ដោយ : បន្ទាយ
ភ្នំពេញ ៖ សូមស្វាគមន៍និងរីករាយឆ្នាំ២០២៥ ។ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ នឹងមានឈ្មោះថ្មី «អាកាសចរណ៍ជាតិកម្ពុជា Air Cambodia » ។នេះបើតាមការប្រកាសឲ្យដឹងក្នុងទំព័រផ្លូវការរបស់អាកាសចរណ៍កម្ពុជា ( Cambodia Aviation Fallow កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលថា : Cambodia Angkor Air rebrand as «Air Cambodia»។
សូមរំលឹកថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ទើបទទួលបានពានរង្វាន់ Skytrax 3-Star Airline ។
វាជាក្រុមហ៊ុនអាកាសចរណ៍កម្ពុជាដំបូង ដែលទទួលបានចំណាត់ថ្នាក់ Skytrax ផ្កាយ៣ ដោយផ្អែកទៅលើសេវាកម្មព្រលានយន្តហោះ ផលិតផលនៅលើយន្តហោះ និងគុណភាពក្រុមការងារ និងរួមមានកន្លែងអង្គុយ ការរៀបចំ អាហារ ភាពស្អាត ភាពរួសរាយរាក់ទាក់របស់ផ្នែកសេវាកម្ម និងផ្នែកផ្ទៃដីជាដើម។
សូមបញ្ជាក់ថា Skytrax ជាក្រុមហ៊ុនវាយតម្លៃគុណភាពសេវាកម្ម សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានទូទាំងពិភពលោក។
គួរកត់សម្គាល់ថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនចំនួន៤ ដែលចុះបញ្ជីរួមមាន ៖ ១-ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ។២-ស្កាយ អង្គរអ៊ែរឡាញ SKY ANGKOR AIRLINES ។៣- កម្ពុជាអ៊ែរវេរ (Cambodia Airway) និង៤- អ៊ែរ អេស៊ា កម្ពុជា (Air Asia Cambodia) ។
កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាដែលគេស្គាល់ជាទូទៅ តែបានក្ស័យធន ហើយបិទឈ្មោះចោលគឺក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទឬកម្ពុជារ៉ូយ៉ាល់ អ៊ែរ កាំបូដ (Royal Air Cambodge ) ដែលបង្កើតឡើងកាលពីឆ្នាំ១៩៥៦ ៕