ព័ត៌មានជាតិ

មន្ត្រីចម្រុះចុះពិនិត្យទីតាំងស្នើសុំបន្ទាបខឿននិងក្រានីតនៅទីតាំងស្នើសុំចំនួន៥ ស្ថិតនៅភូមិសាលាកន្សែង ភូមិតាភុល សង្កាត់ស្វាយដង្គំ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប

ដោយ : បន្ទាយ

សៀមរាប :កាលពីថ្ងៃទី០៣ខែមករា ឆ្នាំ២០២៥  ក្រុមការងារខេត្តដឹកនាំដោយ លោកលី សារី អភិបាលរងខេត្ត ជំនួសមុខអោយលោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងចូលរួមពីលោក ហ៊ុ ចាយ នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន មេភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងស្នើសុំបន្ទាបខឿន និងក្រានីត ដែលមានទីតាំងស្នើសុំចំនួន៥ទីតាំង ស្ថិតនៅភូមិសាលាកន្សែង ភូមិតាភុល សង្កាត់ស្វាយដង្គំ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដូចខាងក្រោម៖

បើតាមលោកលី សារី តិតាងទាំងនោះនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមមាន ទីតាំងទី១- ភោជនីយដ្ឋាន កូរ៉េ ឆ្ងាញ់ ផ្លូវជាតិលេខ៦ ចំណុចខាងកើតក្រុមហ៊ុន ហ្វត ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ
ទីតាំងទី២-ភោជនីយដ្ឋាន THE PUB HOUSE ចំណុចខាងលិចហាងប៊ូហ្វេស្រីខួចខាងត្បូងផ្សារញ៉ែ ស្ថិតនៅភូមិតាភុល សង្កាត់សា្វយដង្គំ ។
ទីតាំងទី៣-សណ្ឋាគារ វិរតន៍ ចំណុចមុខសណ្ឋាគារ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ។

ទីតាំងទី៤-ផ្លូវអាចារ្យហែមជៀវ ចំណុចខាងត្បូងកែងបត់ទៅសាលាបឋមវត្តបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក និងទីតាំងទី៥-ផ្សារទំនើបអង្គរ(សាលារុក្ខវិថីព្រះសីហនុ) ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ។

បន្ទាប់ពីបានត្រួតពិនិត្យទីតាំងជាក់ស្តែង តាមស្នើសុំរួចមក ក្រុមការងារ ទទួលបានលទ្ធផល ដូចខាងក្រោម៖
-ទីតាំងទី១ ៖ គួរអនុញ្ញាតឱ្យបន្ទាបខឿន និងក្រានីត ច្រកផ្លូវចេញចូលប្រវែង ១០ម៉ែត្រតាមការស្នើសុំ ចេញពីខឿនច្រកចេញចូលចាស់ទីតាំងចាស់ទៅផ្នែកខាងលិច។
ទីតាំងទី២ ៖ គួរអនុញ្ញាតឱ្យបន្ទាបខឿន និងក្រានីត ច្រកផ្លូវចេញចូលចំនួន ២កន្លែង ផ្នែកខាងកើតជាប់នឹងព្រំដីច្រកចេញចូលប្រវែង ៦ម៉ែត្រ និងច្រកចេញចូលផ្នែកកណ្តាលក្បាលដីប្រវែង ៧ម៉ែត្រ។
ទីតាំងទី៣៖ គួរអនុញ្ញាតឱ្យបន្ទាបខឿន និងក្រានីត ច្រកផ្លូវចេញចូលប្រវែង ១០ម៉ែត្រ មុខច្រកចេញចូលទីតាំងដែលស្នើសុំ។
ទីតាំងទី៤-គួរអនុញ្ញាតឱ្យបន្ទាបខឿន និងក្រានីត ច្រកផ្លូវចេញចូលចំនួន ២ទីតាំង ៖ទីតាំងទី១ ប្រវែង ៤ម៉ែត្រ, និងទីតាំងទី២ ប្រវែង ៤ម៉ែត្រ សម្រាប់ម៉ូតូចេញចូល ប៉ុន្តែមិនត្រូវចតលើផ្លូវថ្មើរជើងនោះទេ និងទីតាំងទី៥-គួរកែសម្រួលសួនច្បារសាធារណៈទៅជាចំណតរថយន្ត និងយកដើមចំប៉ីមកដាំខាងក្នុងវិញ និងគួរអនុញ្ញាតឱ្យបន្ទាបខឿន និងក្រានីត ច្រកផ្លូវចេញចូលចំនួន ២ទីតាំង ៖ ផ្នែកខាងត្បូងប្រវែង ១០ម៉ែត្រ និងផ្នែកខាងជើង ប្រវែង២០ ម៉ែត្រ ស្របតាមលក្ខណៈបច្ចេកទេស ៕