អន្តរជាតិ

តារាកម្មវិធី RuPaul’s Drag Race UK ដែលមានឈ្មោះថា The Vivienne បានទទួលមរណភាពក្នុងវ័យ ៣២ឆ្នាំ

ប្រែសម្រួល៖ ស្រីស្រស់

លោកស្រី James Lee Williams អាយុ ៣២ឆ្នាំ ដែលត្រូវបានស្គាល់ច្រើនថាជា The Vivienne និងជាអ្នកឈ្នះកម្មវិធីប្រកួតប្រជែង RuPaul’s Drag Race UK បានទទួលមរណភាព នេះបើយោងតាមការប្រកាសរបស់អ្នកនាំពាក្យ Simon Jones កាលពីថ្ងៃអាទិត្យ (ថ្ងៃទី៥ ខែមករា)។

លោកស្រី James Lee Williams

លោក Jones បានសរសេរនៅលើបណ្តាញសង្គម X ថា “យើងមានសេចក្តីសោកស្តាយយ៉ាងខ្លាំងក្នុងការជម្រាបជូនថា លោកស្រី James Lee Williams ហៅ The Vivienne បានទទួលមរណភាពនៅចុងសប្តាហ៍នេះ។ James គឺជាមនុស្សដែលត្រូវបានគេស្រលាញ់យ៉ាងខ្លាំង មានចិត្តល្អ និងជាមនុស្សអស្ចារ្យម្នាក់។”

The Vivienne ដែលកើតនៅប្រទេសវ៉េល បានល្បីឈ្មោះក្នុងឆ្នាំ២០១៥ បន្ទាប់ពីបានក្លាយជាទូតសិល្បៈ Drag នៅចក្រភពអង់គ្លេសសម្រាប់កម្មវិធីទូរទស្សន៍អាមេរិក RuPaul’s Drag Race។ ឈ្មោះសិល្បៈរបស់លោកស្រី Williams ត្រូវបានបង្កើតឡើងដោយទទួលឥទ្ធិពលពីអ្នករចនាម៉ូដដ៏ល្បីឈ្មោះអង់គ្លេស Vivienne Westwood។

មនុស្សជាច្រើនបានសម្តែងការគោរពអាឡោះអាល័យចំពោះ The Vivienne។

កម្មវិធី RuPaul’s Drag Race បានសរសេរនៅលើ X ថា “ទេពកោសល្យ អារម្មណ៍សប្បាយរីករាយ និងការតាំងចិត្តរបស់គាត់ចំពោះសិល្បៈ drag គឺជាការបំផុសគំនិតមួយ។ យើងនឹងនឹករឭកគាត់យ៉ាងខ្លាំង ប៉ុន្តែកេរ្តិ៍ដំណែលរបស់គាត់នឹងនៅគង់វង្សតទៅ។”

អ្នកចម្រៀងនិពន្ធចម្រៀង Michelle Visage ដែលជាចៅក្រមនៃកម្មវិធី RuPaul’s Drag Race បាននិយាយនៅលើ Instagram ថា “ខ្ញុំមិនដឹងថាត្រូវនិយាយយ៉ាងម៉េចអំពីអារម្មណ៍របស់ខ្ញុំទេ។ យើងនឹងនឹករឭកអ្នកយ៉ាងខ្លាំង សូមឱ្យពន្លឺរបស់អ្នកបន្តភ្លឺចិញ្ចាចជារៀងរហូត៕”

ប្រភព៖ Reuters/sr