សន្ដិសុខសង្គម

ជនបរទេសចម្រុះជាតិសាសន៍ជាង៥០នាក់ប្រដាប់ដោយដំបង បំពង់ទីបស្ទុះចេញពីកាស៊ីណូនៅច្រកព្រំដែនអូរស្មាច់ដោយមូលហេតុ?

ដោយ : បន្ទាយ

ឧត្តរមានជ័យ : ករណីផ្អូកផ្អើលមួយដែលគេបាននិងកំពុងរកមូលហេតុពិត ដោយមានជនបរទេសចម្រុះជាតិសាសន៍ជាង៥០នាក់ ប្រដាប់ដោយដំបង និងបំពងទីប បានសម្រុកចេញពីកាស៊ីណូមួយកន្លែងនៅមាត់ច្រកអន្តរជាតិអូរស្មាច់ ឆ្ពោះទៅផ្លូវភ្លោះដែលនៅជាប់នឹងព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

កម្លាំងសមត្ថកិច្ចជំនាញនិងដែនដីបានចេញអន្តរាគមន៍ ដោយបានដឹកយកពួកគេទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឯក្រុងសំរោង។

យោងប្រភពព័ត៌មានពីច្រកព្រំដែនអន្តរជាតិអូរស្មាច់ បានឲ្យដឹងនៅថ្ងៃទី៥ខែមករាថា : ជនបរទេសចម្រុះជាតិសាសន៍និងភេទជាង៥០នាក់ដែលមានកាន់ដំបងឈើ និងបំពងទីប សម្រុកចេញពីប្លុកក្រុមហ៊ុនកាស៊ីណូមួយកន្លែងដែលមានយីហោថាអូរស្មាច់រីសត (O’Smach Resort Casino) ចេញមកផ្លូវភ្លោះនៃផ្លូវច្រកព្រំដែនអន្តរជាតិអូរស្មាច់ ។

ក្រុមសន្តិសុខកាស៊ីណូបានខិតខំឃាត់និងរារាំងដើម្បីនាំចូលទៅក្នុងបរិវេណកាស៊ីណូវិញ ប៉ុន្តែជនបរទេសទាំងនោះមិនព្រមស្តាប់ ហើយនាំគ្នាដើរស្ទើរដល់ជើងភ្នំ ទើបត្រូវបានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថដែនដីស្ទាក់អន្តរាគមន៍កាក់សួរនាំបានមួយសន្ទុះ រួចក៏ត្រូវគេដឹកតាមរថយន្តឆ្ពោះទៅស្នងការដ្ឋាននគរបាលខេត្ត។

ជុំវិញករណីខាងលើនេះ បើតាមប្រភពនានាដែលសារព័ត៌មានទទួលបាន ឲ្យដឹងថា: ជនបរទេសទាំងនោះ ជាអ្នកធ្វើការខាងអនឡាញ (Online Gambling) ហើយទំនងជា ឬសង្ស័យថាតែងរងការគាបសង្កត់ ធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិសេរីភាពពីអ្នកគ្រប់គ្រងចាត់ការក្នុងកាស៊ីណូខាងលើ ទើបពួកគេសម្រុកនាំគ្នាចេញមកក្រៅដើម្បីដកយកខ្យល់នៃសេរីភាព។

ហេតុនេះ ពេលដែលសមត្ថកិច្ចឃាត់និងនាំពួកគេមុនឡើងឡាន ពួកគេបានស្រែកខ្លាំងៗជាភាសារបរទេស(មិនមែនជាភាសាអង់គ្លេស  បារាំង ចិន ថៃ…) ដែលទំនងជាក្នុងន័យខឹងសម្បា ឬចង់រើបម្រះពីការគាបសង្កត់។ ប៉ុន្តែសមត្ថកិច្ចនិងអ្នកសារព័ត៌មានយើងស្តាប់មិនយល់ន័យឡើយ(មិនចេះភាសា)។

ករណីខាងលើនេះ អ្នកសារព័ត៌មានមកទល់ថ្ងៃទី៦ខែមករាឆ្នាំ២០២៥  បន្តរង់ចាំដើម្បីសុំការបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចនៃខេត្តឧត្តរមានជ័យនិងពីខាងអ្នកទទួលខុសត្រូវនៃក្រុមហ៊ុនកាស៊ីណូអូរស្មាច់រីសត (O’Smach Resort Casino) ដោយក្តីអនុគ្រោះ និងស្មារតីសហការ៕