ដោយ : បន្ទាយ

កំពង់ធំ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឲ្យដឹងកាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤ ថា : មន្ត្រីនគបាលឈ្មោះ ជា ធឿង ជាអនុសេនីយ៍មានតួនាទីជារងប៉ុស្តិ៍ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបាននាំខ្លួនមកសាកសួរនិងបន្តនីតិវិធីស្រាវជ្រាវ ព្រមទាំងផ្អាកការងារបណ្ដោះអាសន្នហើយ ពោលគឺបន្ទាប់ពីត្រូវបានចោទប្រកាន់ពីធ្វើសកម្មភាពទំនើងនិងប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ។
សូមរំលឹកថា ឧបទ្ទវហេតុប្រើអំពើហិង្សាបានកើតឡើងនៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ ដែលត្រូវពលរដ្ឋចោទប្រកាន់ថាមកពីមន្ត្រីនគបាលស្រុកបារាយណ៍ឬលោករងប៉ុស្តិ៍ឃុំចុងដូងស្រុកបារាយណ៍ខេត្តកំពង់ធំប្រព្រឹត្តលើប្រជាពលរដ្ឋ ។
ករណីនេះ ត្រូវបានសាធារណជន ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍ ហើយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចក្រែងការប្រព្រឹត្តិរបស់មន្ត្រីនគបាលរូបនេះមិនត្រូវបាននាំមកទទួលខុសត្រូវចំពោះមុខច្បាប់និងសីលធម៌សង្គម ។
មតិសាធារណជននានាបានចាត់ទុក ឧបទ្ទវហេតុប្រើអំពើហិង្សានេះថាជាអំពើឃោរឃៅ អសីលធម៌លើពលរដ្ឋ ដែលផ្ទុយពីការប្តេជ្ញានិងបានសន្យាថា នឹងបម្រើនិងការពារប្រជាពលរដ្ឋសហគមន៍៕
