ព័ត៌មានជាតិ

ផ្តល់ផ្លូវកៅស៊ូមួយខ្សែជាសមិទ្ធផលថ្មីបន្ថែមសម្រាប់តំបន់អភិវឌ្ឍន៍គ្រួសារអតីតយុទ្ធជនភូមិស្រះទឹកតេជោសែនជ័យ

ដោយ៖ ឧត្តរ

ឧត្តរមានជ័យ៖ ផ្លូវកៅស៊ូថ្មីសន្លាងមួយខ្សែមានប្រវែងជាង២៧គីឡូម៉ែត្រ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ។ ផ្លូវនេះគឺជាសមិទ្ធផលនៃការអភិវឌ្ឍន៍ថ្មី បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត សម្រាប់បម្រើដល់ជីវភាពរស់នៅក្នុងតំបន់គ្រួសារអតីតយុទ្ធជន និងយោធិនពិការ ដែលស្ថិតនៅក្នុងភូមិស្រះទឹកតេជោសែនជ័យ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ផ្លូវកៅស៊ូមួយខ្សែ ដែលបានស្ថាបនារួចរាល់នេះ គឺចេញពីផ្លូវជាតិលេខ ៦៨ នៃទីប្រជុំជនស្រុកចុងកាល់ ស្ពោះទៅកាន់តំបន់គ្រួសារអតីតយុទ្ធជន និងយោធិនពិការ ភូមិស្រះទឹកតេជោសែនជ័យ ជាប្រភេទផ្លូវ DBST ។ ផ្លូវនេះមានប្រវែងជាង២៧.៧ គីឡូម៉ែត្រ គឺជាផ្លូវស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រើប្រាស់ថវិកាក្រសួងសេដ្ឋកិច្ច ដោយបានស្ថាបនារយ:ពេលពីរឆ្នាំ ពោលគឺចាប់ផ្តើមពីដើមឆ្នាំ២០២២ហើយបានបញ្ចប់នៅចុងឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន អនុប្រធានគណ:កម្មាធិការទ្រទ្រង់និងអភិវឌ្ឍន៍សមាគមអតីតយុទ្ធជនកម្ពុជា(សអក) និងយោធិនពិការ ភូមិស្រះទឹកតេជោសែនជ័យបានមានប្រសាសន៍ថា តំបន់ភូមិគ្រួសារអតីតយុទ្ធជន និងយោធិនពិការនេះ រាជរដ្ឋាភិបាល បានផ្ដល់ដីសម្បទានសង្គមកិច្ច ដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត គ្រប់គ្រងនិងធ្វើការអភិវឌ្ឍន៍សំណង់លំនៅឋានជាច្រើន និងបានប្រគល់ជូនរាប់រយខ្នងផ្ទះ រួមទាំងផ្តល់ដីធ្លីដល់គ្រួសារអតីយុទ្ធជន និងយោធិនពិការ ដើម្បីរស់នៅនិងសម្រាប់ធ្វើការបង្កបង្កើនផលផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្តថា សមិទ្ធផលនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់គ្រួសារអតីតយុទ្ធជនស្រះទឹកតេជោសែនជ័យទាំងអស់នេះ គឺ ទទួលបាននូវការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកាពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងពីសប្បុរសជន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ផងដែរ។

ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន បន្ថែមថា ការបង្កើតភូមិអភិវឌ្ឍន៍អតីតយុទ្ធជននេះឡើង គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនថែមមួយកម្រិតទៀត ដោយការផ្តល់លំនៅដ្ឋានរស់នៅបានសមរម្យ ហើយក៏ជាការតបស្នងដល់អតីតយុទ្ធជន និងយោធិនពិការ ដែលបានលះបង់អាយុជីវិត និងបានបូជាសាច់ស្រស់ឈាមស្រស់ ការពារជាតិ និងទឹកដី រក្សាបាននូវសន្តិភាពមកដល់សព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ឯកបញ្ជាក់ថា តំបន់គ្រួសារអតីតយុទ្ធជន រាជរដ្ឋាភិបាល បានផ្ដល់ដីសម្បទានសង្គមកិច្ចចំនួន ២.៦១១ហិកតា។នៅក្នុងអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ គណៈគ្រប់គ្រងសមាគម បានធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការសំខាន់ៗ រួចរាល់និងកំពុងប្រើប្រាស់រាល់ថ្ងៃ ដូចជា សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ផ្សារ និងប្រព័ន្ធភ្លើង ប្រព័ន្ធទឹក។ល។ ហើយតំបន់គ្រួសារអតីតយុទ្ធជន និងយោធិនពិការនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ សម្ពោធសមិទ្ធផល និងប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន២លើក ដែលជាអំណោយដ៍ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕