ប្រែសម្រួល៖ ស-សម្បត្តិ
ហូស្តុន៖ ភេរវករញូអ័រលែនដែលទទួលឥទ្ធិពលពី ISIS ឈ្មោះ ស៊ាមស៊ូឌីន ចាបបា បានរក្សាទុកតុធ្វើគ្រាប់បែកនៅក្នុងផ្ទះចល័តដ៏ទ្រុឌទ្រោមរបស់គាត់នៅរដ្ឋតិចសាស ដែលនៅទីនោះមានគម្ពីរគួរអានបើកចំហនៅទំព័រនិយាយអំពីការ “សម្លាប់” ក្នុងនាមអល់ឡោះ តាមរូបថតផ្តាច់មុខដែលកាសែត The Post ទទួលបាន។
ផ្ទះរបស់ចាបបានៅភាគខាងជើងក្រុងហូស្តុន ពេញទៅដោយសារធាតុគីមីនិងដបសារធាតុគីមី ខណៈដែលបញ្ជីវត្ថុដែល FBI រឹបអូសបាន — ដែលត្រូវបានអ្នកស៊ើបអង្កេតទុកចោលនៅពេលឆ្មក់ចូលផ្ទះរបស់គាត់កាលពីថ្ងៃពុធ — រួមមានបញ្ជីវែងនៃសមាសធាតុដែលប្រើក្នុងការផលិតគ្រាប់បែក។
គម្ពីរគួរអានរបស់គាត់ត្រូវបានដាក់លើធ្នើរសៀវភៅ ជាចំណុចកណ្តាលនៃបន្ទប់ទទួលភ្ញៀវ និងបើកចំហនៅទំព័រដែលមានសេចក្តីថា “ពួកគេប្រយុទ្ធដើម្បីអល់ឡោះ និងសម្លាប់ហើយត្រូវបានគេសម្លាប់ ជាការសន្យាចងកាតព្វកិច្ច…”
ខគម្ពីរនោះ គឺជាវាក្យខណ្ឌ ៩:១១១ ដែលពន្យល់អំពីការទទួលខុសត្រូវរបស់មូស្លីមក្នុងការសម្លាប់សត្រូវរបស់អល់ឡោះ និងការពេញចិត្តស្លាប់ដើម្បីបេសកកម្មនេះដើម្បីទទួលបានឋានសួគ៌។
សៀវភៅជាច្រើនស្តីពីសាសនាឥស្លាមក៏មាននៅលើធ្នើរ និងជុំវិញផ្ទះដ៏កខ្វក់នោះដែរ ខណៈដែលកម្រាលព្រំសម្រាប់ថ្វាយបង្គំត្រូវបានរមូរទុកនៅក្បែរនោះ។
មន្ត្រី FBI បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចាបបាបានបង្ហោះវីដេអូគួរឱ្យរន្ធត់ចំនួនប្រាំនៅលើហ្វេសប៊ុកអំឡុងពេលគាត់បើកបរពីហូស្តុនទៅញូអរលែន ប៉ុន្មានម៉ោងមុនគាត់បង្កគ្រោះមហន្តរាយនៅផ្លូវ Bourbon ដែលបណ្តាលឱ្យអ្នកថ្មើរជើងស្លូតត្រង់ ១៤នាក់ស្លាប់។
នៅក្នុងវីដេអូគួរឱ្យរន្ធត់ដំបូង — ដែលត្រូវបានបង្ហោះនៅម៉ោង ១:២៩ព្រឹក — អតីតយោធាកងទ័ពអាមេរិករូបនេះបាននិយាយថា ដំបូងឡើយគាត់បានគ្រោងនឹងសម្លាប់គ្រួសារនិងមិត្តភក្តិរបស់គាត់ ប៉ុន្តែបានផ្លាស់ប្តូរគំនិតដោយសារការព្រួយបារម្ភថាការរាយការណ៍ព័ត៌មាននឹងមិនផ្តោតលើ “សង្គ្រាមរវាងអ្នកជឿនិងអ្នកមិនជឿ” នេះទេ តាមការនិយាយរបស់មន្ត្រីប្រឆាំងភេរវកម្មរបស់ FBI លោក គ្រីស រៃយ៉ា។
នៅក្នុងវីដេអូផ្សេងទៀត គាត់បាននិយាយថាគាត់បានចូលរួមជាមួយ ISIS “មុនរដូវក្តៅនេះ” និងបានបង្ហាញមរតកសាសន៍ចុងក្រោយរបស់គាត់។
អ្នកស៊ើបអង្កេតបានបញ្ជាក់ថា ចាបបា អាយុ ៤២ឆ្នាំ មានមនោគមវិជ្ជាស្របជាមួយ ISIS ហើយគាត់បានជ្រើសរើសផ្លូវ Bourbon ជាគោលដៅនៃអំពើភេរវកម្មដ៏សាហាវរបស់គាត់។
ទោះយ៉ាងណា ពួកគេនៅមិនទាន់អាចបំភ្លឺថាតើអ្វីជាក់លាក់ដែលនាំឱ្យគាត់ក្លាយជាជនជ្រុលនិយមនោះទេ។
អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានរូបនេះ កំពុងស្ថិតក្នុងអាជីពត្រឹមត្រូវរហូតដល់ពេលដែលគាត់ប្រឈមនឹងគ្រាលំបាកទាំងផ្ទាល់ខ្លួននិងហិរញ្ញវត្ថុ។
គាត់បានប្រឈមនឹងការបរាជ័យក្នុងអាពាហ៍ពិពាហ៍ពីរដង និងបំណុលកាន់តែច្រើនឡើង មុនពេលគាត់សម្លាប់អ្នកថ្មើរជើងស្លូតត្រង់ ១៤នាក់ និងធ្វើឱ្យរបួសជាច្រើននាក់ទៀត ដោយរថយន្តហ្វតអេហ្វ១៥០ផ្ទុកជាតិផ្ទុះដែលមានទង់ជ័យខ្មៅរបស់ក្រុមជីហាត។
កើតនៅរដ្ឋតិចសាស ចាបបាបានចូលបម្រើកងទ័ពក្នុងឆ្នាំ២០០៦ ដោយបម្រើការនៅមូលដ្ឋានទ័ពនៅរដ្ឋអាឡាស្កានិងណត ការ៉ូឡៃណាខាងជើង មុនពេលត្រូវបានបញ្ជូនទៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០៩ ដែលគាត់បានបម្រើការអស់រយៈពេល ១១ខែ តាមរបាយការណ៍របស់កាសែត Wall Street Journal។
ទោះបីជាគេមិនជឿថាគាត់បានបម្រើការក្នុងតួនាទីប្រយុទ្ធក៏ដោយ ក៏គាត់ត្រូវបានតំឡើងឋានៈទៅជាវរសេនីយ៍ឯកនៅពេលណាមួយក្នុងឆ្នាំ២០១៣។
មុនពេលចាកចេញពីកងទ័ពជាទាហានសកម្មពីរឆ្នាំក្រោយមក ចាបបាទទួលបានវិន័យពីរដងចំពោះការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង តាមប្រភពដដែល។
បន្ទាប់ពីបម្រើការជាទាហានបម្រុងអស់រយៈពេលប្រាំឆ្នាំ គាត់ត្រូវបានបញ្ចប់ការងារដោយកិត្តិយស ហើយមិនយូរប៉ុន្មានក៏បានសិក្សាផ្នែកប្រព័ន្ធព័ត៌មានវិទ្យានៅសាកលវិទ្យាល័យរដ្ឋចោជា ខណៈពេលជាមួយគ្នានោះក៏ធ្វើការជាអ្នកវិភាគ cloud ជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាយោបល់ធំៗទាំងបួន គឺ Accenture ដែរ តាមប្រវត្តិរូបសង្ខេបលើអ៊ីនធឺណិតដែលគាត់បានបង្ហោះ។
បន្ទាប់មកពីឆ្នាំ២០១៩ដល់២០២១ គាត់បានធ្វើការនៅក្រុមហ៊ុន EY — ដែលក៏ជាក្រុមហ៊ុនធំៗទាំងបួនដែរ — ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងប្រឹក្សាយោបល់ផ្នែក cloud មុនពេលទទួលបានការងារនៅក្រុមហ៊ុនប្រឹក្សាយោបល់កំពូលមួយទៀត គឺ Deloitte ដែលគាត់ទទួលបានប្រាក់ខែ ១២៥.០០០ដុល្លារ។ក្នុងពេលជាមួយគ្នានោះ ជីវិតគ្រួសាររបស់ចាបបាកំពុងជួបវិបត្តិ។
ប្រពន្ធដំបូងរបស់គាត់ — ដែលគាត់បានបែកគ្នាក្នុងឆ្នាំ២០១២ — បានទទួលសិទ្ធិមើលថែកូនៗរបស់គូស្វាមី ខណៈដែលគាត់ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ឧបត្ថម្ភកូន ក៏ដូចជាប្រាក់ធានារ៉ាប់រងសុខភាពរបស់ពួកគេផងដែរ។
គាត់បានរៀបការម្តងទៀតក្នុងឆ្នាំ២០១៧ ប៉ុន្តែបីឆ្នាំក្រោយមក “អាពាហ៍ពិពាហ៍លើកទីពីររបស់គាត់បានជួបបញ្ហា ហើយអតីតប្រពន្ធរបស់គាត់ត្រូវបានផ្តល់ដីកាការពារដែលហាមឃាត់ចាបបាមិនឱ្យផ្ញើសារអាសអាភាស ឬគំរាមកំហែង គំរាមកំហែង “ធ្វើឱ្យរបួសរាងកាយ” ដល់នាងឬកូនរបស់គូស្វាមី តាមប្រភពដដែល។
ក្នុងអំឡុងពេលដំណើរការលែងលះ — ដែលកើតឡើងបន្ទាប់ពីការប៉ុនប៉ងផ្សះផ្សាគ្នាមិនបានសម្រេច — ចាបបាបានផ្តល់សេចក្តីថ្លែងការណ៍ទៅតុលាការអះអាងអំពីការលំបាកផ្នែកហិរញ្ញវត្ថុ ដោយមានប្រាក់ចំណូល ៧.៥០០ដុល្លារក្នុងមួយខែ និងបំណុលជិត ៩.០០០ដុល្លារ។
ប្អូនប្រុសរបស់គាត់ អាប់ឌូ ចាបបា អាយុ ២៤ឆ្នាំ បានពិពណ៌នាអំពីគាត់ថាជា “មនុស្សចិត្តល្អមែនទែន មនុស្សល្អ មិត្តភក្តិល្អ ឆ្លាតណាស់ និងចេះយកចិត្តទុកដាក់”។
“នេះគឺជាទម្រង់នៃការក្លាយជាជនជ្រុលនិយម មិនមែនជាបញ្ហាសាសនាទេ” ប្អូនប្រុសរូបនេះបានប្រាប់កាសែត New York Times។
FBI បានបង្ហាញថា ចាបបាបានធ្វើសកម្មភាពតែម្នាក់ឯងក្នុងការវាយប្រហារនេះ បន្ទាប់ពីបានពិនិត្យគណនីបណ្តាញសង្គមរបស់គាត់ ធ្វើការសម្ភាសន៍ “រាប់រយ” នាក់ជាមួយសាក្សី និងស្វែងរកទូរសព្ទចល័តបីគ្រឿង និងកុំព្យូទ័រយួរដៃពីរគ្រឿងដែលរកឃើញនៅក្នុងផ្ទះជួល Airbnb នៅផ្លូវ Mandeville ក្នុងក្រុងញូអរលែនដែលពាក់ព័ន្ធនឹងជនសង្ស័យភេរវកម្មរូបនេះ។
“ការស្វែងរកភស្តុតាងឌីជីថលគឺជាអាទិភាព” លោក រៃយ៉ា បាននិយាយ។
លោក រៃយ៉ា បាននិយាយថា ក្រុមមនុស្សដែលឃើញនៅក្នុងវីដេអូឃ្លាំមើលកំពុងពិនិត្យមើលប្រអប់ទឹកកកគឺជា “អ្នកស្នេហាជាតិ” ដែលគ្រាន់តែចង់ដឹងចង់ឃើញប៉ុណ្ណោះ។
គ្រាប់បែកផ្ទុះដោយខ្លួនឯងចំនួនពីរគ្រាប់នៅក្នុងប្រអប់ទឹកកកដែលដាក់នៅតាមផ្លូវ Bourbon ត្រូវបានរឹបអូសនៅពេលក្រោយមក។
“មិនមានអ្វីបង្ហាញតាមរយៈកំណត់ត្រាការហៅទូរសព្ទ ការសម្ភាសន៍ ឬអ្វីផ្សេងទៀតនៅក្នុងប្រព័ន្ធរបស់យើងថា គាត់ត្រូវបានគេជួយក្នុងការវាយប្រហារនេះដោយនរណាម្នាក់នោះទេ” លោក រៃយ៉ា បាននិយាយ៕”