អន្តរជាតិ

ប្រទេសរុស្ស៊ីប្តេជ្ញាតបតនឹងការប្រើប្រាស់មីស៊ីល ATACMS ដែលបានបាញ់ទៅលើតំបន់បែលហ្គរ៉ូដ

ប្រែសម្រួល៖ រតនា

ទីក្រុងម៉ូស្គូ៖ នៅថ្ងៃសៅរ៍ (ថ្ងៃទី៤ ខែមករា) ប្រទេសរុស្ស៊ីបានប្តេជ្ញាតបតវិញ បន្ទាប់ពីបានចោទប្រកាន់ប្រទេសអ៊ុយក្រែនថាបានបាញ់មីស៊ីល ATACMS ដែលផ្តល់ដោយសហរដ្ឋអាមេរិកទៅលើតំបន់ព្រំដែនបែលហ្គរ៉ូដកាលពីថ្ងៃមុន។

លោកប្រធានាធិបតី Joe Biden ដែលជិតចប់អាណត្តិ បានអនុញ្ញាតឱ្យទីក្រុងគីវប្រើប្រាស់អាវុធចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ីកាលពីឆ្នាំមុន ដែលក្រុមគ្រឹមឡាំងបានថ្កោលទោសថាជាការពង្រីកជម្លោះដ៏ធ្ងន់ធ្ងរក្នុងរយៈពេលជិតបីឆ្នាំនេះ។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា “នៅថ្ងៃទី៣ ខែមករា មានការប៉ុនប៉ងបាញ់មីស៊ីលពីទឹកដីអ៊ុយក្រែនទៅលើតំបន់បែលហ្គរ៉ូដ ដោយប្រើប្រាស់មីស៊ីលយុទ្ធសាស្ត្រប្រតិបត្តិការ ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក”។

ក្រសួងបានបន្ថែមថា “សកម្មភាពទាំងនេះរបស់របបគីវ ដែលត្រូវបានគាំទ្រដោយអ្នកគ្រប់គ្រងលោកខាងលិច នឹងត្រូវបានឆ្លើយតបវិញ” ដោយបានបញ្ជាក់ថាមីស៊ីលទាំងអស់ត្រូវបានបាញ់ទម្លាក់។

ក្រសួងបានថ្លែងមុននេះថា ប្រព័ន្ធការពារតាមអាកាសបានទម្លាក់មីស៊ីល ATACMS សរុបចំនួន៨គ្រាប់ ដោយមិនបានបញ្ជាក់ពីពេលវេលា ឬទីកន្លែងនោះទេ។

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានគំរាមកាលពីឆ្នាំមុនថានឹងវាយប្រហារទីក្រុងគីវដោយប្រើមីស៊ីលបាលីស្ទិកលឿនជាងសំឡេង ប្រសិនបើអ៊ុយក្រែននៅតែបន្តវាយប្រហារទឹកដីរុស្ស៊ីដោយប្រើអាវុធចម្ងាយឆ្ងាយរបស់លោកខាងលិច។

ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump បានថ្លែងក្នុងបទសម្ភាសន៍កាលពីខែមុនថា លោក “ប្រឆាំងយ៉ាងខ្លាំង” នឹងការប្រើប្រាស់អាវុធទាំងនេះដោយអ៊ុយក្រែន ដែលលោកបាននិយាយថាកំពុង “ពង្រីក” ជម្លោះ។

ទាំងទីក្រុងគីវ និងទីក្រុងម៉ូស្គូបានចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារដែលបណ្តាលឱ្យជនស៊ីវិលស្លាប់តាំងពីដើមឆ្នាំមក។

ការវាយប្រហាររបស់រុស្ស៊ីទៅលើភូមិមួយនៅក្នុងតំបន់ខារ់គីវភាគឦសាននៃប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសៅរ៍ បានសម្លាប់បុរសម្នាក់អាយុ៧៤ឆ្នាំ នេះបើយោងតាមអភិបាលតំបន់ Oleg Synegubov។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងនៅថ្ងៃសៅរ៍ថា ខ្លួនបានកាន់កាប់ភូមិ Nadiia របស់អ៊ុយក្រែន ដែលជាតំបន់មួយក្នុងចំណោមតំបន់តិចតួចនៅក្នុងតំបន់លូហ្គានស្គភាគខាងកើត ដែលនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវ។

ទីក្រុងម៉ូស្គូបានឈ្លានពានជិត៤,០០០គីឡូម៉ែត្រការ៉េនៅក្នុងប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២៤ យោងតាមការវិភាគរបស់ AFP ខណៈដែលកងទ័ពរបស់ទីក្រុងគីវប្រឈមនឹងការខ្វះខាតកម្លាំងមនុស្សរ៉ាំរ៉ៃ និងការនឿយហត់៕

ប្រភព៖ AFP/fh”