សន្ដិសុខសង្គម

ក្មេងទំនើង៦៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ប៉ុន្តែត្រូវអប់រំ ធ្វើកិច្ចសន្យាភាគច្រើន ,បញ្ជូន១០នាក់ទៅតុលាការ

ដោយ : បន្ទាយ

ភ្នំពេញ : រយៈពេល១សប្តាហ៍ក្នុងដំណាច់ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចុះបង្ក្រាប និងទប់ស្កាត់ក្រុមក្មេងទំនើងដូចភ្លៀងរលឹម ជាបន្តបន្ទាប់ ដោយឃាត់ខ្លួនសរុបចំនួន៦៤នាក់ ។ នៅក្នុងចំណោមនោះបានធ្វើការអប់រំតាមវិធានការការរដ្ឋបាលចំនួន៥៤នាក់ ពាក់ព័ន្ធការប្រមូលផ្តុំគ្នាកណ្តាលអធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ប៉ុន្តែបញ្ជូនទៅតុលាការចំនួន ១០នាក់ ពាក់ព័ន្ធនឹងជម្លោះដេញវាយនិងកាប់គ្នា។ នេះបើតាមមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០២៥ ។

ក្មេងទំនើងទាំង ១០នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ រួមមាន៖ ១-ឈ្មោះ ជឹម សុវណ្ណារាជ ភេទប្រុស អាយុ១៦ មុខរបរមិនពិតប្រាកដ ពាក់ព័ន្ធករណីប្រើដាវគំរាមកាប់អ្នកដទៃ, ២-ឈ្មោះ ធី សំណាង អាយុ២០ឆ្នាំ មុខរបរសិស្ស។៣-ឈ្មោះ អៀប រតនៈភូល អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។៤-ឈ្មោះ ផល្លី សុជាតិ អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។៥-ឈ្មោះ នី អាប់ឌុលអាស៊ីក អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។៦-ឈ្មោះ ណេត រតនា អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិកហាងស្ទីម ។៧-ឈ្មោះ សុវណ្ណ តារា អាយុ ១៦ឆ្នាំ មុខរបរសិស្ស ។៨-ឈ្មោះ គីម ហ៊ុយម៉ីង អាយុ ១៦ ឆ្នាំ មុខរបរសិស្ស។៩- ឈ្មោះ ជួប សំណាង អាយុ១៧ ឆ្នាំ មុខរបរ សិស្សនិង១០- ឈ្មោះ សេង សុខវិច្ឆិកា អាយុ ១៦ឆ្នាំ មុខរបរសិស្ស ។

ក្មេងទាំងអស់ខាងលើនេះជាប់ពាក់ព័ន្ធជាមួយក្រុមកាហ្វេកែងចិន (CKJ) ក្រុមចានហោះ (JH) និងក្រុមមនុស្សតូចៗ (MTT) ដោយធ្វើសកម្មភាព ដេញកាប់និងវាយគ្នា ក្នុងខណ្ឌច្បារអំពៅ ដោយឡែកបក្ខពួកសេសសល់ ដែលកំពុងរត់គេចខ្លួន និងក្មេងទំនើងដទៃផ្សេងទៀត ដែលបង្កអសន្តិសុខដល់សង្គម អាវុធហត្ថរាជធានីភ្នំពេញនឹងត្រូវចាត់វិធានការបន្តដោយគ្មានការលើកលែងឡើយ ពោលគឺបាននិងកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជាបន្តទៀត ៕