អន្តរជាតិ

នាយករដ្ឋមន្ត្រីកាណាដានឹងលាលែងពីតំណែងដោយសារមានការទាមទាររបស់ពលរដ្ឋឲ្យចុះចេញ

ប្រែសម្រួល៖តារា

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ត្រូវបានរំពឹងថានឹងដាក់ពាក្យលាលែងពីតំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្រោយពីមានការទាមទារពីសាធារណជនក្នុងប្រទេសរបស់លោក ដែលមិនពេញចិត្តនឹងគោលនយោបាយសេរីនិយមរបស់លោក។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ត្រូវបានរំពឹងថានឹងដាក់ពាក្យលាលែងពីតំណែង

យោងតាមប្រភពដែលដឹងពីផែនការរបស់នាយករដ្ឋមន្ត្រី បានប្រាប់កាសែត The Globe and Mail ថា លោក ទ្រូដូ អាចនឹងប្រកាសពីការលាលែងពីតំណែងជាមេដឹកនាំគណបក្សសេរីនិយម នៅថ្ងៃចន្ទនេះ។

ទោះបីជាមិនទាន់ច្បាស់ថាតើលោកនឹងធ្វើការប្រកាសនៅពេលណានោះទេ ប្រភពព័ត៌មានបានបញ្ជាក់ថា វានឹងកើតឡើងមុនកិច្ចប្រជុំគណៈកម្មាធិការជាតិសំខាន់មួយនៅថ្ងៃពុធ។

អ្នកដែលដឹងពីផែនការរបស់លោក ទ្រូដូ ម្នាក់បានប្រាប់កាសែត The Globe and Mail ថា លោកដឹងថាត្រូវតែធ្វើការប្រកាសមុនការជួបជាមួយគណៈកម្មាធិការគណបក្សដើម្បីជៀសវាងការយល់ឃើញថាលោកត្រូវបានគណបក្សបង្ខំឱ្យចាកចេញ។

នាយករដ្ឋមន្ត្រីបានសន្និដ្ឋានថា គណបក្សលែងគាំទ្រលោកទៀតហើយ ហើយលោកដឹងថាគ្មានផ្លូវសម្រាប់លោកបន្តកាន់តំណែងទៀតទេ នេះបើតាមប្រភពព័ត៌មានបានឱ្យដឹង។

មិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើថ្នាក់ដឹកនាំជាតិគណបក្សសេរីនិយមមានផែនការយ៉ាងណាក្នុងការជ្រើសរើសអ្នកជំនួសលោក ទ្រូដូ ជានាយករដ្ឋមន្ត្រី និងថាតើលោកនឹងនៅក្នុងតំណែងរហូតដល់មានការជ្រើសរើសមេដឹកនាំថ្មីដែរឬទេ។

ប៉ុន្តែ គណៈកម្មាធិការជាតិគណបក្សសេរីនិយម ដែលសម្រេចលើបញ្ហាភាពជាអ្នកដឹកនាំ គ្រោងនឹងប្រជុំគ្នានៅចុងសប្តាហ៍នេះ។

លោកស្រី គ្រីស្ទីយ៉ា ហ្វ្រីឡែន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាឧបនាយករដ្ឋមន្ត្រី

ការសម្រេចចិត្តនេះកើតឡើងក្រោយពីមានការភ្ញាក់ផ្អើល ដោយសារការលាលែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកស្រី គ្រីស្ទីយ៉ា ហ្វ្រីឡែន ពីតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែធ្នូ ដែលជាថ្ងៃដដែលដែលលោកស្រីត្រូវធ្វើបទបង្ហាញអំពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕