ប្រែសម្រួល៖ ស.សម្បត្តិ

សេអ៊ូល៖ អ្នកស៊ើបអង្កេតកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃសៅរ៍ (ថ្ងៃទី៤ ខែមករា) ថា ពួកគេជិតបញ្ចប់ការសរសេរចម្លងសម្លេងថតពីប្រអប់ថតសម្លេងក្នុងកាប៊ីនយន្តហោះ ដែលបានធ្លាក់កាលពីសប្តាហ៍មុន បណ្តាលឱ្យមនុស្ស១៧៩នាក់ស្លាប់។
ការថតសម្លេងនេះអាចផ្តល់ព័ត៌មានអំពីនាទីចុងក្រោយនៃជើងហោះហើរលេខ២២១៦ របស់ក្រុមហ៊ុន Jeju Air ដែលដឹកអ្នកដំណើរនិងបុគ្គលិកសរុប១៨១នាក់ ពីប្រទេសថៃទៅកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ មុនពេលចុះចតដោយពោះ ហើយបុកទង្គិចរបាំងបេតុងនៅចុងផ្លូវរត់យន្តហោះ។
អ្នកស៊ើបអង្កេតមកពីប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុនផលិតយន្តហោះ Boeing បានត្រួតពិនិត្យកន្លែងគ្រោះថ្នាក់នៅម៉ូអាន ភាគនិរតី តាំងពីគ្រោះមហន្តរាយនេះកើតឡើង ដើម្បីស្វែងរកមូលហេតុ។
ក្រសួងដីធ្លីកូរ៉េខាងត្បូងបានថ្លែងក្នុងសេចក្តីប្រកាសមួយថា “ការសរសេរចម្លងសម្លេងថតពីប្រអប់ថតសម្លេងក្នុងកាប៊ីនរំពឹងថានឹងបញ្ចប់នៅថ្ងៃនេះ ហើយប្រអប់កត់ត្រាទិន្នន័យការហោះហើរកំពុងត្រៀមដឹកជញ្ជូនទៅសហរដ្ឋអាមេរិក” សម្រាប់ការវិភាគ។
ក្រសួងបានបន្ថែមថា អ្នកស៊ើបអង្កេតក៏បានរកឃើញម៉ាស៊ីនយន្តហោះពីកន្លែងគ្រោះថ្នាក់នាសប្តាហ៍នេះដែរ។
មូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះ Boeing 737-800 នេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអ្នកស៊ើបអង្កេតបានចង្អុលបង្ហាញថា ការបុកបក្សី កង់ចុះចតមានបញ្ហា និងរបាំងផ្លូវរត់ អាចជាបញ្ហា។
ប៉ូលិសបានឱ្យដឹងថា អាជ្ញាធរបានធ្វើប្រតិបត្តិការស្រាវជ្រាវនិងរឹបអូសនៅអាកាសយានដ្ឋានម៉ូអាន ជាកន្លែងដែលយន្តហោះបានធ្លាក់ នៅការិយាល័យអាកាសចរណ៍តំបន់ក្នុងទីក្រុងនិរតី និងការិយាល័យក្រុមហ៊ុន Jeju Air នៅរាជធានីសេអ៊ូល។
ប៉ូលិសក៏បានឱ្យដឹងដែរថា គីម អ៊ី-បែ នាយកប្រតិបត្តិក្រុមហ៊ុន Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ខណៈការស៊ើបអង្កេតកំពុងបន្ត។
អ្នកបើកបរបានព្រមានអំពីការបុកបក្សីមុនពេលបោះបង់ការចុះចតលើកដំបូង ហើយបន្ទាប់មកក៏ធ្លាក់នៅការប៉ុនប៉ងចុះចតលើកទីពីរ នៅពេលដែលកង់ចុះចតមិនចេញមក។
វីដេអូដ៏រន្ធត់បានបង្ហាញពីយន្តហោះបុកទង្គិចរបាំងបេតុងនៅចុងផ្លូវរត់ មុនពេលឆេះសន្ធោសន្ធៅ។
អាជ្ញាធរបានចាប់ផ្តើមលើកសំណល់យន្តហោះ និងប្រគល់សាកសពជនរងគ្រោះដែលបានកំណត់អត្តសញ្ញាណ និងរបស់របរផ្ទាល់ខ្លួនដែលរកឃើញពីកន្លែងគ្រោះថ្នាក់ទៅឱ្យក្រុមគ្រួសារដែលកំពុងសោកសៅ។
យន្តហោះនេះភាគច្រើនដឹកភ្ញៀវទេសចរកូរ៉េខាងត្បូងត្រឡប់មកពីដំណើរកម្សាន្តចុងឆ្នាំនៅបាងកក លើកលែងតែអ្នកដំណើរថៃពីរនាក់។
រូបភាពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា អាជ្ញាធរប្រគល់វត្ថុមួយចំនួនដូចជា ទូរសព្ទស្មាតហ្វូន និងស្វាយក្រៀម និងដូងដែលមកពីប្រទេសថៃ៕
ប្រភព៖ AFP/js
