ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ប្រជាកសិករ៤ភូមិនៅឃុំប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ បានសាទរនិងរីករាយដោយទទួលបានការបញ្ចុះថ្លៃទឹកបញ្ចូលស្រែពាក់កណ្តាល បន្ទាប់ពីអភិបាលស្រុកសម្របសម្រួលដោះស្រាយកាលពីរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២៥កន្លងមក។នេះបើតាមមន្ត្រីអាជ្ញាធរបានឥ្យដឹងកាលពីថ្ងៃទី០៤ខែមករា។
លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានអោយដឹងនៅក្រោយមការប្រជុំសម្របសម្រួលដោះស្រាយពីព្រឹកទល់រសៀលនោះនៅសាលាឃុំប្រាសាទថា: ភាគីផ្គត់ផ្គង់ទឹកនិងប្រជាពលរដ្ឋ បានយោគយល់អធ្យាស្រ័យគ្នាដើម្បីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋយ៉ាងតិច៤ភូមិនៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យស្នើសុំបញ្ចុះថ្លៃទឹកធ្វើស្រែ មកត្រឹមតម្លៃទាបមួយដែលអាទទួលយកបាន ។ ពួកគេសប្បាយចិត្តនិងអរគុណណាស់ ពោលគឺជាដំណោះស្រាយតាមគោលការណ៍ឈ្នះ ឈ្នះ លើតម្លៃទឹកបញ្ចូលធ្វើស្រែ ដោយចុះតម្លៃពីថ្លៃ៣៥ម៉ឺនរៀលក្នុង១ហិកតាក្នុង១រដូវធ្វើស្រែ មកនៅត្រឹម១៧ម៉ឺនរៀលក្នុង១ហិកតាក្នុង១រដូវវិញ ហើយភាគីអ្នកផ្គត់ផ្គង់ទឹកមានកាតព្វកិច្ចផ្គត់ផ្គង់ទឹកធ្វើស្រែអោយបានគ្រប់គ្រាន់។ចំណែកភាគីប្រជាកសិករមានកាតព្វកិច្ចប្រើប្រាស់ទឹកឲ្យបានសមស្រប មិនខ្ជះខ្ជាយ ។
អ្នកផ្គត់ផ្គង់ទឹកកន្លងមកនៅឃុំប្រាសាទគឺលោកលាន ប៊ុនឈិក និងអ្នកស្រីតឺប ជាប្រពន្ធ។
ដោយសារការចំណាយច្រើនលើថ្លែទឹកធ្វើស្រែ រីឯតម្លៃស្រូវរដូវវស្សាបានធ្លាក់តម្លៃ ប្រជាពលរដ្ឋ៤ភូមិនៅឃុំនេះបានសំណូមពរអោយអ្នកផ្គត់ផ្គង់ទឹកនេះបញ្ចុះតម្លៃទឹក ប៉ុន្តែអ្នកផ្គត់ផ្គង់ទឹកមិនព្រម ព្រោះការចំណាយថ្លៃដើមនិងសេវាក៏ច្រើនដែរ។
ហេតុផលនេះ ទើបធ្វើអោយប្រជាកសិករបានគិតគ្នាដើម្បីបង្កើតអ្នកផ្គត់ផ្គង់ទឹកថ្មីគឺលោកហៀប ណេត និងអ្នកស្រីរី ស៊ីណែត ។
ឃើញដូច្នេះ លោកលាន ប៊ុនឈិកនិងអ្នកស្រីតឺប បានធ្វើទុក្ខ បង្កឧបសគ្គ ហើយទំនងជាកើតពីការច្រណែន និងទំនាស់ផលប្រយោជន៍ ក៏មានបុគ្គលមិនស្គាល់មុខបានទៅផ្សារដែកបិទទ្វារទឹកពីប្រឡាយមេរបស់រដ្ឋនៃក្រសួងធនធានទឹក ដើម្បីកុំអោយបង្ហូរទឹកមកប្រឡាយនាំទឹករបស់ខ្លួនបានជាដើម។
បញ្ហានេះ ប្រជាកសិករបានផ្ទុះការតវ៉ា ហើយលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះនិងមន្ត្រីបានចុះទៅសហការជាមួយមេឃុំ មេភូមិ សហគមន៍ ប្រជាពលរដ្ឋ សមត្ថកិច្ចនិងភាគីអ្នកផ្គត់ផ្គង់ទឹក រួចបានពិភាក្សាដ៏តឹងតែង ប៉ុន្តែទីបំផុតក៏ឈានសម្រេចលទ្ធផលដូចខាងលើគឺលោកលាន ប៊ុនឈិកនិងអ្នកស្រីតឺប នៅតែជាអ្នកផ្គត់ផ្គង់ទឹកធ្វើស្រែដដែលទេ ប៉ុន្តែតម្លៃទឹកត្រូវបញ្ចុះតម្លៃពាក់កណ្តាលគឺ៣៥ម៉ឺនរៀលមក១៧ម៉ឺនរៀលក្នុង១ហិកតាក្នុង១រដូវឬវគ្គធ្វើស្រែ(២ទៅ៣រដូវ) ៕