កីឡា

អាម៉ូរីម ជំរុញឲ្យមេដឹកនាំក្រុមម៉េនឆេស្ទ័រ យូណាយធីត ចេញមុខ

ប្រែសម្រួល៖ ស្រីស្រស់

គ្រូបង្វឹកក្រុមម៉េនឆេស្ទ័រ យូណាយធីត លោក រូបិន អាម៉ូរីម បានជំរុញឲ្យមេដឹកនាំក្នុងក្រុមចេញមុខជួយកីឡាករដែល “ភ័យខ្លាចពេក” ក្នុងការលេងនៅលើទីលាន ក្នុងពេលដែលក្រុមមានលទ្ធផលមិនល្អជាបន្តបន្ទាប់។

ក្រុមយូណាយធីតបានជួបការលំបាកតាំងពីលោក អាម៉ូរីម ចូលកាន់តំណែងកាលពីខែវិច្ឆិកា ហើយបច្ចុប្បន្នស្ថិតនៅលេខ១៤ក្នុងតារាងពិន្ទុ ក្រោយពេលចាញ់៥ប្រកួតក្នុងចំណោម៦ប្រកួតចុងក្រោយក្នុងលីគកំពូល។

“ពួកគេ(កីឡាករ)ពេលខ្លះមានការភ័យខ្លាចនៅលើទីលាន” លោក អាម៉ូរីម បានប្រាប់អ្នកកាសែតមុនការធ្វើដំណើរទៅជួបក្រុមនាំមុខតារាង លីវឺផូល នៅថ្ងៃអាទិត្យនេះ។

“យើងត្រូវដោះស្រាយរឿងនេះ។ យើងត្រូវការមេដឹកនាំចេញមុខជួយកីឡាករផ្សេងទៀត ហើយខ្ញុំជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងការកែលម្អការលេង។”

“អ្នកអាចឃើញថាកីឡាករកំពុងព្យាយាម។ ពេលខ្លះពួកគេព្រួយបារម្ភខ្លាំងពេក និងភ័យខ្លាចពេកក្នុងការលេងបាល់ទាត់ ព្រោះនេះជាពេលវេលាដ៏លំបាកមួយ។”

លោក អាម៉ូរីម បានបន្ថែមថា សម្ពាធនៃការគ្រប់គ្រងក្រុមយូណាយធីត ដែលត្រូវបានចាត់ទុកថាជាការងារដ៏លំបាកបំផុតមួយក្នុងក្របខណ្ឌព្រីមៀរលីគ បានប៉ះពាល់ដល់រូបលោក។

“អ្នកអាចមើលឃើញនៅលើមុខខ្ញុំ អ្នកអាចប្រៀបធៀបពេលខ្ញុំមកដល់ដំបូង និងឥឡូវ” គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយ។

“ពិតជាមានសម្ពាធខ្លាំងពេលយើង(ចាញ់)។ វាពិបាកក្នុងការដោះស្រាយបញ្ហាទាំងអស់ ការលេងមិនល្អ និងការចាញ់ជាបន្តបន្ទាប់ វាពិតជាពិបាកណាស់។”

“វាត្រូវតែពិបាក។ រឿងតែមួយគត់ដែលអាចជួយខ្ញុំបានគឺការហ្វឹកហាត់ជាមួយកីឡាករ ហើយឥឡូវខ្ញុំមានគ្រួសារនៅទីនេះដែរ ដូច្នេះវាខុសគ្នាឆ្ងាយណាស់ វាអាចជួយខ្ញុំបាន។”

ក្រោយការប្រកួតជាមួយលីវឺផូល ក្រុមយូណាយធីតនឹងធ្វើដំណើរទៅជួបក្រុមអាសេណាល់ក្នុងពានរង្វាន់ FA Cup នៅថ្ងៃទី១២ ខែមករា៕

ប្រភព៖ Reuters