ដោយ : បន្ទាយ
បន្ទាយមានជ័យ: កាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះ មានគណនីឬអាខោនហ្វេសបុក(Account Facebook) ឈ្មោះ Chhay Phallin-ឆាយ ផល្លីន ដែលបានបង្ហោះវីដេអូមានខ្លឹមសារថា “ឡូយណាស់ក្មេងទំនើងមានកាំភ្លើងប្រើប្រាស់ ជួយស៊ែរតិចផង 1/1/2025 ក្រុងប៉ោយប៉ែត” ។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឱ្យដឹងថា៖ អាខោនហ្វេសបុក ឈ្មោះ Chhay Phallin -ឆាយ ផល្លីន បំណងចង់បង្ហោះព័ត៌មានរន្ធត់និងព័ត៌មានចាស់ៗ (ព័ត៌មានមិនពិត) ចង់ឱ្យផេក ឬក៏អាខោនហ្វេសបុកខ្លួនឯងល្បី ធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនប្រើប្រាស់បណ្តេញទំនាក់ទំនងសង្គម ។
កម្លាំងជំនាញបានធ្វើការឆែកមើលប្រវត្តិអាខោនហ្វេសបុក Chhay Phallin-ឆាយ ផល្លីន មកបានឱ្យឃើញថា មានព័ត៌មានជាច្រើនដែលបានយកទៅបង្ហោះឡើងវិញជាព័ត៌មានមិនពិត មានប្រតិកម្មជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនរួចទៅហើយ ។
ជំនាញបានធ្វើការសន្និដ្ឋានបឋមថា : អាខោនហ្វេសបុក Chhay Phallin -ឆាយ ផល្លីន បង្ហោះគ្រាន់តែចង់ឱ្យផេកខ្លួនឯងល្បី (កើន Viewers) ។ហើយចំពោះរូបភាពវីដេអូខាងលើមិនទាន់ដឹងប្រភព ឬទីតាំងច្បាស់លាស់នៅឡើយ ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាបជាព័ត៌មាន និងម្ចាស់អាខោនហ្វេសបុក Chhay Phallin -ឆាយ ផល្លីន ជួយសហការផ្តល់ព័ត៌មានពីរូបភាពវីដេអូខាងលើ ដើម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានចាត់ការតាមនីតិវិធី ៕