ដោយ : បន្ទាយ
កំពង់ស្ពឺ៖
ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញដឹកនាំក្រុមក្រុមកីឡាករ យោធភូមិភាគទី៥ ចូលរួមពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា នៅសាលានាយទាហានសកម្ម (ត្មាតពង) ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ។
យោងឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម បានអោយដឹងថា: គោលបំណងនៃការប្រកួតកីឡាកងយោធពលខេមរភូមិន្ទគឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ និងរម្លឹកឡើងវិញនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជា។
ឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង បានឱ្យដឹងបន្តថា ការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទនាពេលនេះ គឺជាឱកាសមួយសម្រាប់ប្រាស្រ័យទាក់ទងគ្នា គោរពគ្នា សួរសុខទុក្ខគ្នា បង្ហាញឱ្យឃើញនូវសមត្ថភាព និងកាយសម្បទា រួបរួមកម្លាំង រឹតចំណងមិត្តភាព សាមគ្គីភាព និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងចំណោមអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ និងបានបង្កើនថាមពលកាយសម្បទាឱ្យបានរឹងមាំខ្លាំងក្លា ស្មារតីរឹងប៉ឹងមោះមុតដល់យោធិន។
កម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ មានវិញ្ញាសា ចំនួន ៧ រួមមាន៖ រត់ប្រដាប់អាវុធចម្ងាយ ៧គីឡូម៉ែត្រ, រត់សែងហ្រ្វង់ការទម្ងន់ ៥០គីឡូក្រាម, រត់ឆ្លងកាត់ឧបសគ្គ, បាញ់អាវុធអាកា៤៧ និងចោលគ្រាប់បែក, អូសរុញរថយន្តយោធាទម្ងន់៧តោន ចម្ងាយ ៧០០ម៉ែត្រ, ហែលទឹកចម្ងាយ២០០ម៉ែត្រ, និងក្បាច់គុនកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពី ២០អង្គភាព។
លទ្ធផលរបស់ក្រុមកីឡាករ យោធភូមិភាគទី៥ ដែលបានចូលរួមប្រកួត មានចំនួន ៦ក្រុម ទទួលបាន ចំណាត់ថ្នាក់លេខ១ ចំនួន ២ក្រុម និងចំណាត់ថ្នាក់លេខ២ ចំនួន ៤ក្រុម ក្នុងនោះមាន៖
-ក្រុមកីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ យោធភូមិភាគទី៥ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១។
-ក្រុមអូសរុញរថយន្តយោធាទម្ងន់៧តោនចម្ងាយ ៧០០ម៉ែត្រ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១។
– ក្រុមរត់ឆ្លងកាត់ឧបសគ្គ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ២។
– ក្រុមកីឡាកររត់ប្រដាប់អាវុធ ចម្ងាយ៧គីឡូម៉ែត្រ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ២។
– ក្រុមរត់សែងហ្រ្វង់ការទម្ងន់ ៥០គីឡូក្រាមទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ២។
– បាញ់អាវុធអាកា៤៧ និងចោលគ្រាប់បែកទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ២៕