កីឡា

អាសេណាល និងឆែលស៊ីបែកពិន្ទុ ខណៈញូកាស្សលបន្តឡើងកម្តៅ

ប្រែសម្រួល៖ ស្រីស្រស់

ឡុងដ៍៖ ក្រុមអាសេណាលបានខកខានឱកាសដាក់សម្ពាធទៅលើក្រុមនាំមុខតារាង លីវឺផូល នៅពេលពួកគេស្មើ ១-១ នៅក្រៅទឹកដីជាមួយក្រុមប្រ៊ាយតុន អេនហូវ អាល់ប៊ីយុន ខណៈដែលក្រុមឆែលស៊ីក៏បានបែកពិន្ទុនៅឯក្រុមក្រិស្តាល់ ប៉ាឡាស នាថ្ងៃសៅរ៍។

លីវឺផូលនឹងចាប់ផ្តើមឆ្នាំថ្មីរបស់ពួកគេនៅថ្ងៃអាទិត្យនៅផ្ទះជាមួយមេនឆេស្ទ័រ យូណៃធីត ដែលពួកគេមានឱកាសនឹងឈានទៅមុខដាច់ ៨ ពិន្ទុពីក្រុមតាមពីក្រោយ ដោយនៅសល់មួយប្រកួតក្នុងដៃ។

ជើងឯកការពារពាន មេនឆេស្ទ័រ ស៊ីធី បានចាប់ផ្តើមឆ្នាំរបស់ពួកគេជាមួយនឹងជ័យជម្នះជាប់គ្នាលើកទីពីរ ដូចជាការវិលត្រឡប់មកវិញនូវទម្រង់លេងធម្មតារបស់ក្រុមលោក ប៉េប ហ្គាឌីយ៉ូឡា និងក្រុមញូកាស្សល យូណៃធីត បានតាមជិតកន្លែងបួនក្រុមកំពូលជាមួយនឹងជ័យជម្នះតិចតួចលើក្រុមតុតតិនហាម ហតស្ព៊ឺ។

បន្ទាប់ពីធ្លាក់ទម្រង់លេងនារដូវស្លឹកឈើជ្រុះ អាសេណាលបានងើបឡើងវិញដោយក្លាយជាក្រុមដែលទំនងជាអាចប្រជែងជាមួយលីវឺផូលនៅពាក់កណ្តាលរដូវកាលក្រោយ ហើយជ័យជម្នះនៅប្រ៊ាយតុននឹងកាត់បន្ថយគម្លាតមកត្រឹមបីពិន្ទុ។

ពួកគេហាក់ដូចជាកំពុងឈានទៅរកជ័យជម្នះក្នុងលីគជាប់ៗគ្នាលើកទីបួន នៅពេលដែលកីឡាករវ័យក្មេង អេថាន ញ៉ានី (Ethan Nwaneri) បានស៊ុតបញ្ចូលទីនាំមុខនៅពាក់កណ្តាលតង់ទីមួយ ប៉ុន្តែអាសេណាលត្រូវបានតាមស្មើវិញនៅពេលដែល ចូអាវ ពេដ្រូ (Joao Pedro) បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ បញ្ចូលទីនៅម៉ោងទី ៦០។

អាសេណាលមាន ៤០ ពិន្ទុពី ២០ ប្រកួត ខណៈដែលលីវឺផូលមាន ៤៥ ពិន្ទុ។ ការស្មើ ១-១ របស់ឆែលស៊ីនៅក្រុងក្រិស្តាល់ ប៉ាឡាស បានទុកពួកគេនៅលេខបួនដោយមាន ៣៦ ពិន្ទុពី ២០ ប្រកួត មួយពិន្ទុតិចជាងក្រុមលេខបី ណតធីងហ្គាម ហ្វរេស្ត ដែលនឹងជួបក្រុមវូលវឺហែមតុន វ៉នដឺរឺរស៍ នៅថ្ងៃចន្ទ។

“យើងលេងរៀងរាល់បីថ្ងៃម្តង។ ខ្ញុំយល់ពីចំណង់ចំណូលចិត្តរបស់យើងក្នុងការ(ឈ្នះ) ប៉ុន្តែនិយាយពីគុណភាព ភាពស្មើគ្នា និងការធ្វើរឿងសាមញ្ញឱ្យបានត្រឹមត្រូវប្រឆាំងនឹងក្រុមប្រកួតប្រជែងមួយ យើងមិនបានធ្វើបានគ្រប់គ្រាន់នៅថ្ងៃនេះទេ” នេះជាសម្តីរបស់គ្រូបង្វឹកអាសេណាល លោក មីកែល អាតេតា។

ញ៉ានី វ័យ ១៧ ឆ្នាំ បានទទួលការកោតសរសើរយ៉ាងខ្លាំងពីការលេងជំនួសជាច្រើនលើកសម្រាប់អាសេណាល ហើយត្រូវបានផ្តល់ឱកាសឱ្យបង្ហាញសមត្ថភាពក្នុងអវត្តមានរបស់ ប៊ូកាយ៉ូ សាកា ដែលរងរបួស។

គេបានស៊ុតបញ្ចូលទីនាំមុខនៅនាទីទី ១៦ ក្នុងការចាប់ផ្តើមលេងក្នុងព្រីមៀរលីគជាលើកទីពីររបស់គេ ដោយកាត់ចូលនិងស៊ុតយ៉ាងជឿជាក់ហួស បាត វឺប្រូហ្គិន ដើម្បីផ្តល់រង្វាន់ដល់អាសេណាលសម្រាប់ការចាប់ផ្តើមយ៉ាងរឹងមាំ។

ប៉ុន្តែប្រ៊ាយតុនបានវាយបកវិញ ហើយត្រូវបានផ្តល់បាល់ពិន័យ ១១ម៉ែត្រនៅនាទីទី ៦០ នៅពេលដែល ពេដ្រូ ដួលក្រោយការប៉ះក្បាលគ្នាជាមួយ វីលៀម សាលីបា ក្នុងតំបន់គ្រោះថ្នាក់។ កីឡាករប្រេស៊ីលរូបនេះបន្ទាប់មកបានស៊ុតបាល់ពិន័យយ៉ាងស្ងប់ស្ងាត់ហួស ដេវីដ រ៉ាយ៉ា។

ប្រ៊ាយតុន ដែលស្ថិតនៅលេខ ១០ មានឱកាសយកពិន្ទុពេញទាំងបី ប៉ុន្តែបានស្មើជាលើកទី ៦ ក្នុងរយៈពេល ៨ ប្រកួតចុងក្រោយរបស់ពួកគេក្នុងលីគ។

ការងើបឡើងវិញមុនបុណ្យណូអែលរបស់ឆែលស៊ីបានអស់កម្លាំង ហើយឥឡូវនេះពួកគេទទួលបានតែពីរពិន្ទុប៉ុណ្ណោះពីបួនប្រកួតចុងក្រោយរបស់ពួកគេ។

ខូល ប៉ាមឺ បានស៊ុតឱ្យពួកគេនាំមុខដោយសមរម្យនៅពាក់កណ្តាលតង់ទីមួយប្រឆាំងនឹងក្រិស្តាល់ ប៉ាឡាស នៅកីឡដ្ឋាន សេលហឺស្ត ប៉ាក ប៉ុន្តែពួកគេមិនអាចបញ្ចប់ការប្រកួតមុនពេល ហ្សង់-ហ្វីលីប ម៉ាតេតា ស៊ុតបញ្ចូលទីតាមស្មើឱ្យម្ចាស់ផ្ទះ។

បន្ទាប់ពីទទួលបានតែមួយជ័យជម្នះប៉ុណ្ណោះក្នុង ៩ ប្រកួតក្នុងព្រីមៀរលីគ ម៉េនឆេស្ទ័រ ស៊ីធី ឥឡូវនេះបានឈ្នះពីរប្រកួតជាប់គ្នា ហើយមានអារម្មណ៍កាន់តែស្និទ្ធស្នាលនៅថ្ងៃសៅរ៍ នៅពេលដែល អ៊ែរលីង ហាឡង់ ស៊ុតបានពីរគ្រាប់ក្នុងជ័យជម្នះ ៤-១ លើក្រុមវេស្តហែម យូណៃធីត នៅកីឡដ្ឋាន អេតធីហាត។

ស៊ីធី ស្ថិតនៅលេខ ៦ ក្នុងតារាងដោយមាន ៣៤ ពិន្ទុ តាមក្រោយលីវឺផូល ១១ ពិន្ទុ។

“ខ្ញុំមានក្តីសប្បាយរីករាយខ្លាំងណាស់ ហើយនឹងគេងលក់ស្រួលរហូតដល់ការប្រកួតបន្ទាប់” នេះជាសម្តីរបស់លោក ហ្គាឌីយ៉ូឡា។

ញូកាស្សល យូណៃធីត បានធ្វើឱ្យវាក្លាយជាប្រាំជ័យជម្នះជាប់គ្នា នៅពេលដែលពួកគេបានត្រឡប់ពីការនាំមុខមួយគ្រាប់ដើម្បីយកឈ្នះក្រុមតុតតិនហាមដែលមានបញ្ហារបួស។

តុតតិនហាម ដែលឥឡូវនេះបានឈ្នះតែម្តងប៉ុណ្ណោះក្នុង ៨ ប្រកួតចុងក្រោយរបស់ពួកគេក្នុងលីគ បាននាំមុនបន្ទាប់ពីបួននាទីតាមរយៈ ដូមីនិក សូឡាន់កេ ប៉ុន្តែការនាំមុខនោះបានស្ថិតនៅតែពីរនាទីប៉ុណ្ណោះរហូតដល់ អេនតូនី ហ្គរដុន តាមស្មើសម្រាប់ក្រុមភ្ញៀវ។

អាឡិចសាន់ដឺ អ៊ីសាក់ បានស៊ុតគ្រាប់បាល់ឈ្នះរបស់ញូកាស្សលមុនចប់តង់ទីមួយ មានន័យថាគេបានស៊ុតបញ្ចូលទីក្នុង ៧ ប្រកួតជាប់គ្នាក្នុងព្រីមៀរលីគ ដោយស៊ុតបាន ៩ គ្រាប់ក្នុងរយៈពេលនោះ។

ញូកាស្សលមាន ៣៥ ពិន្ទុ មួយពិន្ទុតិចជាងឆែលស៊ីដែលឈរនៅលេខបួន ខណៈដែលតុតតិនហាមស្ថិតនៅលេខ ១២ បន្ទាប់ពីរយៈពេលវែងបំផុតរបស់ពួកគេដែលមិនឈ្នះនៅផ្ទះ(៦ប្រកួត) ចាប់តាំងពីឆ្នាំ ២០០៨។

ប៊នមុត បានរក្សាការជំរុញរបស់ពួកគេសម្រាប់កន្លែងអឺរ៉ុប នៅពេលដែលពួកគេយកឈ្នះអេវឺតុន ១-០ នៅផ្ទះ ខណៈដែលក្រុមឡេស្ទ័រ ស៊ីធី ដែលឈរនៅលេខ ១៩ បានចាញ់ប្រកួតលីគជាប់គ្នាលើកទី ៥ នៅពេលដែល លេអូន បេលី ស៊ុតគ្រាប់បាល់នៅចុងម៉ោងឱ្យក្រុមអាស្តុន វីឡា ឈ្នះ ២-១ នៅកីឡដ្ឋាន វីឡា ប៉ាក។

ប្រាយ៉ាន ម្បឺម៉ូ ស៊ុតបានពីរគ្រាប់នៅពេលដែលក្រុមប្រ៊ិនហ្វត បានឡើងទៅកាន់ពាក់កណ្តាលតារាងខាងលើជាមួយនឹងជ័យជម្នះ ៥-០ នៅក្រៅទឹកដីលើក្រុមបាតតារាងសាតថេមតុន ដែលការធ្លាក់ទៅលីគក្រោមហាក់ដូចជាមិនអាចជៀសផុត។ វាជាគម្លាតឈ្នះដ៏ធំបំផុតរបស់ប្រ៊ិនហ្វតចាប់តាំងពីឡើងមកលេងនៅព្រីមៀរលីគ៕

ប្រភព៖ រ៉យទ័រ