ប្រែសម្រួល៖ តារា
ជើងហោះហើររបស់ក្រុមហ៊ុន United Airlines នឹងអាចប្រើប្រាស់សេវាកម្ម Wi-Fi Starlink របស់លោក Elon Musk ចាប់ពីដើមរដូវផ្ការីកនេះ ដែលជាសញ្ញាបង្ហាញពីការពង្រីកឥទ្ធិពលរបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ។
United នឹងចាប់ផ្ដើមសាកល្បងប្រើប្រាស់ Starlink នៅខែកុម្ភៈ ហើយជើងហោះហើរពាណិជ្ជកម្មដំបូងដែលមានសេវាកម្មនេះនឹងចាប់ផ្ដើមនៅរដូវផ្ការីកនេះ លើយន្តហោះប្រភេទ Embraer E-175។ ក្រុមហ៊ុនអាកាសចរណ៍នេះមានគម្រោងបំពាក់សេវាកម្មនេះលើកងយន្តហោះតំបន់ដែលមានពីរថ្នាក់ទាំងអស់ត្រឹមចុងឆ្នាំ២០២៥ និងមានយន្តហោះប្រភេទមេដំបូងដែលបំពាក់ Starlink នៅចុងឆ្នាំនេះ។
Starlink នឹងមានផ្ដល់ជូននៅគ្រប់ជើងហោះហើររបស់ United នាពេលអនាគត។
លោក Musk ដែលជាប្រធាននិងម្ចាស់ក្រុមហ៊ុនជាច្រើន ចាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រហូតដល់ក្រុមហ៊ុនមេរបស់ Starlink គឺ SpaceX បានប្រើប្រាស់បណ្ដុំអាជីវកម្មរបស់លោក និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើនឥទ្ធិពលហួសពីវិស័យបច្ចេកវិទ្យា។ កិច្ចព្រមព្រៀងជាមួយ United គឺជាសញ្ញាមួយទៀតដែលបង្ហាញថាអាជីវកម្មរបស់លោកបានរីកសាយភាយទៅក្នុងឧស្សាហកម្មនានាទូទាំងសេដ្ឋកិច្ចអាមេរិក។
សមាជិក MileagePlus ទាំងអស់របស់ United នឹងមានសិទ្ធិប្រើប្រាស់ Starlink ដោយឥតគិតថ្លៃ ដែលរួមមានសេវាកម្មស្ត្រីមីង ការទិញទំនិញ ហ្គេម និងសេវាកម្មផ្សេងៗទៀត។ United និង Starlink បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងនេះកាលពីខែកញ្ញា។
United មិនមែនជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿននៅលើជើងហោះហើរនោះទេ។ កាលពីខែកញ្ញា ក្រុមហ៊ុន Hawaiian Airlines បានប្រកាសថានឹងផ្ដល់សេវា Starlink ដោយឥតគិតថ្លៃដល់អ្នកដំណើរទាំងអស់នៅលើជើងហោះហើរដែលប្រើប្រាស់យន្តហោះ Airbus រវាងកោះហាវ៉ៃ និងទ្វីបអាមេរិក អាស៊ី និងអូសេអានី។ ក្រុមហ៊ុនជួលយន្តហោះឯកជនពាក់កណ្ដាល JSX ក៏មានផ្ដល់សេវា Wi-Fi Starlink ដោយឥតគិតថ្លៃនៅលើកងយន្តហោះទាំង៤៦គ្រឿងរបស់ខ្លួនផងដែរ។
ក្រុមហ៊ុន Delta Air Lines បានប្រកាសកាលពីដើមឆ្នាំ២០២៣ ថា Wi-Fi ឥតគិតថ្លៃនឹងមានផ្ដល់ជូនសមាជិកកម្មវិធី SkyMiles របស់ខ្លួន។ ក្រុមហ៊ុន JetBlue Airways មានផ្ដល់សេវា Wi-Fi ឥតគិតថ្លៃនៅលើជើងហោះហើរតាំងពីឆ្នាំ២០១៧មកម្ល៉េះ។
សេវាអ៊ីនធឺណិតលើយន្តហោះត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០០៣ នៅពេលក្រុមហ៊ុនផលិតយន្តហោះ Boeing បានប្រកាសអំពីសេវាកម្មរបស់ខ្លួន ឈ្មោះ Connexion។ Boeing បានបញ្ឈប់សេវាកម្មនេះនៅឆ្នាំ២០០៦ បន្ទាប់ពីទីផ្សារ “មិនបានវិវត្តទៅមុខ” ដូចការរំពឹងទុក៕
អត្ថបទនេះមានការរួមចំណែកពី Clare Duffy របស់ CNN