងណាក្តី ក្រុមសិទ្ធិសត្វបានលើកឡើងថា ការងូតទឹកឱ្យដំរីអាចបង្កឱ្យពួកវាមានភាពតានតឹង ហើយមជ្ឈមណ្ឌលអភិរក្សមួយចំនួននៅក្នុងប្រទេសមិនអនុញ្ញាតឱ្យមានសកម្មភាពនេះទេ៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន/ao(js)