ដោយ : បន្ទាយ
បន្ទាយមានជ័យ :នាព្រឹកថ្ងៃអាទិត្យថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយសាលាគណខេត្ត បានរៀបចំការប្រឡងវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា២០២៤ -២០២៥ របស់សមណៈសិស្ស ទូទាំងខេត្ត។
ការប្រឡងធ្វើនៅមណ្ឌលសំណេរវិទ្យាល័យសិរីសោភ័ណ ក្រោមអធិបតីភាពបើកវិញ្ញាសាដំបូងឯកឧត្តម អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្តគណៈមហានិកាយ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: ដំណើរការវិញ្ញាសាសរសេរ នៃការប្រឡងជាទូទៅ ដែលមន្ទីរធម្មការនិងសាសនាខេត្ត និងសាលាគណខេត្តបានរៀបចំដូចជារៀងរាល់ឆ្នាំនេះ ឆ្នាំសិក្សា ២០២៤- ២៥នេះ មានបន្ទប់សរុបចំនួន ៦៧បន្ទប់ បេក្ខសមណៈ និងបេក្ខជន/ នារី ចំនួន ១.៦៨៤អង្គ/ នាក់។ក្នុងនោះ ថ្នាក់ទោ មានចំនួន១៧ បន្ទប់ បេក្ខសមណសិស្ស ចំនួន៤០៨អង្គ/នាក់ និងថ្នាក់ឯកមានចំនួន១០បន្ទប់ បេក្ខសមណសិស្ស បេក្ខជន ២៥១អង្គ/នាក់ ។
ចំពោះវិញ្ញាសានៃការប្រឡងមានរយៈពេលពេញមួយថ្ងៃចំនួន៤មុខវិជ្ជា: ទី១ -វិញ្ញាសា ប្រជុំកងធម៌ ទី២-វិញ្ញាសាពុទ្ធប្បវត្តិ ទី៣- វិញ្ញាសាព្រះវិន័យនិងទី៤-វិញ្ញាសាសាសនសុភាសិត។
នាឱកាសនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា :ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ នីតិកាលទី៧នៃរដ្ឋសភាបានកំណត់ជាអាទិភាពគឺការពង្រឹងភាពជាពលរដ្ឋ នៅក្នុងសង្គមក្រមសីលធម៌ ដែលមានគោលដៅ ផ្តោតលេីការធ្វេីពលរដ្ឋភាវូបនីយកម្ម ឲ្យមានសមត្ថភាព សីលធម៌គុណធម៌សុចរិតភាព នៃការទទួលខុសត្រូវខ្ពស់។
ហេតុដូចនេះហើយ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សឲ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណនេះ ខាងវិស័យព្រះពុទ្ធសាសនា ក៏ពុំព្រងើយកន្តើយសម្ងំស្ងៀម ត្រូវតែខិតខំប្រឹងប្រែងអប់រំពលរដ្ឋខ្មែរគ្រប់វ័យដេីម្បីប្រែក្លាយ ប្រជាពលរដ្ឋឲ្យមានជីវិតរស់នៅ មានសីលធម៌ចរិយាធម៌
គឺឲ្យសមនឹងការលើកតម្កើងរបស់ប្រទេសកម្ពុជាដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា៤៣ បានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
គួរបញ្ជាក់ផងដែរថា ក្នុងដំណើរការប្រឡងរបស់នាថ្ងៃនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកែសួន សុភី បានជួយឧបត្ថម្ភតាមរយៈព្រះអង្គគ្រូ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះគ្រូចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល នូវចង្ហាន់ចំនួន២.០០០កញ្ចប់,ទឹកបរិសុទ្ធចំនួន ២០០យួរ, ភេសជ្ជៈកូកាកូឡាចំនួន៨៦កេស ។
ចំណែកលោក អ៊ុំ រាត្រី និងលោកជំទាវ បានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជាចំនួន៦០កេស និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភបណ្ឌិត្យខឹម ប៉ុណ្ណាវឌ្ឍន៍ ស្ថាបនិកនិងជានាយកប្រតិបត្តិសាលារៀនឯកជន BISនិងភរិយាព្រមទាំងកូនចៅបានឧបត្ថម្ភទឹកបរិសុទ្ធវីតាល់ចំនួន១០០កេស និងម្ចាស់ភោជនីយដ្ឋានផ្កាយព្រឹកនៅក្រុងសិរីសោភ័ណបានឧបត្ថម្ភទឹកសុទ្ធចំនួន៥០យួរផងដែរ ៕