ព័ត៌មានជាតិ

រដ្ឋបាលជលផលអំពាវនាវដល់ប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃទី២-១០ ខែមករា

ដោយ : បន្ទាយ

ភ្នំពេញ : រដ្ឋបាលជលផលអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលចេញថ្ងៃទី០២ខែមករាឆ្នាំ២០២៥ ។

(រូបឯកសារ)

សេចក្តីជូនដំណឹងបានបញ្ជាក់ថា : ក្នុងរដូវនេសាទឆ្នាំ២០២៤-២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹងនិងព្រែកននានាចូលទន្លេសាប ទន្លេមេគង្គនិងទន្លេបាសាក់ដែលអំណោយផលដល់ការធ្វើនេសាទត្រីបានច្រើន ជាពិសេសគន្លងដាយត្រីតាមទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញចាប់ពីថ្ងៃព្រហស្បតិ័៤កើតដល់ថ្ងៃសុក្រ១២កើតខែបុស្ស ត្រូវនឹងថ្ងៃទីដល់ថ្ងៃទី១០ខែមករា ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ  ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង ។

(រូបឯកសារ)

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រីតាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹង ៕