ប្រែសម្រួល៖ ស-សម្បត្តិ
ប៉េកាំង៖ អគ្គិភ័យមួយបានឆេះនៅផ្សារបន្លែក្នុងខេត្តហឺប៉េ ភាគខាងជើងប្រទេសចិន បណ្តាលឱ្យមនុស្ស៨នាក់ស្លាប់ និង១៥នាក់របួស យោងតាមស្ថានីយទូរទស្សន៍រដ្ឋ CCTV បានឱ្យដឹងនៅថ្ងៃសៅរ៍ (ថ្ងៃទី៤ ខែមករា)។
អាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនៅក្នុងក្រុងចាងជាកូវ ដែលត្រូវបានពន្លត់រួចរាល់ក្នុងរយៈពេលជាងមួយម៉ោង បន្ទាប់ពីបានផ្ទុះឡើងនៅវេលាម៉ោងប្រមាណ ៨:៤០នាទីព្រឹក។
CCTV បានឱ្យដឹងថា “អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ហើយបច្ចុប្បន្នពួកគេមិនស្ថិតក្នុងគ្រោះថ្នាក់ដល់អាយុជីវិតទេ”។
វីដេអូដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនៅលើកម្មវិធី Weibo របស់ប្រទេសចិន បានបង្ហាញពីផ្សែងខ្មៅក្រាស់ៗហុយឡើងពីលើផ្សារក្នុងស្រុកឈៀវស៊ី ព្រមទាំងអណ្តាតភ្លើងធំៗផងដែរ។
ផ្សារនេះត្រូវបានគេស្គាល់ថាជាផ្សារបន្លែលីកួង ក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១១ និងលក់ទំនិញចាប់ពីផ្លែឈើ អាហារសមុទ្រ រហូតដល់គ្រឿងអេឡិចត្រូនិក យោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យ Qichacha។
ផ្សារប្រពៃណីបែបនេះ ច្រើនតែមានអតិថិជនច្រើនកុះករដែលស្វែងរកទិញទំនិញក្នុងតម្លៃទាបជាងនៅតាមផ្សារទំនើប។
ប្រភពអគ្គិភ័យអាចបណ្តាលមកពីដបឧស្ម័ន ធ្យូងសម្រាប់អាំងសាច់ និងបារីដែលបោះចោល ខណៈហេដ្ឋារចនាសម្ព័ន្ធចាស់ទ្រុឌទ្រោម ដូចជាបណ្តាញឧស្ម័នក្រោមដី ក៏ត្រូវបានគេចោទប្រកាន់ថាជាមូលហេតុនៃអគ្គិភ័យ និងការផ្ទុះផងដែរ។
ក្រុងចាងជាកូវធ្លាប់ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២៕
ប្រភព៖ ភ្នាក់ងារ/js/zl