ប្រែសម្រួល៖ ស្រីស្រស់
មេធាវីរបស់អ្នកស្រី អេនជេលីណា ចូលី បានថ្លែងកាលពីថ្ងៃចន្ទ (ថ្ងៃទី៣០ ខែធ្នូ) ថា អ្នកស្រី និងលោក ប្រែដ ភីត បានឈានដល់កិច្ចព្រមព្រៀងលែងលះគ្នា ដែលបញ្ចប់នូវរឿងក្តីលែងលះដ៏វែងនិងមានជម្លោះបំផុតមួយក្នុងប្រវត្តិសាស្រ្តហូលីវូដ។
លោក ជេមស៍ ស៊ីម៉ុន មេធាវីរបស់អ្នកស្រី ចូលី បានបញ្ជាក់ជាមួយសារព័ត៌មាន Associated Press ថា គូស្វាមីភរិយានេះបានឈានដល់កិច្ចព្រមព្រៀងមួយ។ ព័ត៌មាននៃការព្រមព្រៀងនេះត្រូវបានរាយការណ៍ដំបូងដោយទស្សនាវដ្តី People។
លោក ស៊ីម៉ុន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាង៨ឆ្នាំមុន អេនជេលីណា បានដាក់ពាក្យសុំលែងលះពីលោក ភីត។ អ្នកស្រី និងកូនៗបានចាកចេញពីទ្រព្យសម្បត្តិទាំងអស់ដែលពួកគេធ្លាប់រស់នៅជាមួយលោក ភីត ហើយចាប់តាំងពីពេលនោះមក អ្នកស្រីបានផ្តោតលើការស្វែងរកសន្តិភាព និងការព្យាបាលសម្រាប់គ្រួសាររបស់ពួកគេ។ នេះគ្រាន់តែជាផ្នែកមួយនៃដំណើរការដ៏វែងឆ្ងាយដែលបានចាប់ផ្តើមជាង៨ឆ្នាំមុន។ ជាក់ស្តែង អេនជេលីណា មានការនឿយហត់ ប៉ុន្តែអ្នកស្រីមានអារម្មណ៍ធូរស្រាលដែលផ្នែកមួយនេះបានបញ្ចប់”។
មិនទាន់មានការដាក់ឯកសារតុលាការនៅឡើយទេ ហើយចៅក្រមនឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ អ៊ីមែលដែលផ្ញើទៅមេធាវីរបស់លោក ភីត នៅយប់ថ្ងៃចន្ទ ដើម្បីសុំការអត្ថាធិប្បាយមិនទាន់ទទួលបានការឆ្លើយតបភ្លាមៗនៅឡើយទេ។
អ្នកស្រី ចូលី អាយុ៤៩ឆ្នាំ និងលោក ភីត អាយុ៦១ឆ្នាំ គឺជាគូស្វាមីភរិយាល្បីៗមួយគូក្នុងចំណោមតារាហូលីវូដ អស់រយៈពេល១២ឆ្នាំ។ តារាម្ចាស់ពានរង្វាន់អូស្ការទាំងពីរមានកូនជាមួយគ្នាចំនួន៦នាក់។
អ្នកស្រី ចូលី បានដាក់ពាក្យសុំលែងលះក្នុងឆ្នាំ២០១៦ បន្ទាប់ពីការហោះហើរនៅលើយន្តហោះឯកជនមួយពីអឺរ៉ុប ដែលអ្នកស្រីបាននិយាយថា លោក ភីត បានប្រព្រឹត្តអំពើហិង្សាលើរូបអ្នកស្រី និងកូនៗ។ ចៅក្រមបានប្រកាសថាពួកគេបានលែងលះគ្នា និងនៅលីវក្នុងឆ្នាំ២០១៩ ប៉ុន្តែការបែងចែកទ្រព្យសម្បត្តិ និងការថែទាំកូនត្រូវដោះស្រាយដោយឡែក។
ចៅក្រមឯកជនដែលអ្នកទាំងពីរបានជួលឱ្យដោះស្រាយរឿងក្តីនេះ បានសម្រេចភ្លាមៗបន្ទាប់ពីនោះ ដោយរួមបញ្ចូលទាំងការថែទាំកូនស្មើគ្នា ប៉ុន្តែអ្នកស្រី ចូលី បានដាក់ពាក្យសុំដកចៅក្រមចេញពីរឿងក្តីនេះ ដោយសារទំនាស់ផលប្រយោជន៍ដែលមិនត្រូវបានរាយការណ៍។ តុលាការឧទ្ធរណ៍បានយល់ព្រម ចៅក្រមត្រូវបានដកចេញ ហើយគូស្វាមីភរិយានេះត្រូវចាប់ផ្តើមសារជាថ្មី។
មិនមានព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងត្រូវបានបង្ហាញភ្លាមៗនោះទេ ហើយការប្រើប្រាស់ចៅក្រមឯកជនរបស់គូស្វាមីភរិយានេះ – ដែលជាចលនាកាន់តែពេញនិយមក្នុងចំណោមតារាល្បីៗដែលលែងលះគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ – បានធ្វើឱ្យនីតិវិធីភាគច្រើនត្រូវបានរក្សាការសម្ងាត់។
ទោះជាយ៉ាងណា ព័ត៌មានលម្អិតមួយចំនួនត្រូវបានបង្ហាញតាមរយៈបណ្តឹងដាច់ដោយឡែកមួយដែលដាក់ដោយលោក ភីត ដែលលោកបានចោទប្រកាន់ថា អ្នកស្រី ចូលី បានបដិសេធកិច្ចព្រមព្រៀងដែលអ្នកស្រីនឹងលក់ចំណែកពាក់កណ្តាលនៃរោងចម្រាញ់ស្រាទំពាំងបាយជូរនៅប្រទេសបារាំងដែលពួកគេជាម្ចាស់រួមគ្នាទៅឱ្យលោក។ មិនច្បាស់ថាតើកិច្ចព្រមព្រៀងលែងលះនឹងប៉ះពាល់ដល់បណ្តឹងនោះយ៉ាងណានោះទេ៕
ប្រភព៖ AP/mm