អន្តរជាតិ

អាជ្ញាធរកំពុងស៊ើបអង្កេតករណីផ្ទុះឡានស៊េរី Cybertruck របស់ក្រុមហ៊ុនTesla នៅឡាសវេហ្គាស និងទំនាក់ទំនងជាមួយការវាយប្រហារនៅទីក្រុងញូវអ័រលែន(New Orleans)

ប្រែសម្រួល៖ ស-សម្បត្តិ

ឡាន Tesla Cybertruck មួយគ្រឿងបានផ្ទុះឆេះនៅខាងក្រៅសណ្ឋាគារ Trump International នៅឡាសវេហ្គាសកាលពីថ្ងៃពុធ (ថ្ងៃទី១ ខែមករា) ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស៧នាក់ទៀតរងរបួស ហើយ FBI កំពុងស៊ើបអង្កេតថាតើការផ្ទុះនេះជាអំពើភេរវកម្មឬយ៉ាងណា។

វីដេអូដែលថតដោយសាក្សីនៅក្នុង និងក្រៅសណ្ឋាគារបង្ហាញពីការផ្ទុះ និងអណ្តាតភ្លើងហៀរចេញពីរថយន្តដែលចតនៅក្រៅសណ្ឋាគារ។

ហេតុការណ៍នេះបានកើតឡើងប៉ុន្មានម៉ោងក្រោយពីបុរសម្នាក់បានបើកឡានបុកហ្វូងមនុស្សដែលកំពុងអបអរសាទរថ្ងៃឆ្នាំថ្មីនៅទីក្រុងញូវអ័រលែន ដែលបណ្តាលឱ្យមនុស្ស១៥នាក់ស្លាប់។

សណ្ឋាគារ Trump International នៅឡាសវេហ្គាសជាផ្នែកមួយនៃក្រុមហ៊ុន Trump Organization របស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដែលនឹងត្រឡប់ទៅកាន់សេតវិមានវិញនៅថ្ងៃទី២០ ខែមករា។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk គឺជាអ្នកគាំទ្រសំខាន់របស់លោក Trump ក្នុងយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៤ និងជាទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតផងដែរ។

អគ្គស្នងការនគរបាលក្រុងឡាសវេហ្គាស លោក Kevin McMahill បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថា “ច្បាស់ណាស់ថាវាជាឡាន Cybertruck និងសណ្ឋាគាររបស់លោក Trump – យើងមានសំណួរជាច្រើនដែលត្រូវឆ្លើយ។”

ភ្នាក់ងារពិសេស FBI លោក Jeremy Schwartz បានប្រាប់អ្នកសារព័ត៌មាននៅពេលក្រោយមកថា មិនទាន់ច្បាស់នៅឡើយថាតើការផ្ទុះនេះជាអំពើភេរវកម្មឬយ៉ាងណា។

“ខ្ញុំដឹងថាមនុស្សគ្រប់គ្នាចាប់អារម្មណ៍លើពាក្យនេះ ហើយព្យាយាមឃើញថាតើយើងអាចនិយាយថា ‘នេះជាការវាយប្រហារភេរវកម្ម’ ឬយ៉ាងណា។ នោះគឺជាគោលដៅរបស់យើង ហើយនោះជាអ្វីដែលយើងកំពុងព្យាយាមធ្វើ” លោក Schwartz បានថ្លែង។

លោកបានបន្ថែមថា FBI បានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តដែលត្រូវបានជួលនៅរដ្ឋកូឡូរ៉ាដូ ប៉ុន្តែមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញអត្តសញ្ញាណអ្នកបើកបរជាសាធារណៈនៅឡើយទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានមានប្រសាសន៍កាលពីថ្ងៃពុធថា អាជ្ញាធរកំពុងស៊ើបអង្កេតថាតើមានទំនាក់ទំនងណាមួយរវាងការវាយប្រហារដោយរថយន្តនៅទីក្រុងញូវអ័រលែន និងការផ្ទុះឡាន Tesla Cybertruck ដែរឬទេ។

“យើងកំពុងតាមដានការផ្ទុះឡាន Cybertruck នៅខាងក្រៅសណ្ឋាគារ Trump នៅឡាសវេហ្គាស” លោក Biden បានមានប្រសាសន៍។ “អាជ្ញាធរអនុវត្តច្បាប់ និងសហគមន៍សេវាកម្មស៊ើបការណ៍កំពុងស៊ើបអង្កេតរឿងនេះ រួមទាំងថាតើមានទំនាក់ទំនងអាចកើតមានជាមួយនឹងការវាយប្រហារនៅទីក្រុងញូវអ័រលែនដែរឬទេ។”

លោក Musk បានថ្លែងថា ការផ្ទុះមិនទាក់ទងនឹងឡាន Cybertruck ទេ។

“យើងបានបញ្ជាក់ហើយថា ការផ្ទុះនេះបង្កឡើងដោយកាំជ្រួចទំហំធំ និង/ឬគ្រាប់បែកដែលដាក់នៅក្នុងឡាន Cybertruck ដែលបានជួល ហើយមិនទាក់ទងនឹងរថយន្តនោះទេ” លោក Musk បានសរសេរនៅលើបណ្តាញ X។ “ទិន្នន័យពីរថយន្តទាំងអស់មានលក្ខណៈវិជ្ជមាននៅពេលផ្ទុះ។”

ទិន្នន័យពីចម្ងាយ (telemetry) ទាក់ទងនឹងការប្រមូលទិន្នន័យដោយស្វ័យប្រវត្តិពីប្រភពចម្ងាយ ដែលបញ្ជូនត្រឡប់ទៅប្រភពកណ្តាលដើម្បីវិភាគនៅពេលក្រោយ។

បុគ្គលម្នាក់ត្រូវបានរកឃើញស្លាប់នៅក្នុងឡាន Cybertruck ម៉ូដែលឆ្នាំ២០២៤ និងមនុស្ស៧នាក់ផ្សេងទៀតរងរបួសស្រាលដោយសារការផ្ទុះ នេះបើតាមការថ្លែងរបស់លោក McMahill។ លោកបានបន្ថែមថា ទាំងឡាន Cybertruck និងរថយន្តដែលប្រើក្នុងការវាយប្រហារនៅទីក្រុងញូវអ័រលែន ត្រូវបានជួលតាមរយៈសេវាកម្មចែករំលែករថយន្ត Turo។

លោក McMahill បានថ្លែងថា ឡាន Cybertruck បានបើកមកដល់អគារ Trump នៅម៉ោង ៨:៤០នាទីព្រឹកម៉ោងក្នុងស្រុក ។ លោកបានថ្លែងថា នគរបាលបានយកចិត្តទុកដាក់លើការវាយប្រហារនៅទីក្រុងញូវអ័រលែនដែលបានកើតឡើងមុននោះនៅថ្ងៃពុធ។ FBI បានថ្លែងថា គ្រឿងផ្ទុះដែលអាចមានសក្តានុពលត្រូវបានរកឃើញនៅក្នុងរថយន្តដែលប្រើក្នុងការវាយប្រហារនៅទីក្រុងញូវអ័រលែន។

អ្នកពន្លត់អគ្គិភ័យក្រុងឡាសវេហ្គាសបានឆ្លើយតបក្នុងរយៈពេលបួននាទីបន្ទាប់ពីមានរបាយការណ៍អំពីភ្លើងឆេះរថយន្ត និងបានពន្លត់វា។ អ្នករងរបួសពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសស្រាល។ សណ្ឋាគារ Trump ត្រូវបានជម្លៀសបន្ទាប់ពីឧប្បត្តិហេតុ ហើយភ្ញៀវភាគច្រើនត្រូវបានផ្លាស់ទៅសណ្ឋាគារផ្សេង។

លោក Eric Trump អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Trump Organization និងជាកូនប្រុសរបស់ប្រធានាធិបតីជាប់ឆ្នោត Trump បានសរសេរអំពីឧប្បត្តិហេតុនេះនៅលើបណ្តាញ X។ “កាលពីព្រឹកមិញ មានរបាយការណ៍ពីការឆេះរថយន្តអគ្គិសនីមួយគ្រឿងនៅក្នុងកន្លែងចតឡានមានដំបូល (porte cochère) នៃសណ្ឋាគារ Trump ក្រុងឡាសវេហ្គាស” លោកបានសរសេរ៕

ប្រភព៖ Reuters/lh/dy”